(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋសភា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលក្រមព្រហ្មទណ្ឌរបស់ សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដែលបានសម្រេចផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ កឹម សុខា ពីបទ សន្និដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគា្នជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពី អំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ តាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។

ក្នុងញ្ញត្តិគាំទ្រដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន រដ្ឋសភា បានចាត់ទុកថា ការសម្រេចរបស់តុលាការនេះ បានបង្ហាញយ៉ាងច្បាស់នូវដំណើរការនៃនីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។

ក្នុងន័យនេះ តុលាការបានផ្ដល់នូវភាពត្រឹមត្រូវ និងភាពយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការផ្តន្ទាទោសចំពោះករណីខាងលើនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា។

ជាថ្មីម្តងទៀត ដើម្បីភាពរុងរឿងរបស់ប្រទេសជាតិ យើងខ្ញុំសូមប្តេជ្ញាប្រឆាំងដាច់ខាត នូវរាល់ការប៉ុនប៉ង និងការគំរាមកំហែងទាំងឡាយណាដែលបង្កឲ្យមានចលាចលក្នុងសង្គម ឬប៉ះពាល់ដល់សុខសន្តិភាព ស្ថិរភាព អធិបតេយ្យ និងឯករាជ្យរបស់កម្ពុជា ទោះក្នុងកាលៈទេសៈណាក៏ដោយ៕