(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញរបស់កម្ពុជានិងបារាំងបានចូលរួមចែករំលែកបទពិសោធន៍ការងារពីគ្នាទៅវិញទៅមក ក្នុងសន្និសីទអន្តរជាតិរដ្ឋបាលឆ្នាំ២០២៣ ស្តីពីបរិវត្តកម្មរដ្ឋបាលសាធារណៈ ក្នុងបរិការណ៍នៃការផ្លាស់ប្តូរសង្គម-សេដ្ឋកិច្ច ព្រមទាំងរួមគ្នារកដំណោះស្រាយឆ្លើយតបទៅនឹងវិបត្តិសកល ដូចជា វិបត្តិសុខភាព សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងតម្រូវការរបស់ប្រជាពលរដ្ឋដែលចេះតែកើនឡើងជាដើម។

សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២៣ ក្រោមកិច្ចសហការរវាងសាលាភូមិន្ទរដ្ឋបាល វិទ្យាស្ថានជាតិសេវាសាធារណៈ វិទ្យាស្ថានរដ្ឋបាលតំបន់ក្រុងលីយ៉ុង និងវិទ្យាស្ថានសិក្សានយោបាយក្រុងលីយ៉ុង និងសម្របសម្រួលដោយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសារបារាំងប្រចាំអាស៊ីប៉ាហ្វិក និងស្ថានទូតបារាំងប្រចាំកម្ពុជា។ សិក្ខាសាលានេះមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Microsoft Teams ពីលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល លោក Fabrice Etienne ទីប្រឹក្សាទី១នៃស្ថានទូតបារាំងប្រចាំកម្ពុជា វាគ្មិនកិត្តិយស អ្នកសម្របសម្រួលវេទិកា និងសិក្ខាកាមកម្ពុជានិងបារាំងដែលមានតួនាទីជាមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល ជាពិសេសមកពីក្រសួងមុខងារសាធារណៈកម្ពុជា និងក្រសួងកំណែទម្រង់និងមុខងារសាធារណៈបារាំង ព្រមទាំងសាស្ត្រាចារ្យ គ្រូបង្គោល មន្ត្រីរាជការ និងសិស្សមន្ត្រីប្រមាណជាង៣០០នាក់ នាសណ្ឋាគារ Sun & Moon Riverside Hotel។

ក្នុងពិធីបើកសន្និសីទនាថ្ងៃទី២ ខែមីនា លោក យក់ ប៊ុនណា បានលើកឡើងពីគោលបំណងសំខាន់ក្នុងការរៀបចំសន្និសីទរដ្ឋបាលអន្តរជាតិនេះ គឺដើម្បីផ្តល់ឱកាសក្នុងការចែករំលែកអំពីការខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័នកម្ពុជា និងក្រសួង-ស្ថាប័នបារាំងក្នុងការងារកែទម្រង់រដ្ឋ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពទៅនឹងការផ្លាស់ប្តូរសង្គមសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដែលបណ្តាលមកពីផលប៉ះពាល់ពីការគំរាមកំហែងមួយចំនួន ដូចជា វិបត្តិសុខភាពពីជំងឺកូវីដ១៩ បញ្ហាសង្គ្រាមរុស្សី-អ៊ុយក្រែន និងតម្រូវការដែលចេះតែកើនឡើងទៅៗរបស់ប្រជាពលរដ្ឋ។ល។

សន្និសីទអន្តរជាតិរយៈពេល២ថ្ងៃនេះ នៅថ្ងៃទី១សន្និសីទនឹងពិភាក្សាជារួមទៅលើផែនការយុទ្ធសាស្ត្រ រួមមានចក្ខុវិស័យ យុទ្ធសាស្ត្រ និងផែនការសកម្មភាពគោលសំខាន់ៗក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមសម័យការឌីជីថល និងក្រោយពេលដែលវិបត្តិកូវីដ១៩បានធូរស្បើយ ព្រមទាំងផ្តោតលើបញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ការងារកែទម្រង់ ក៏ដូចជាការអនុវត្តគោលនយោបាយ និងទិសដៅអនាគតនៃកិច្ចការរបស់រដ្ឋាភិបាលទាំងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង។ ចំណែកនៅថ្ងៃទី២ សន្និសីទនឹងបែងចែកជាវេទិកាចង្អៀតជាបន្តបន្ទាប់ទៅតាមប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងកំណែទម្រង់ទាំងបី គឺកំណែទម្រង់ ដោយផ្តោតទី១.លើមុខងារសាធារណៈដែលជាសូចនាករគន្លឹះនៃបរិវត្តកម្មរដ្ឋបាលសាធារណៈ, ទី២.លើកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយផ្តោតលើការត្រួតពិនិត្យថវិកាជាតិ និងប្រសិទ្ធផលនៃគោលនយោបាយសាធារណៈ និងទី៣.កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសេវាសាធារណៈ។

ដោយឡែក នៅរសៀលថ្ងៃទី៣ ខែមីនា លោក យក់ ប៊ុនណា បានចូលរួមជាអធិបតីភាពក្នុងពិធីបិទសន្និសីទខាងលើនេះ។ នាឱកាសនោះ លោក យក់ ប៊ុនណា បានឱ្យដឹងថា បច្ចុប្បន្ន បច្ចេកវិទ្យាបានជួយកែលម្អសេវាសាធារណៈនៅតាមក្រសួង-ស្ថាប័នសាធារណៈ ធ្វើឱ្យសេវាមានភាពរហ័ស និងមានប្រសិទ្ធភាពជាងមុន កៀកនឹងប្រជាពលរដ្ឋ ហើយការគ្រប់គ្រងរដ្ឋបាលសាធារណៈប្រទេសបារាំង ជាបទពិសោធន៍មួយដែលប្រទេសកម្ពុជាអាចពិចារណាយកគំរូតាមនាពេលអនាគត។

លោករដ្ឋលេខាធិការប្រចាំការបានលើកឡើងទៀតថា អង្គសន្និសីទនេះគឺជាវេទិកាមួយដ៏សំខាន់សម្រាប់មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំនិងមន្ត្រីថ្នាក់គ្រប់គ្រង ដែលមានតួនាទីជាអ្នករៀបចំគោលនយោបាយ អ្នកវិភាគគោលនយោបាយ និងអ្នកសិក្សាស្រាវជ្រាវ ទាំងប្រទេសកម្ពុជា និងប្រទេសបារាំងចូលរួមចែករំលែកបទពិសោធន៍ ការវិភាគ ក៏ដូចជាបញ្ហាប្រឈម និងឱកាស ព្រមទាំងអាចរៀនសូត្រពីគ្នាទៅវិញទៅមកដើម្បីគោលបំណងរួម គឺការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបារាំងនិងកម្ពុជាលើទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាលទាំងពីរប្រទេស ព្រមទាំងស្វែងរកយុទ្ធសាស្ត្រដើម្បីបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត៕