(កំពត)៖ ដើម្បីបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ រួមចំណែកក្នុងការលើកកម្ពស់សន្តិសុខ សុវត្ថិភាព និងសុខុមាលភាព សង្គម ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពត នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ បានសហការផ្សព្វផ្សាយ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស នៅស្រុកជុំគិរី ដោយមានអ្នកចូលរួមចំនួន៣៥០នាក់។

លោក សេន សាប៊ីល អភិបាលរងខេត្ត បានថ្លែងប្រាប់អ្នកចូលរួមទាំងអស់ពីបញ្ហាសុខភាព ជំងឺកូវីដ១៩ គ្រោះថ្នាក់ចរាចរណ៍ អេដស៌ និងគ្រឿងញៀន ដែលបង្កើនការចូលរួមផ្សព្វផ្សាយអប់រំបន្ត។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ពេលអ្នកប្រើគ្រឿងញៀន អ្នកនឹងញៀន ពេលអ្នកញៀននឹងក្លាយជាទាសករគ្រឿងញៀន ហ៊ានធ្វើអ្វីៗគ្រប់យ៉ាង(រាប់ទាំងបទឧក្រិដ្ឋ) ដើម្បីបានគ្រឿងញៀនមកប្រើប្រាស់ បាត់បង់នូវក្តីស្រឡាញ់ បាត់បង់សតិបញ្ញាស្មារតី ក្លាយខ្លួនជាមនុស្សឯកោ វិកលចរិក។

លោក សុត គីមសាន ក៏បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀនជាបញ្ហាដ៏ស្មុកស្មាញ ជាកំពូលឧក្រិដ្ឋកម្មអន្តរជាតិ ដែលបាននិងកំពុងរាតត្បាតនៅ ពាសពេញពិភពលោក ហើយបាននិងកំពុងទន្ទ្រានចូលមកប្រទេសកម្ពុជាបានបង្កនូវគ្រោះមហន្តរាយធ្ងន់ធ្ងរជាច្រើនចំពោះប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី ដែលជាទុក្ខកង្វល់របស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដែលតម្រូវឲ្យយើងទាំងអស់គ្នា ត្រូវតែរកវិធានការទប់ស្កាត់ និងដោះស្រាយឲ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោក សុត គីមសាន បានបន្ថែមថា ដរាបណាការចរាចរណ៍គ្រឿងញៀនខុសច្បាប់ នៅតែកើតឡើងនោះ ផលវិបាកធ្ងន់ធ្ងរក៏នៅតែមានជានិច្ចចំពោះប្រទេសជាតិយើង ព្រោះថាវាបានបង្កឲ្យមាន ឧក្រិដ្ឋកម្មផ្សេងៗទៀតជាច្រើន។ គ្រឿងញៀន គឺជាអន្ទាក់ប្រកបដោយគ្រោះថ្នាក់ សម្រាប់មនុស្សគ្រប់រូប ប្រសិនបើនរណាម្នាក់ធ្លាក់ចូលក្នុងអន្ទាក់នៃគ្រឿងញៀនហើយ អ្នកនោះរមែងតែងតែផ្តល់ផលវិបាកចំពោះអ្នកប្រព្រឹត្តផ្ទាល់ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ។

លោកបានសំណូមពរដល់ឪពុក ម្ដាយ ឬអាណាព្យាបាល ត្រូវចេះតាមដាន សកម្មភាពកូន ទាំងអត្តចរិក ទាំងការសិក្សា ហើយប្រសិនបើមានការសង្ស័យ ឬដឹងថា កូនរបស់ខ្លួន ប្រើប្រាស់គ្រឿងញៀន គួរតែសហការ និងរាយការណ៍ជូនអាជ្ញាធរ ដើម្បីមានវិធានការទប់ស្កាត់។ ជាងនេះទៅទៀត សិស្សានុសិស្ស ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ពេលសេពគប់មិត្តភក្ដិ ត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសត្រូវខិតខំរៀនសូត ដើម្បីក្លាយខ្លួនទៅជាមិត្តល្អ សិស្សល្អ កូនល្អ និងដើម្បីធ្វើជាទំពាំងដ៏ល្អក្នុងការស្នងឫស្សីនាពេលអនាគត៕