(ភ្នំពេញ)៖ លោក សឿន ដារ៉ា នាយកប្រតិបត្ដិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា (CAIF) នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ពេលនេះកម្ពុជាមានគម្រោងរោងចក្រដំឡើងរថយន្ដថ្មីសរុបចំនួន ៩ក្រុមហ៊ុន ក្នុងនោះ៣ក្រុមហ៊ុន កំពុងដំណើរការអាជីវកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង ៦ក្រុមហ៊ុនផ្សេងទៀតកំពុងដំណើរការសាងសង់រោងចក្រ។

លោកបានឲ្យដឹងថា នាពេលឆាប់ៗនេះ ក្រុមហ៊ុន K Cambodia (Isuzu) ដែលបានរៀបចំរួចរាល់នូវរោងចក្រតំឡើងរថយន្ដថ្មី មានទីតាំងនៅខេត្តកំពង់ស្ពឺ ក៏នឹងត្រៀមបើកដំណើរការ អាចនៅដើមខែមេសា ឆ្នាំ២០២៣នេះផងដែរ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក សឿន ដារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «បើមើលតាមគម្រោងមានចំនួន៩គម្រោង ហើយសម្រាប់ក្រុមហ៊ុនដែលបានតំឡើងរោងចក្ររថយន្ដថ្មីបានរួចរាល់ មានចំនួន៣ក្រុមហ៊ុន រួមមាន៖ ក្រុមហ៊ុន Hyundai Camko Motor, ក្រុមហ៊ុន Daehan Auto និងក្រុមហ៊ុន RMA Cambodia (Ford)។ ក្រុមហ៊ុនទាំង៣នេះ គឺនាំចូលគ្រឿងបង្គំ ដើម្បីតំឡើងជារថយន្ដថ្មី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដោយមិនមានការចេញនោះទេ»។

លោកបន្ដទៀតថា សម្រាប់ក្រុមហ៊ុនចំនួន ៥ផ្សេងទៀតដែលកំពុងរៀបចំ និងត្រៀមបើកដំណើរការ រួមមាន៖ ក្រុមហ៊ុន HGB Motors Assembly, ក្រុមហ៊ុន EM Automotive, ក្រុមហ៊ុន GTV Motor, ក្រុមហ៊ុន Toyata Tsusho Manufacturing, ក្រុមហ៊ុន China Matrix Technology Group-Horche។

លោកបានលើកឡើងថា កត្ដាដែលធ្វើឲ្យមានការកើនឡើង នូវរោងចក្រដំឡើងរថយន្ដថ្មីនៅកម្ពុជា ដោយសារតែកំណើនសេដ្ឋកិច្ចកម្ពុជា មានភាពល្អប្រសើរ និងកំណើននៃការប្រើប្រាស់រថយន្ដថ្មី ក៏មានការកើនឡើង និងមានការលើកទឹកចិត្ដ ដល់អ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា ពីរាជរដ្ឋាភិបាល។

លោកថា ស្ថានភាពសេដ្ឋកិច្ច និងស្ថេរភាពនយោបាយកម្ពុជា មានភាពល្អប្រសើរនេះហើយ ធ្វើឲ្យកម្ពុជាក្លាយជាប្រទេស ដ៏មានសក្ដានុពលមួយ នៅក្នុងតំបន់អាស៊ាន ហើយកម្ពុជាមានឱកាសច្រើន សម្រាប់អ្នកវិនិយោគ ក្នុងការវិនិយោគលើវិស័យយានយន្ដ។

ជាក់ស្ដែងមួយទសវត្សមុន ទំហំនៃការប្រើប្រាស់រថយន្ដថ្មី មានប្រមាណតែ ១០ភាគរយតែប៉ុណ្ណោះ ប៉ុន្ដែសម្រាប់ក្នុងឆ្នាំ២០២២នេះ មានការកើនឡើងប្រមាណ ៤០ភាគរយ ហើយរថយន្ដជជុះពី ៩០ភាគរយ ធ្លាក់មកប្រមាណ ៦០ភាគរយ។

លោកក៏បានឲ្យដឹងដែរថា ការដំឡើងរោងចក្ររថយន្ដថ្មីនៅកម្ពុជា ជួយបង្កើនចំណូលជូនប្រជាពលរដ្ឋ ដោយបានបង្កើតការងារ និងជំនួសឲ្យការនាំចូលរថយន្ដថ្មី ទាំងស្រុងពីក្រៅប្រទេស និងចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ ជាមួយនឹងចំណូលពន្ធផ្សេងៗ។ លើសពីនោះទៀត ក៏បានបង្កើនសមត្ថភាពរបស់ប្រជាពលរដ្ឋនៅក្នុងស្រុក ឲ្យកាន់តែមានជំនាញ។

លោកបន្ដទៀតថា វាក៏ជួយឲ្យតម្លៃនៃរថយន្ដថ្មី មានភាពល្អប្រសើរ និងធ្វើអ្នកប្រើប្រាស់ មានលទ្ធភាពទិញរថយន្ដថ្មី ព្រោះថា បើប្រៀបធៀបជាមួយនឹងការនាំចូលទាំងស្រុង គឺរថយន្ដដែលដំឡើងនៅក្នុងស្រុក តម្លៃមានការល្អប្រសើរជាងរថយន្ដនាំចូលទាំងស្រុង ដោយសារទទួលបានការអនុគ្រោះពន្ធច្រើន ពីរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងឆ្នាំ២០២២ ចំណូលយានយន្ដ និងគ្រឿងចក្រ មានចំនួន ៥,០៧៨.៧ប៊ីលានរៀល៕