(ភ្នំពេញ)៖ សមាភាពពាក់ព័ន្ធនៃត្រីភាគីបាននិងកំពុងរៀបចំផែនការមេលើកទី៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ ហៅកាត់ OSH ដើម្បីជួយកម្មករ និងនិយោជកឱ្យស្វែងយល់និងសម្របខ្លួនទៅនឹងហានិភ័យដែលកំពុងកើតមាន ព្រមទាំងកែលម្អសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត។

ដើម្បីដំណើរការរៀបចំផែនការមេថ្មីនៃឱ្យបានរលូន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាត្រីភាគីដើម្បីពិនិត្យសម្រេចលើផែនការមេលើកទី៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ ហៅកាត់ OSH នៅសណ្ឋាគារភ្នំពេញ។

លោក ចាប ឫទ្ធី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីពិនិត្យផ្ទៀងផ្ទាត់លើសកម្មភាពលម្អិត ស្ថាប័នដឹកនាំ និងសហការ ការប៉ាន់ប្រមាណថវិកាចំណាយ និងសូចនាករធាតុចេញ ដែលជាសេចក្តីព្រាងលទ្ធផលនៃសិក្ខាសាលាកន្លងមក ដើម្បីធ្វើសុពលភាព និងបញ្ចប់ផែនការមេលើកទី៣ស្តីពី OSH នេះ។

លោក ចាប ឫទ្ធី បានលើកឡើងថា សុវត្ថិភាព និងសុខភាពការងារ គឺជាបញ្ហាដ៏សំខាន់នៅគ្រប់កន្លែងការងារ ដែលរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការ យកចិត្តទុកដាក់យ៉ាងខ្លាំង និងត្រូវបានដាក់បញ្ចូលជាបទដ្ឋានការងារស្នូលរបស់អង្គការអន្តរជាតិខាងការងារ។

លោករដ្ឋលេខាធិការបញ្ជាក់បន្ថែមថា ដោយសារតែបញ្ហាទាំងនេះ គឺធ្វើឲ្យមានតម្រូវការចាំបាច់កាន់តែខ្លាំងឡើងៗក្នុងការបញ្ជ្រាបចំណេះដឹង និងវិធានការអំពី OSH ទៅក្នុងការអប់រំទូទៅសម្រាប់មនុស្សគ្រប់គ្នា មុនពេលពួកគេចូលទៅក្នុងពិភពការងារ និងបន្តការងារពេញមួយជីវិតរបស់ពួកគេ។ ការបញ្ចូលចំណេះដឹងស្តីពី OSH ទៅក្នុងការអប់រំទូទៅ និងទៅក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ គឺអាចជួយកសាងអនាគតកម្មករជំនាន់ក្រោយប្រកបដោយសុវត្ថិភាព និងសុខភាពល្អជាងមុន។ ការលើកកម្ពស់ការសិក្សាពេញមួយជីវិតអំពី OSH អាចជួយកម្មករ និងនិយោជកឱ្យស្វែងយល់ និងសម្របខ្លួនទៅនឹងហានិភ័យដែលកំពុងកើតមាន ក៏ដូចជាហានិភ័យទាក់ទងនឹងការងារជាប់លាប់ ដូច្នេះការកែលម្អសុវត្ថិភាព និងសុខភាពពេញមួយជីវិតការងារ គឺជាការងារចាំបាច់។

បើយោងតាមរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញឱ្យឃើញថា ជារៀងរាល់ឆ្នាំ មានកម្មករនិយោជិតចំនួនប្រមាណជាង៣លាននាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ និងកម្មករនិយោជិតចំនួន៣៧៤លាននាក់បន្ថែមទៀត ទទួលរងពីគ្រោះថ្នាក់ការងារ ប៉ុន្តែមិនបាត់បង់ជីវិត។ ក្រៅពីការចំណាយខាងសេដ្ឋកិច្ច គឺមានការចំណាយដែលមិនអាចគណនាជាតួលេខ ដែលគេមិនបានទទួលស្គាល់ក្នុងការវាយតម្លៃទាំងនេះ ដែលបញ្ហាទាំងនេះ គឺបណ្តាលមកពីលក្ខខណ្ឌសុវត្ថិភាពការងារ និងសុខភាព។

លោក ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងដែរថា សិក្ខាសាលាលនេះមានសិក្ខាកាមចូលរួមសរុបចំនួន៥០នាក់ ដែលអញ្ជើញមកពីស្ថាប័នរដ្ឋ និយោជក និយោជិត (ទាំងសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ) និងអង្គការនានា។

លោក Haruhiro Jono តំណាងអង្គការអន្តរជាតិការងារ បានសារទរចំពោះដំណើរការនៃការរៀបចំផែនការមេលើកទី៣នេះប្រកបដោយអន្តរកម្ម ដោយមានកិច្ចសន្ទនាសង្គមច្បាស់លាស់ពីគ្រប់ដៃគូពាក់ព័ន្ធ និងមានការចូលរួមផ្តល់ធាតុចូល។ អង្គការអន្តរជាតិខាងការងារក៏នៅបន្តគាំទ្រ និងដំណើរការការអនុវត្តផែនការមេលើកទី៣តទៅមុខទៀត៕