(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីសំណេះសំណាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១២ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានវត្តមានចូលរួម ពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការពន្ធដារ និងមន្ត្រីពន្ធដារនារី ដែលចូលនិវត្តន៍ថែមទៀតផង ដែលមានសមាសភាព ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ (Zoom Meeting)ប្រមាណ ៥០០នាក់។

ក្នុងឱកាសនោះ លោក គង់ វិបុល បានសម្តែងនូវមតិសំណេះសំណាលដោយក្តីរីករាយ និងកក់ក្តៅមកកាន់ស្រ្តីអគ្គនាយកដ្ឋានពន្ធដារទាំងអស់ ដោយបានលើកសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃអគ្គនាយកដ្ឋានពន្ធដារ ដឹកនាំផ្ទាល់ដោយលោកស្រី ប៊ុន នារី និងមានលោកស្រី អ៊ឹម ប៉ូលីកា អូន ព័ន្ធមុនីរ័ត្ន ជាប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបាននាំមកនូវលទ្ធផលជាកំណើនចំនួនស្រ្តីបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ និងកំណើនស្រ្តីឡើងកាន់តំណែងផងដែរ ព្រមទាំងបានជំរុញឱ្យអនុសមាគមបន្តកិច្ចការនេះបន្តទៅទៀត។

លោករដ្ឋមន្ត្រីបានឱ្យតម្លៃខ្ពស់ដល់ស្រ្តីគ្រប់រូប និងបានលើកសរសើរពីសមត្ថភាពមន្ត្រីពន្ធដារជាស្រ្តី នាពេលបច្ចុប្បន្នដែលមានសមត្ថភាពខ្ពស់ និងពិសេសបានលើកសរសើរដល់លោកស្រី គាន រ៉ាមី ដែលជាប្រធានសាខាពន្ធដារខណ្ឌមានជ័យ ក្នុងនាមជាប្រធានអង្គភាពពន្ធដារទីមួយ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានបំពេញការងាររបស់ខ្លួនជាថ្នាក់ដឹកនាំបានយ៉ាងល្អ ព្រមទាំងណែនាំឱ្យស្រ្តីពន្ធដារទាំងអស់យកលោកស្រីធ្វើជាគំរូ។

ក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិនេះ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងនូវអនុសាសន៍ណែនាំសំខាន់ៗ ក្នុងគោលដៅលើកដំឡើងស្រ្តីរួមមាន៖

១- អង្គភាពចំណុះអគ្គនាយកដ្ឋានពន្ធដារទាំងអស់ពិសេស នាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក និងគណៈកម្មការកែទម្រង់ធនធានមនុស្សត្រូវពិនិត្យលទ្ធភាពជ្រើសរើស ស្រ្តីដែលមានសមត្ថភាពនិងគុណវុឌ្ឍិ ដើម្បីដំឡើងតួនាទីធ្វើជាអនុប្រធាននាយកដ្ឋាន ឬអនុប្រធានសាខាយ៉ាងហោចណាស់ឱ្យបាន ម្នាក់ក្នុងមួយអង្គភាព ជាពិសេសដំឡើងតួនាទីធ្វើជាប្រធានសាខាយ៉ាងហោចណាស់ឱ្យបាន១នាក់ក្នុងឆ្នាំ ២០២៣នេះ

២-ផ្តល់អាទិភាពដល់ស្រ្តីចំនួន៣នាក់ ឱ្យឡើងកាន់តំណែងជាប្រធានសាខាពន្ធដារ
៣-ណែនាំឱ្យគ្រប់អង្គភាពទាំងអស់ យកចិត្តទុកដាក់លើស្រ្តីដែលជាបុគ្គលិកបម្រើការងារ ក្នុងក្របខ័ណ្ឌស្ម័គ្រចិត្ត ឱ្យទទួលបានប្រាក់បៀវត្ស និង ឯកសណ្ឋានសមរម្យ និងឱ្យដាក់បញ្ចូលឈ្មោះជាបុគ្គលិកជាប់កិច្ចសន្យារបស់អគ្គនាយកដ្ឋានពន្ធដារដើម្បីទទួលបានសិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗទៀត

៤៖ ណែនាំឱ្យនាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិកពិនិត្យសម្របសម្រួលផ្លាស់ប្តូរសាខាខេត្ត ដែលស្ត្រីជាប់កិច្ចសន្យា កំពុងបម្រើការងារឱ្យស្របនឹងទីកន្លែងរស់នៅរបស់ក្រុមគ្រួសារគាត់ ដើម្បីសម្រួលជីវភាពរស់នៅរបស់ពួកគាត់ តាមការចាំបាច់។

ទន្ទឹមនឹងការលើកតម្កើងនេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានផ្តល់នូវការណែនាំគួរជាទីគោរព ដោយឱ្យស្រ្តីទាំងអស់មានភាពរឹងមាំខិតខំតស៊ូ ដើម្បីសម្រេចបំណងក្នុងជីវិតរបស់ខ្លួន ដោយត្រូវខិតខំអភិវឌ្ឍខ្លួនឯងទាំងចំណេះដឹង និងភាពជាអ្នកដឹកនាំ និងជាពិសេសត្រូវធ្វើជាបុគ្គល ដែលមានគំនិតផ្តួចផ្តើម ហើយត្រូវខិតខំបំពេញការងារប្រកបដោយសកម្ម និងបុរេសកម្ម ដើម្បីចាប់យកឱកាសក្លាយជាអ្នកដឹកនាំ នៅក្នុងអង្គភាពពោរពេញដោយសមត្ថភាព និងភាពជឿជាក់។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមាជិកទាំងអស់ដែលបានចូលរួម ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារីលើកទី ១១២ នេះ និងបានផ្តែផ្តាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីជាបុរសទាំងអស់ ត្រូវចេះគោរពនិងឱ្យតម្លៃដល់ស្រ្តី៕