(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ និងក្រុមហាត់ប្រាណខេត្តកំពង់ធំ បានអញ្ជើញចែកសម្ភារសិក្សាដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាខ្សាច់ជីរស់ ស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ចំនួន២៥០នាក់ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ព្រមទាំងផ្ដល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រកបរបរទទួលទានប្រចាំថ្ងៃក្រោមម្លប់សន្តិភាព។

លោកស្រីបានបន្តទៀតថា ថ្ងៃនេះដោយមើលឃើញការខ្វះខាតរបស់លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សនៅសាលាបឋមសិក្សាខ្សាច់ជីរស់នេះ លោកស្រី និងក្រុមហាត់ប្រាណខេត្តកំពង់ធំ បាននាំយកសម្ភារសិក្សាមួយចំនួនមកចែកជូន សម្រាប់ជួយសម្រាលការលំបាកមួយផ្នែក និងធ្វើយ៉ាងណាជំរុញឲ្យសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ និងជំរុញឲ្យលោកគ្រូ អ្នកគ្រូ ត្រូវតាមដាន និងផ្សព្វផ្សាយបន្ថែមដល់អាណាព្យាបាលទាំងអស់ ត្រូវតែតាមដាន និងមិនត្រូវឲ្យកូនៗបោះបង់ការសិក្សាឡើយ។

លោកស្រី ឃួន ឃុនឌី បានក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ត្រូវតែខិតខំសិក្សារៀនសូត្រ និងមិនត្រូវបោះបង់ការសិក្សាឡើយ ជាពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងសំណូមពរដល់អាជ្ញាធរមូលដ្ឋានត្រូវធ្វើយ៉ាងណារក្សាឲ្យបាននៅ ភូមិ ឃុំមានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងខិតខំដោះស្រាយបញ្ហាផ្សេងៗ ដែលជាការថ្នាំងថ្នាក់ដល់ពួកគាត់ឲ្យបានទាន់ពេលវេលា៕