(រតនគិរី)៖ បន្ទាប់ពីដំណើរការរយៈពេល១ថ្ងៃកន្លះ សន្និបាតបូកសរុបលទ្ធផលការងារមន្ទីរអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ និងលើកទិសដៅឆ្នាំសិក្សា២០២២-២០២៣ ត្រូវបានប្រារព្ធបិទនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

ថ្លែងក្នុងឱកាសនោះ លោក ញ៉ែម សំអឿន បានសម្ដែងនូវការកោតសរសើរចំពោះលោក លោកស្រី អាជ្ញាធរ និងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅប្រកបដោយភាពជោគជ័យ។

លោកបានវាយតម្លៃខ្ពស់ចំពោះអង្គ សន្និបាតដែលបានពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីវាយតម្លៃឲ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយលើចំណុចខ្លាំង ចំណុចខ្វះខាត ដែលនៅសេសសល់បញ្ហាប្រឈម និងរួមគ្នាកំណត់ផែនការដោះស្រាយឲ្យបានកាន់តែសមស្រប តាមស្ថានការជាក់ស្ដែងរបស់អនុវិស័យនីមួយៗ។

ជាពិសេសការសម្រេចគោលនយោបាយ និងយុទ្ធសាស្ត្រនានាក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៩-២០២៣ ស្របនឹងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលដែលបានកំណត់ក្នុងនីតិកាលទី៦ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ត្រង់ចតុកោណទី១ អំពីការអភិវឌ្ឍធនធានមនុស្ស របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធានាសមធម៌នៃការរៀនសូត្រ និងខិតខំធ្វើឲ្យសម្រេចតាមគោលដៅអប់រំសម្រាប់ទាំងអស់គ្នា។

លោក ញ៉ែម សំអឿន បានផ្តល់អនុសាសន៍មួយចំនួនដល់លោកគ្រូ អ្នកគ្រូ និងនាយកសាលាមានជាអាទិ៍៖

*ទី១៖ ត្រូវបន្តចូលរួមវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល
*ទី២៖ ត្រូវបង្ហាញនូវភាពស្មោះត្រង់ និងទទួលការជួយគាំទ្រពីសំណាក់អាជ្ញាធរមូលដ្ឋានត្រូវចេះសហការ និងចែករំលែកបញ្ហាប្រឈម និងលទ្ធផលរួមគ្នា
*ទី៣៖ ត្រូវបង្កើនតម្លាភាព គណនេយ្យភាពក្នុងការដឹកនាំគ្រប់គ្រងដើម្បីបង្កើននូវអភិបាលកិច្ចល្អ
*ទី៤៖ ត្រូវចេះប្រើប្រាស់ធនធានថវិកាដែលរដ្ឋាភិបាលផ្ដល់ជូនឲ្យចំទិសដៅ និងប្រកបដោយគុណភាព ប្រសិទ្ធភាព និងលទ្ធផលអាចទទួលយកបាន
*ទី៥៖ ត្រូវបង្កើនការសិក្សារៀនសូត្រក្នុងភាពជាអ្នកដឹកនាំល្អ ព្រោះសាលារៀនល្អ ឬអាក្រក់ តីដោយសារ សកម្មភាពរបស់លោក លោកស្រីបង្រៀននៅសាលារៀនផ្ទាល់
*ទី៦៖ ត្រូវបង្កើតភាពជឿទុកចិត្តលើការដឹកនាំគ្រប់គ្រងសម្រាប់សហគមន៍ និងរាជរដ្ឋាភិបាល។

នៅក្នុងឱកាសនេះ លោក ញ៉ែម សំអឿន បានជូនលិខិតសសើរជូនចំពោះលោកនាយកវិទ្យាល័យ ដែលបានខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍមូលដ្ឋានរចនាសម្ព័ន្ធវិទ្យាល័យ និងលោកគ្រូ អ្នកគ្រូ ដែលមានស្នាដៃបង្រៀនល្អ ព្រមទាំងឧបត្ថម្ភថវិកា២០មុឺនរៀល ក្នុងម្នាក់ចំពោះលោកគ្រូ អ្នកគ្រូ ចំនួន៥នាក់ មកពីសាលារៀនចំនួន៥ផងដែរ៕