(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំសិក្ខាសាលាស្តីពី «ជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់» ដែលបានធ្វើឡើងដោយផ្ទាល់សម្រាប់មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងតាមរយៈអនឡាញ (Zoom) សម្រាប់គណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី-ខេត្ត។

សិក្ខាសាលានេះ មានការអញ្ជើញជាអធិបតី លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងដោយមានការធ្វើបទឧទ្ទេសនាមដោយ លោកស្រីសាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកចំពោះមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តនៃកាកបាទក្រហមកម្ពុជា និងតាមបណ្តាសាខាទាំងអស់។

ជាមួយគ្នានេះ លោកស្រីបានគូសបញ្ជាក់ពីគោលបំណងនៃការរៀបចំសិក្ខាសាលា ៤ចំណុច ជូនអង្គសិក្ខាសាលាដូចជា៖
១៖ បង្កើនសមត្ថភាព និងការយល់ដឹងរបស់មន្ត្រី អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អំពីជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ និងផលប៉ះពាល់ដែលបណ្តាលមកពីជំងឺនេះ ដើម្បីបន្តអប់រំផ្សព្វផ្សាយដល់ស្រ្តីដែលមានអាយុចន្លោះពី ៣០-៤៩ឆ្នាំ ទៅពិនិត្យនិងព្យាបាលជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់។
២៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា ស្រ្តី ទៅនឹងបញ្ហា ប្រឈមនៃជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ ដែលកំពុងតែកើនឡើងនៅក្នុងប្រទេសកម្ពុជា។
៣៖ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការរួមចំណែកកាត់ បន្ថយអត្រាមរណៈរបស់មាតា និងស្រ្តី ឱ្យធ្លាក់ចុះទាបកម្រិតអប្បរមាបំផុត តាមរយៈការអប់រំផ្សព្វផ្សាយតាមសហគមន៍ ឱ្យយកចិត្តទុកដាក់គាំពារដល់សុខភាពស្រ្តីជាមាតា និងសុខភាពបន្តពូជរបស់យុវវ័យ រួមទាំងការទៅពិនិត្យនិងព្យាបាលជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ឱ្យបានទាន់ពេលវេលា។
៤៖ ផ្សព្វផ្សាយជូនបងប្អូនជនរួមជាតិ ពីវិធីសាស្រ្តជំនាញមានវិជ្ជាជីវៈក្នុងការពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ អាហារូបត្ថម្ភ ដើម្បីសុខុមាលភាពរបស់ប្រជាជន។

ក្នុងឱកាសនោះដែរ លោកស្រីសាស្ត្រាចារ្យ គ្រុយ លាងស៊ីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឯកភាពឱ្យកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ទាំងនៅថ្នាក់កណ្តាល និងនៅថ្នាក់សាខាទាំងអស់ ចូលរួមផ្សព្វផ្សាយដល់បងប្អូនរួមជាតិ ឱ្យមានការយល់ដឹងពីជំងឺមហារីកទាំងពីរខាងលើនេះ។

លោកស្រីសាស្ត្រាចារ្យ បានបង្ហាញបណ្ណសម្រាប់អប់រំតាមសហគមន៍ ស្តីពីការពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងភាពមិនប្រក្រតីនៃមាត់ស្បូនមុនក្លាយជាជំងឺមហារីក ព្រមទាំងបានបញ្ជាក់ពីខ្លឹមសារគន្លឹះនៅក្នុងបណ្ណអប់រំនេះជូនដល់អង្គសិក្ខាសាលាផងដែរ។ ខ្លឹមសារទាំងនោះបានផ្តោតទៅលើ៖
១៖ តើមាត់ស្បូនស្ថិតនៅកន្លែងណានៅក្នុងរាងកាយរបស់ស្ត្រី ?
២៖ តើមាត់ស្បូនមានលក្ខណៈយ៉ាងដូចម្តេចនៅពេលមើលឃើញដោយភ្នែកទទេ?
៣៖ តើមហារីកមាត់ស្បូន គឺជាអ្វី?
៤៖ តើស្រ្តីណាខ្លះដែលប្រឈមនឹងការកើតមហារីកមាត់ស្បូន?
៥៖ តើមហារីកមាត់ស្បូន មានរោគសញ្ញាអ្វីខ្លះ?
៦៖ តើមូលហេតុសំខាន់អ្វីខ្លះ ដែលបង្កឲ្យមានមហារីកមាត់ស្បូន?
៧៖ តើវីរុសអេចភីវី (HPV) បង្កឱ្យកើតមហារីកមាត់ស្បូនយ៉ាងដូចម្តេច?
៨៖ តើត្រូវបង្ការកុំឱ្យកើតជំងឺមហារីកមាត់ស្បូនយ៉ាងដូចម្ដេច?
៩៖ តើការធ្វើតេស្តពិនិត្យស្រាវជ្រាវរកមហារីកមាត់ស្បូនមានប៉ុន្មានយ៉ាង?
១០៖ វិធីព្យាបាលភាពមិនប្រក្រតីនៃកោសិកាមាត់ស្បូនមុនក្លាយជាមហារីក?

សិក្ខាសាលាបានប្រព្រឹត្តទៅដោយរលូន បានទាក់ទាញចំណាប់អារម្មណ៍ និងមានសំណួរ-ចម្លើយជាច្រើន ដែលបានផ្តល់ផលជាផ្លែផ្កាសម្រាប់យកទៅបន្តអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ជាពិសេសស្រ្តីក្នុងវ័យបន្តពូជ ស្រ្តីជាមាតា និងលើកកម្ពស់ការយល់ដឹងអំពី ការថែទាំសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។

យោងតាមរបាយការណ៍របស់នាយកដ្ឋានសុខភាពនៃកាកបាទក្រហមកម្ពុជាបានបង្ហាញថា នៅក្នុងប្រទេសកម្ពុជាគេប៉ាន់ប្រមាណថា ជារៀងរាល់ឆ្នាំស្រ្តីប្រមាណ ១,៥០០នាក់ ត្រូវបានគេរកឃើញថាមានជំងឺ មហារីកមាត់ស្បូន ហើយយ៉ាងហោចណាស់មានស្រ្តី ៩០០នាក់បានស្លាប់ដោយសារជំងឺនេះ។ ការសិក្សាបានបង្ហាញឱ្យឃើញថា ស្រ្តីដែលមានជំងឺមហារីកមាត់ស្បូន មានអត្រាស្លាប់ខ្ពស់ជាងអត្រាមរណភាពមាតា ហើយតាមការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបានបង្ហាញឱ្យឃើញថា ជំងឺមហារីកមាត់ស្បូនអាចការពារបានប្រសិនបើរកឃើញនៅដំណាក់កាលដំបូង។ ដោយឡែកជំងឺមហារីកសុដន់ ពុំទាន់មានការបញ្ជាក់ថាមានវ៉ាក់សាំងការពារនៅឡើយ៕