(សៀមរាប)៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងមន្ត្រីកងរាជអាវុធហត្ថ មានចំនួន៤១នាក់ ដែលមកពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប បានបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសសង្រ្គោះជនរងគ្រោះ ដែលរងគ្រោះថ្នាក់កៀបក្នុងរថយន្ត ដែលបានដំណើរការហ្វឹកហាត់អស់រយៈពេល៥ថ្ងៃ ក្រោមកិច្ចសហការជាមួយអង្គការសកម្មភាព នៃកី្តស្រឡាញ់ និងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាបផងដែរ។

ពិធីបិទវគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមរបស់លោកស្នងការរងខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អង្គការសកម្ម ភាពនៃកី្តស្រឡាញ់ និងគ្រូបង្វឹកផងដែរ។

យោងតាមរបាយការណ៍បញ្ជាក់របស់លោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យនគរបាលចរាចរណ៍ជើងគោកខេត្ត និងជាប្រធានគ្រប់គ្រងវគ្គ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលបច្ចេកទេសសង្រ្គោះជនរងគ្រោះថ្នាក់កៀបនៅក្នុងរថយន្ត មានសិក្ខាកាមមកពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប និងមន្ត្រីកងរាជអាវុធហត្ថខេត្ត ចំនួន៤១រូប បានមកទទួលការបណ្តុះបណ្តាល ក្រោមការជួយឧបត្ថម្ភរបស់អង្គការសកម្មភាពនៃកី្តស្រឡាញ់។ ក្នុងការសិក្សារយៈពេល៥ថ្ងៃមកនេះ សិក្ខាកាមបានទទួលចំណេះដឹង និងបច្ចេកទេស ក្នុងការសង្គ្រោះជនរងគ្រោះថ្នាក់កៀបជាប់ក្នុងរថយន្ត និងការជួយសង្រ្គោះបឋមដល់ជនរងគ្រោះផងដែរ។

បន្ទាប់ពីចំណាប់អារម្មណ៍របស់លោកឧត្តមសេនីយ៍ត្រី ណុប សារៈ ស្នងការរងនគរបាលខេត្ត និងលោកវរសេនីយ៍ឯក សូ សំណាង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តរួចមក បានលើកឡើង លោក ប៊្រូស ហ៊ីន ប្រធានអង្គការសកម្មភាពនៃកី្តស្រឡាញ់ បានធ្វើការកោតសរសើរ ពីការខិតខំរបស់សិក្ខាកាម ដែលទទួលបានការហ្វឹកហាត់ពីគ្រូឧទេស ស្ថិតនៅក្រោមកំដៅថ្ងៃ និងបានលើកនូវអនុសាសន៍របស់លោក ហ៊ុន ម៉ាណែត ដែលបានបញ្ជាក់ថា ផលបុណ្យអ្វីមិនប្រសើរជាងការជួយសង្គ្រោះអាយុជីវិតមនុស្សដែលកំពុងជួបគ្រោះភ័យនោះទេ។ ក្នុងនោះដែរ លោកក៏បានជំរុញដល់សិក្ខាកាម ដែលបានបញ្ចាប់វគ្គបណ្តុះបណ្តាលនេះទៅ ត្រូវយកចំណេះដឹងបច្ចេកទេសទាំងនេះ ទៅជួយសង្គ្រោះអាយុជីវិតអ្នករងគ្រោះថ្នាក់ចរាចរណ៍ឲ្យបានទាន់ពេលវេលាផងដែរ។

លោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានលើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ជាបញ្ហាពហុវិស័យ ដែលទាមទាឲ្យយើងគ្រប់រូបត្រូវចូលរួមដោះស្រាយបញ្ហានេះ ដោយមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់។ ម៉្យាងទៀត វគ្គបណ្តុះបណ្តាលនេះ ជាមូលដ្ឋានគ្រឹះសម្រាប់មន្ត្រីជំនាញ ក្រោមការយកចិត្តទុកដាក់សហការជាមួយអង្គការសកម្មភាពនៃក្តីស្រឡាញ់ មកពីសហរដ្ឋអាមេរិក ដើមី្បផ្តល់នូវចំណេះដឹង និងបច្ចេកទេស ក្នុងការជួយសង្រ្គោះជនរងគ្រោះ ព្រមទាំងបានផ្តល់នូវសម្ភារៈ និងឧបករណ៍ក្នុងការជួយសង្រ្គោះអ្នករងគ្រោះថ្នាក់កៀបនៅក្នុងរថយន្ត ក្នុងការកាត់បន្ថយ និងពន្លឿនមិនឲ្យជនរងគ្រោះ គ្រោះថ្នាក់ដល់ជីវិត។

លោកក៏បានលើកឡើងអំពីអត្រានៃការគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០២២កន្លងមក បានកើតឡើងជាង ៣ពាន់ករណី បើធៀបឆ្នាំ២០២១ មានការកើនឡើង ដោយក្នុងនោះដែរ មានជនរងគ្រោះដល់ស្លាប់ចំនួន១,៧០០នាក់ គិតជាមធ្យមក្នុង១ថ្ងៃស្លាប់៤នាក់ និងអ្នករងរបួសជាង ៣ពាន់នាក់ ដែលបង្កឡើងដោយបើកបរលើសល្បឿនកំណត់ ៣៩% មិនគោរពសិទ្ធិអតិភាព ២៤% បើកបរមិនប្រកាន់ស្តាំ ១១% ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ១០% ការបត់មិនប្រយ័ត្ន ៩% បើកបរស្ថាភាពស្រវឹង ៤% និងកត្តាយានយន្ត ៣%ផងដែរ។

លោកឧត្តមសេនីយ៍ត្រី ថី វិសាល បានបញ្ជាក់ថា ការចូលរួមរបស់អង្គការសកម្មភាពនៃក្តីស្រឡាញ់ គឺជាសកម្មភាពមនុស្សធម៌មួយ ក្នុងការជួយដល់អាយុជីវិត មនុស្ស សំខាន់នៅកម្ពុជា ដើមី្បចូលរួមទប់ស្កាត់នៃការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។

លោកក៏បានធ្វើការវាយតម្លៃខ្ពស់ នៃវគ្គបណ្តុះបណ្តាលបច្ចេកទេសសង្រ្គោះជនរងគ្រោះថ្នាក់កៀបនៅក្នុងរថយន្ត ព្រមទាំងបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅត្រូវយកចំណេះដឹង និងបច្ចេកទេសដែលខ្លួនទទួលបាន ធ្វើការផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ត ដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដើមី្បចូលរួមក្នុងការកាត់បន្ថយការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍៕