(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌបឹងកេងកង នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ បានចេញញត្តិគាំទ្រទាំងស្រុង ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដែលចាត់ជាបទល្មើសក្បត់ជាតិ។

គួរជម្រាបថា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមកាត់ទោសជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលចាត់ជាបទល្មើសក្បត់ជាតិ និងត្រូវដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបទប្បញ្ញត្តិក្នុងមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីនោះ តុលាការបានដាក់ជនជាប់ចោទឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវច្បាប់ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ។

រដ្ឋបាលខណ្ឌបឹងកេងកង ក៏បានសម្តែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រម ការគោរពអំណាចឯករាជ្យរបស់តុលាការ ចំពោះសាលក្រមកាត់ក្តី ផ្ទន្តាទោសជនជាប់ចោទឈ្មោះ កឹម សុខា ខាងលើនេះ ជាពិសេសការធានាបាននូវភាពម៉ឺងម៉ាត់ប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ និងភាពយុត្តិធម៌ស្របតាមច្បាប់ និងនីតិវីធីជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។ អំពើឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេសក្នុងការរៀបចំ និងអនុវត្តផែនការសម្ងាត់ ដើម្បផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាតាមទម្រង់នៃបដិវត្តពណ៌ គឺជាអំពើគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់ឯករាជ្យជាតិ សន្តិភាពប្រទេស សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។

ដូចនេះការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ តាមរយៈការផ្តន្ទាទោសចំពោះករណីខាងលើនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាថែរក្សាសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ហើយនេះ ក៏ជាមេរៀនប្រៀនប្រដៅដល់អ្នកនយោបាយផ្សេងទៀតនៅកម្ពុជា ឲ្យមានឧត្តមគតិស្រឡាញ់ជាតិ ស្មោះត្រង់នឹងជាតិ និងមិនក្បត់ប្រជាជនរបស់ខ្លួន ដោយមិនត្រូវបណ្តែតបណ្តោយខ្លួន ឲ្យក្លាយជាភ្នាក់ងារបម្រើឱ្យបរទេស ដើម្បីតែផលប្រយោជន៍ ឬមហិច្ឆិតាអំណាចផ្ទាល់ខ្លួន។

ក្នុងនាមជាប្រជាជនកម្ពុជា សូមគាំទ្រដល់កិច្ចដំណើរការនៃការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែយើងខ្ញុំ សូមប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលប្រើប្រាស់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ធ្វើជាលេស ដើម្បីអនុវត្តនូវផែនការសម្ងាត់ណាមួយ ដោយឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តពណ៌ ឬមធ្យោបាយខុសច្បាប់ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតនាំទៅដល់ការបំផ្លិចបំផ្លាញសន្តិភាពប្រទេស សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។

ជាថ្មីម្តងទៀត ដើម្បីភាពរុងរឿងរបស់ប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា, យើងខ្ញុំសូមប្តេជ្ញា និងប្រកាសការពារដាច់ខាតនូវសុខសន្តិភាពរបស់ប្រទេស បើទោះបីជាត្រូវលះបង់ ដោយតម្លៃណាក៏ដោយ៕