(អាហ្សង់ទីន)៖ ប្រធានាធិបតីប្រទេសអាហ្សង់ទីន លោក Mauricio Macri និងអតីតតារាបាល់ទាត់ឆ្នើមពិភពលោក Diego Maradona រួមទាំងអ្នកគាំទ្ររាប់ម៉ឺននាក់ បានទទូចសុំឲ្យកីឡាករខ្សែប្រយុទ្ធ Lionel Messi ចូលលេងក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនវិញ បន្ទាប់ពីរូបគេបានប្រកាសចូលនិវត្តន៍ ពីក្រុមជម្រើសជាតិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។
គេហទំព័រ The Gaurdians បានឲ្យដឹងថា ប្រជាពលរដ្ឋអាហ្សង់ទីនរាប់ម៉ឺននាក់ បានចេញមកធ្វើពិធីអបអរក្នុងរដ្ឋធានី Buenos Aires ចំពោះជ័យជំនះជើងឯករងនៃព្រឹត្តិការណ៍ពានប្រចាំទ្វីបអាមេរិក Copa America Centenario 2016 ជាមួយនឹងការស្រែកច្រៀង និងលើកបដា សុំឲ្យវីរបុរសរបស់គេ Lionel Messi ផ្លាស់ប្តូរចិត្តចូលលេងក្នុងក្រុមជម្រើសជាតិវិញផងដែរ។
ថ្មីៗនេះ ប្រធានាធិបតីអាហ្សង់ទីន ក៏បានទូរស័ព្ទជួបផ្ទាល់ជាមួយកីឡាករ ដែលទើបតែមានវ័យ២៩ឆ្នាំ កំពុងប្រកបអាជីពក្នុងក្លឹប FC Barcelona របស់អេស្ប៉ាញ អំពីការសម្រេចចិត្តចូលនិវត្តន៍ ពីក្រុមជម្រើសជាតិដ៏លឿនបែបនេះ តែលទ្ធផលយ៉ាងនោះពី Messi នៅមិនទាន់ដឹងនៅឡើយទេ។
តែយ៉ាងណាក៏ដោយ អតីតកីឡាករឆ្នើមរបស់ពិភពលោក Diego Maradona ដែលធ្លាប់ដឹកនាំអាហ្សង់ទីន លេងក្នុង World Cup 2010 នៅអាហ្រ្វិកខាងត្បូង ក៏បានសុំឲ្យ Messi គិតឡើងវិញអំពីការផ្លាស់ប្តូរចិត្តជាថ្មីវិលមក ជួយអាហ្សង់ទីនជាបន្តទៀត ដែលត្រៀមជម្រុះ World Cup 2018 នៅរុស្ស៊ីចាប់ពីខែកញ្ញាខាងមុខបន្តទៀតហើយ។
សូមរំលឹកដែរថា កីឡាករលេងល្អរបស់ពិភពលោក ៥សម័យកាល Lionel Messi បានប្រកាសលាឈប់ពីក្រុមជម្រើសជាតិភ្លាម២ បន្ទាប់ពីមិនអាចជួយក្រុមអាហ្សង់ទីន ឈ្នះជើងឯកពាន Copa America Centenario 2016 នៅលើទឹកដីអាមេរិក កាលពីថ្ងៃទី២៧ មិថុនា ដោយបាល់ប៉េណាល់កាត់សេចក្តី ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ ដោយ Messi ក៏ប៉េណាល់ទីមិនចូលគ្រាប់ទី១ បើកឆាកផងដែរ ដែលធ្វើឲ្យគេខូចចិត្តជាខ្លាំង ក្រោយពីព្យាយាម៣ឆ្នាំបានត្រឹមតែរងជើងឯកនៃពាន World Cup 2014 ពាន Copa America 2015 និងពាន Copa America Centenario 2016 នេះ៕