(បន្ទាយមានជ័យ)៖ កងពលតូចថ្មើរជើងលេខ៥១ ត្រូវបានបង្វឹកក្បាច់គុន ត្រៀមយកទៅសម្តែងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ។
ពិធីបើកវគ្គហ្វឹកហ្វឺនក្បាច់គុន ប្រព្រឹត្តទៅក្រោមអធិបីភាពលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគទី៥ មេបញ្ជាការ មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ នាយទាហាន និងកម្មសិក្សាការី ចំណុះទីបញ្ជាការយោធភូមិភាគទី៥ ។
វគ្គហ្វឹកហ្វឺនក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ ជំនាញគុនល្បុក្កតោ របស់កងពលតូចថ្មើរជើងលេខ៥១ មានរយៈពេលសិក្សាចំនួន ៥៥ថ្ងៃ និងសិក្ខាកាម សរុបចំនួន៣០០នាក់។ ការហ្វឹកហាត់នេះ ត្រៀមសម្តែងបង្ហាញទស្សនីយភាពព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នាពេលខាងមុខ។
មានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើនោះ ឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការផ្តាំផ្ញើដល់គណៈកម្មការគ្រប់គ្រងវគ្គ ដោយពេលវេលារៀននៅតិច ថ្ងៃសម្រាក ថ្ងៃបុណ្យមានច្រើន ដូច្នេះត្រូវគ្រប់គ្រងសិស្ស ១០០ភាគរយ។ លោកបន្តថា យោធាចារ្យត្រូវប្រឹងប្រែងយកបទពិសោធន៍ល្អៗបង្ហាត់បង្រៀនសិស្សឱ្យងាយយល់ ឆាប់ចេះ ធានាបានគុណភាពហ្វឹកហ្វឺន ត្រូវធានាបានល្អការស្នាក់នៅ ធានាការហូបចុកឆ្ងាញ់ ដើម្បីសុខភាពយោធិនហ្វឹកហ្វឺន។
លោកផ្តល់ដំបូន្មានបន្ថែមថា កម្មសិក្សាការីត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុង ត្រូវខិតខំរៀនសូត្រ ត្រងត្រាប់ស្តាប់គ្រូ ដើម្បីទទួលលទ្ធផលល្អពេលបញ្ចប់វគ្គ ត្រូវថែរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ទប់ស្កាត់ជំងឺកូវីដ-១៩ ។
លោកឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ត្រូវចៀសឆ្ងាយពីគ្រឿងញៀន មិនត្រូវមានក្នុងអង្គភាព បើមានយោធិនណាប្រព្រឹត្តគ្រឿងញៀនត្រូវបណ្តេញចេញពីជួរ, ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីអាយុជីវិតទាំងអស់គ្នា ត្រូវចូលរួមសហការគ្នា មានសាមគ្គីឯកភាពផ្ទៃក្នុង រួមគិត រួមធ្វើរួមទទួលខុសត្រូវ, ត្រូវត្រៀមកម្លាំងអន្តរាគមន៍ជាប្រចាំដើម្បីត្រៀមយថាហេតុសង្គ្រោះប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានឧបត្ថម្ភថវិកាចំនួន ២,០០០,០០០រៀល ព្រមទាំងអាវយឺតចំនួន ៣០០អាវ និងស្បៀងឧបភោគបរិភោគ និងភេសជ្ជៈ។ រដ្ឋបាលខេត្តឧបត្ថមរួមមាន អង្ករចំនួន ២,០០០គីឡូក្រាម មីចំនួន ២០ កេស ត្រីខចំនួន ៤កេស ទឹកស៊ីអ៉ីវចំនួន ២០យួរ ទឹកត្រីចំនួន ២០យួរ ទឹកបរិសុទ្ធអារុណាចំនួន ២០កេស គោជល់ចំនួន ១០កេស ជូនដល់វគ្គហ្វឹកហ្វឺនផងដែរ៕