(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមកាត់ទោសជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទ ឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ។

សហភាពសហព័ន្ធយុវជនកម្ពុជា សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តី ផ្ទន្តាទោសជនជាប់ចោទឈ្មោះ កឹម សុខា ខាងលើនេះ ជាពិសេសការធានាបាននូវភាពម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព, ភាពត្រឹមត្រូវ និង ភាពយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវីធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ អំពើឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ក្នុងការរៀបចំ និងអនុវត្តផែនការសម្ងាត់ ដើម្បផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា តាមទម្រង់នៃបដិវត្តពណ៌ គឺជាអំពើគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់ឯករាជ្យជាតិ, សន្តិភាពប្រទេស, សន្តិសុខជាតិ, ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។

សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជារណសិរ្សទូលំទូលាយរបស់យុវជនកម្ពុជា បានចូលរួមដោយផ្ទាល់ ក្នុងដំណើរវិវត្តន៍របស់ប្រទេសកម្ពុជាជាង៤ទសវត្សរ៍កន្លងមកនេះ ក្នុងនោះរួមទាំងដំណាក់កាលទុក្ខវេទនា ការព្រាត់ប្រាស និងពលិកម្មគ្រប់បែបយ៉ាងដែលបានកើតឡើងដោយសារសង្គ្រាម តាមរយៈការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ពីបរទេសដែលបានបង្កអស្ថិរភាពសង្គមឥតស្រាកស្រាន្តទម្រាំដល់កម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នៅឆ្នាំ១៩៩៨។ មេរៀនប្រវត្តិសាស្ត្រ បានបង្ហាញយ៉ាងច្បាស់អំពីភាពចាំបាច់ ក្នុងការធានាឲ្យបានសិទ្ធិស្វ័យសម្រេចរបស់ខ្មែរដោយខ្មែរខ្លួនឯង ដោយមិនឲ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីបរទេស ការធានាអធិបតេយ្យជាតិ សុខសន្តិភាព និងផលប្រយោជន៍ជាតិ ដែលសុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់។

ក្នុងន័យនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់នៃសហភាពសហព័ន្ធយុវជនកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះសាលក្រមលើសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់លោក កឹម សុខា ដែលប្រកាសដោយសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។ សាលក្រមនេះ មិនត្រឹមតែជាការផ្តល់យុត្តិធម៌ដល់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននោះទេ ប៉ុន្តែក៏ជាការផ្តល់យុត្តិធម៌ និងតបស្នងចំពោះពលិកម្ម និងការលះបង់របស់ប្រជាជាតិកម្ពុជា ក្នុងដំណើរស្វែងរក និងការពារឯករាជ្យ អធិបតេយ្យ សន្តិភាព និងវឌ្ឍនភាពសង្គមអស់រយៈពេលជាង៤ទសវត្សរ៍ចុងក្រោយនេះ។

សាលក្រមលើសំណុំរឿងសន្និដ្ឋិភាពជាមួយបរទេសរបស់លោក កឹម សុខា នឹងក្លាយជាមូលដ្ឋានដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រកម្ពុជាតទៅអនាគត ក្នុងការបង្ការចេតនាប្រទូសរ៉ាយណាមួយតាមរយៈការឃុបឃិតជាមួយបរទេសដើម្បីបង្កវិទ្ធង្សនា បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍប្រទេស ដែលអាចឈានទៅប៉ះពាល់ដល់អាយុជីវិត និងអនាគតរបស់ប្រជាជនខ្មែរផងដែរ។

ស.ស.យ.ក. ប្ដេជ្ញាការពារអនាគតព្រះរាជាណាចក្រកម្ពុជា ដោយចូលរួមបង្ការ និងប្រឆាំងដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ ចំពោះរាល់ការប៉ុនប៉ង និងការគំរាមកំហែងទាំងឡាយណាដែលបង្កឲ្យមានចលាចលក្នុងសង្គម ឬប៉ះពាល់ដល់សុខសន្តិភាព ស្ថិរភាព អធិបតេយ្យ និងឯករាជ្យរបស់កម្ពុជា។ សូមអរគុណសន្តិភាព៕