(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការកត់សម្គាល់របស់ខ្លួនថា ការកាត់ក្តីលោក កឹម សុខា គឺជាដំំណើរការកាត់ក្តីដ៏ស្មុគស្មាញជាងគេ ដែលមានការជជែកដេញដោលរហូត ៦៦លើក ចាប់តាំងពីដំណើរការក្តី។ លោកបន្តថា ដំណើរកាត់ក្តីពាក់ព័ន្ធបទល្មើសសន្ទិដ្ឋិភាពជាមួយបរទេស ត្រូវតែស្វែងរកភាពរឹងមាំផ្នែកអង្គហេតុ អង្គច្បាប់ គាំទ្រដំណើរការកាត់ក្តី ដើម្បីកុំឱ្យប៉ះពាល់ជាមួយការទូត ឬទំនាក់ទំនងអន្តរជាតិរវាងរដ្ឋ និងរដ្ឋ។
លោកបណ្ឌិត យង់ ពៅ បានឱ្យដឹងថា រាល់ការកាត់ក្តីលោក កឹម សុខា គឺមានការចូលរួមពីសាធារណជន អ្នកសារព័ត៌មាន តំណាងអង្គទូត អង្គការសង្គមស៉ីវិល ជាប្រចាំផងដែរ។
អគ្គលេខាធិការនៃរាជបណ្ឌិត្យកម្ពុជារូបនេះ បានលើកឡើងថា «ចំពោះខ្ញុំអាចវាយតម្លៃថា ដំណើរការកាត់ក្តី យើងស្ថិតនៅក្នុងរដ្ឋមួយ យើងត្រូវតែគោរពនូវអធិបតេយ្យរដ្ឋ ច្បាប់របស់រដ្ឋនោះ។ បើតុលាការរកឃើញ បើយើងមិនជឿតុលាការ មិនជឿសាលក្រម ដូចជាយើងបដិសេធច្បាប់នៃរដ្ឋនោះ។ អ៊ឹចឹងចំពោះខ្ញុំ គឺតុលាការបានខិតខំប្រឹងប្រែងរកក្នុងសាលាដីកា កាត់ក្តីរហូតទៅដល់ ៦៦លើកនេះ ប្រហែលជាតុលាការស្វះស្វែងរកភស្តុតាងល្អិតល្អន់ហើយ អ៊ឹចឹងយើងមានតែទទួលយកនូវសាលដីកា»។
លោកបណ្ឌិត យង់ ពៅ ក៏បានស្នើទៅកាន់អង្គការសង្គមស៉ីវិល ឱ្យមានការប្រយ័ត្នប្រយែងចំពោះការបញ្ចេញទស្សនៈនានា ដែលអាចនាំឱ្យប៉ះពាល់ដល់អធិបតេយ្យភាពក្នុងការអនុវត្តច្បាប់របស់កម្ពុជា និងទំនាក់ទំនងជាមួយបណ្តាប្រទេសដទៃក្នុងសំណុំរឿងលោក កឹម សុខា នេះ។
សូមបញ្ជាក់ថា បន្ទាប់ពីដំណើរការជំនំុជម្រះក្តីអស់រយៈពេលជាង ៥ឆ្នាំ សំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ត្រូវបានប្រកាសសាលក្រមនៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០២៣នេះហើយ។
លោក កឹម សុខា ត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀតកាលពីអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។
លោកក៏ត្រូវបានផ្តន្ទាទោសជនជាប់ចោទនូវទោសបន្ថែម ដោយដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌ។
លោក កឹម សុខា ក៏ត្រូវបានហាមមិនឱ្យចាកចេញពីបរិវេណនៃលំនៅឋាន ផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ លើកលែងតែមានការអនុញ្ញាត ដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោក ក៏ត្រូវបានហាមមិនឱ្យជួបបុគ្គលណាម្នាក់ទាំងសញ្ញាតិខ្មែរ និងបរទេស ដោយផ្ទាល់ ឬដោយ ប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការ អនុញ្ញាតដោយព្រះរាជអាជ្ញានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយ យោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ។
សាលក្រមផន្ទាទោសលើលោក កឹម សុខា នាំឱ្យមានការគាំទ្រយ៉ាងច្រើនពីសំណាក់ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានាទាំងស៊ីវិល និងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា៕