(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស បានជំរុញទៅគ្រប់បណ្ដាអង្គភាពក្រោមឱវាទត្រូវពិនិត្យមើលនូវសមត្ថភាព និងស្នើដៃរបស់យោធិនជានារី ដើម្បីផ្ដល់នូវតួនាទីទៅតាមសមត្ថភាព និងតម្រូវការចាំបាច់នៃក្របខណ្ឌការងារ ខណៈរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើតួនាទីស្ត្រីនៅតាមបណ្តាក្រសួង ស្ថាប័ននានា។

ការជំរុញបែបនេះ របស់នាយឧត្តមសេនីយ៍ សឹង សំណាង បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ នាបញ្ជាការដ្ឋានកងទ័ពអាកាសរាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានលើកឡើងថា ក្នុងអាណត្តិទី៦នេះ ដោយអនុវត្តតាមនូវយុទ្ធសាស្ត្រយេនឌ័រ ទាំងក្នុងស្ថាប័នស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់ លើការលើកកម្ពស់តួនាទី ស្ថានភាពសង្គមរបស់ស្ត្រីកម្ពុជា ក្នុងនោះមានការលើកទឹកចិត្តឱ្យស្ត្រីបង្កើននូវសមត្ថភាព ចំណេះដឹងរបស់ខ្លួនលើគ្រប់ផ្នែក។

មេបញ្ជាការកងទ័ពជើងអាកាសរូបនេះ បានបន្ថែមថា «គ្រប់អង្គភាពចំណុះ ត្រូវត្រួតពិនិត្យ វាយតម្លៃសមត្ថភាពការងារ វិន័យ សីលធម៌ជាក់ស្ដែងរបស់យោធិននារី តាមអង្គភាព ស្ថាប័ននីមួយៗ ដើម្បីផ្ដល់ឱកាសឱ្យនារីទទួលបាននូវឋានន្តរសក្តិ តួនាទីសមស្រប ទៅនឹងសមត្ថភាពនឹងតម្រូវការចាំបាច់ នៃក្របខណ្ឌការងារ»

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ បានបន្តថា សម្រាប់នៅបញ្ជាការដ្ឋានកងទ័ពជើងអាកាស ត្រូវបន្តយកចិត្តទុកដាក់ជំរុញយោធិននារីតាមរយៈផ្ដល់ឱកាសសិក្សារៀនសូត្រ និងបង្កលក្ខណៈចូលរួមគ្រប់សកម្មភាព ដើម្បីឱ្យនារីបានបង្កើតនូវសមត្ថភាព ចំណេះដឹង ផ្នែកជំនាញឌីជីថល ដើម្បីបំពេញតួនាទី ភារកិច្ចឱ្យកាន់តែប្រសើរឡើងប្រកបដោយវិជ្ជាជីវៈ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានគូសបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ ស្ត្រីក៏ត្រូវបានសង្គមកម្ពុជា ឱ្យតម្លៃយ៉ាងខ្ពស់ដោយស្ត្រីបានដើរតួនាទី ក្នុងការបម្រើផលប្រយោជន៍ឱ្យសង្គម លើគ្រប់វិស័យដូចជា៖ វិស័យនយោបាយ, យោធា, សេដ្ឋកិច្ច, តុលាការ និងក្លាយជាអ្នកដឹកនាំលើវិស័យជាច្រើនទៀត»

បើតាមយោធិនជានារី ដែលបម្រើការងារក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាស បានលើកឡើងថា ពួកគេត្រូវបានយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំរបស់បញ្ជាការដ្ឋាន ព្រមទាំងមានការលើកទឹកចិត្ត ជាពិសេសនៅពេលយោធិនារី សម្រាលកូន គឺតែងទទួលបាននូវអំណោយ និងឧបត្ថម្ភថវិកាជាដើម ហើយសម្រាប់ការផ្ដល់តួនាទី គឺបញ្ជាការដ្ឋាន ពិនិត្យទៅលើរយៈពេល នៃការបំពេញការងារ ឬតាមសមត្ថភាពជាក់ស្ដែង។

ទន្ទឹមនឹងនេះដែរ យោធិននារីក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាសកម្ពុជា គូសបញ្ជាក់បន្ថែមថា នារីនៅក្នុងអង្គភាពទ័ព ត្រូវបានថ្នាក់ដឹកនាំអង្គភាពយកចិត្តទុកដាក់បញ្ជូនឱ្យហ្វឺនហ្វឹន បង្កើនសមត្ថភាពកាន់តែច្រើនឡើងៗ ជាពិសេសលើជំនាញបច្ចេកទេស ដែលពីមុនសំបូរតែយោធិនជាបុរស។ ក្រៅពីនេះ យោធិនជានារី គឺមានឱកាសច្រើនក្នុងចូលសកម្មភាពជាច្រើនទាំងក្នុងក្របខ័ណ្ឌអង្គភាពទ័ព និងកិច្ចការងារសង្គមផ្សេងៗជាដើម។

គួរបញ្ជាក់ថា នៅបញ្ជាការដ្ឋានកងទ័ពជើងអាកាស មានយោធិនជានារីជិត ២០០នាក់ ដែលមានឋានន្តរសក្តិចាប់ពីឧត្តមសេនីយ៍ត្រី ដល់ពលទោ៕