(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ឆ្នាំ២០២២ គឺជាឆ្នាំដ៏ជោគជ័យបំផុត នៃនយោបាយការទូតរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងពេលអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។
នៅក្នុងពិធីនោះ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសំខាន់ៗជាច្រើនដែលថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកក្រសួងការបរទេសសម្រេចបានក្នុងឆ្នាំ២០២២កន្លងទៅ និងសរសើរដល់វិភាគទានដ៏សំខាន់ដែលបានចូលរួមចំណែកពីស្ថាប័នអង្គភាពពាក់ព័ន្ធ បានចូលរួមចំណែកក្នុងការធ្វើឱ្យឆ្នាំ២០២២ ក្លាយជាឆ្នាំជោគជ័យក្នុងការងារទូតរបស់កម្ពុជា។
សម្ដេចតេជោ បានគូសរំលេចថា ឆ្នាំ២០២២ គឺជាឆ្នាំមិនធម្មតាសម្រាប់សមរភូមិការទូតរបស់កម្ពុជា គឺជាឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានប្ដូរវេនរបស់អាស៊ានខណ:មានការប្រឈមធំៗ ស្មុគស្មាញ និងច្រើនបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិនៃសហគមន៍តំបន់។ ទោះបីកម្ពុជាបានគ្រប់គ្រងដោយជោគជ័យនៃជំងឺរាតត្បាតកូវីដ-១៩ និងបើកប្រទេសឡើងវិញហើយក៏ដោយ ប៉ុន្តែលេចឡើងនូវបរិបទថ្មីៗនៅបន្តដាក់សម្ពាធធ្ងន់ធ្ងរលើវិស័យសុខាភិបាលសាធារណៈ ការប្រកួតប្រជែងរវាងមហាអំណាចធំបំផុតទាំង២ កាន់តែមានលក្ខណៈអួអាប់ស្មុគស្មាញឡើងទៀត កាន់តែច្រើនបង្កជាសម្ពាធកាន់តែធ្ងន់ធ្ងរមកលើប្រទេសនានាក្នុងតំបន់ ពិសេសមកលើកម្ពុជា។
បន្ថែមពីលើនេះ វិបត្តិនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងមនុស្សធម៌នៅមីយ៉ាន់ម៉ា ជាបញ្ហាសម្រាប់អាស៊ាន ហើយបន្ទុកនៃការជួយស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនេះ បានធ្លាក់មកលើកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន និងប្រេសិតពិសេសរបស់ប្រធានអាស៊ាន។ ស្ថានការណ៍នៅឧបទ្វីបកូរ៉េ បន្តធ្លាក់ចុះដុនដាបដោយសារការបាញ់សាកល្បងមីស៊ីលក្នុងចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិកូរ៉េខាងជើង។
ក្រៅតែពីបញ្ហាខាងលើនេះ សម្តេចតេជោ បានលើកឡើងដែរថា គ្រាសភាពការណ៍នៅសមុទ្រចិនខាងត្បូងរក្សាបានភាពស្ងប់ស្ងៀមបង្គួរ បញ្ហាតៃវ៉ាន់បានក្លាយទៅជា ចំណុចក្តៅក្នុងទំនាក់ទំនងចិន-អាមេរិក ពិសេសបន្ទាប់ពីទស្សនកិច្ចរបស់ប្រធានសភាអាមេរិកដែលកើតឡើងចំថ្ងៃដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបើកកិច្ចប្រជុំរបស់ខ្លួននៅទីក្រុងភ្នំពេញ។ រឿងដ៏រន្ធត់ផ្នែកសណ្តាប់ធ្នាប់អន្តរជាតិ គឺការធ្វើសង្គ្រាមរបស់រុស្ស៉ី ប្រឆាំងអ៊ុយក្រែន ដែលមកដល់ពេលនេះបានបង្កឱ្យទាហាន និងជនស៊ីវិលរាប់ម៉ឺននាក់ស្លាប់ រាប់លាននាក់ភៀសខ្លួនហើយហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់ត្រូវបានបំផ្លាញ។
សម្តេចតេជោ បានគូសរំលេចថា «ព្រឹត្តិការណ៍ដែលបានកើតឡើងនៅតំបន់ខាងលើពិតជាបានជះឥទ្ធិពលផ្ទាល់ ឬប្រយោលមកលើកម្ពុជាយើង បង្កជាសម្ពាធធ្ងន់ធ្ងរមកលើអធិបតេយ្យ ឯករាជ្យភាព អព្យាក្រឹត្យភាពនិងការសម្រេចចិត្តនានាខាងនយោបាយរបស់យើងទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ»។
«ប៉ុន្តែដោយសារការប្រកាន់ខ្ជាប់គោលនយោបាយការបរទេសមួយដែលឯករាជ្យផ្អែកលើច្បាប់ផ្អែកលើផលប្រយោជន៍ស្នូលរបស់ជាតិនិងប្រជាជនយើង យើងបានប្រែក្លាយការប្រឈមឱ្យទៅជាកាលានុវត្តភាព និងបានបង្ហាញឱ្យឃើញសុឆន្ទៈយ៉ាងពិតប្រាកដក្នុងការគោរពច្បាប់គោលបំណងនិងគោលការណ៍ទាំងឡាយនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ។
យោងតាមរបាយការណ៍របស់លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស បានគូសរំលេចថា ឆ្នាំ២០២២ កម្ពុជាទទួលបានជោគជ័យខ្លាំងលើទំនាក់ទំនងទ្វេភាគី និងពហុភាគី។
១៖ ទំនាក់ទំនងទ្វេភាគី
* កម្ពុជាបានបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈសកម្មភាពរបស់ស្ថានទូត/ស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជានៅបរទេសចំនួន ៣១ស្ថានអគ្គកុងស៊ុលកម្ពុជានៅបរទេស ចំនួន១២ កុងស៊ុលកិត្តិយសកម្ពុជានៅបរទេស ចំនួន២៦ និងមន្ត្រីការទូតដែលកំពុងបំពេញបេសកកម្មនៅបរទេសសរុបចំនួន ២០២នាក់។
* នៅក្នុងទិសដៅរួមចំណែកជួយស្វែងរកដំណោះស្រាយសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាដើម្បីពង្រឹងបន្ថែមចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី បានបំពេញទស្សនកិច្ចការងារ និងទស្សនកិច្ចផ្លូវការ នៅប្រទេសមីយ៉ាន់ម៉ា បារាំង គុយបា ជប៉ុន សាធារណរដ្ឋកូរ៉េ និង វៀតណាម។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបំពេញទស្សនកិច្ចផ្លូវការ និងការងារ នៅប្រទេសបារាំង អាល្លឺម៉ង់ និងតួកគី និងបានអញ្ជើញចូលរួមកិច្ចប្រជុំសំខាន់ៗផ្សេងទៀត ដូចជាជាមួយគណៈកម្មការអឺរ៉ុប នៅទីក្រុងព្រុចសែល កិច្ចប្រជុំពិគ្រោះយោបល់បើកចំហស្តីពីបញ្ហាមីយ៉ាន់ម៉ា នៅទីក្រុងបាងកក កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ នៅទីក្រុងបាហ្គាន ប្រទេសមីយ៉ាន់ម៉ា ចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក នៅទីក្រុងប៉ារីស កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ឥណ្ឌា នៅទីក្រុងញូវដេលី ធ្វើជាសហប្រធានកិច្ចប្រជុំ ពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានអំពីបញ្ហាមីយ៉ាន់ម៉ា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៉ី។ល។ ទន្ទឹមនេះ កម្ពុជាក៏បានស្វាគមន៍ទស្សនកិច្ចផ្លូវរដ្ឋ និងផ្លូវការរបស់ថ្នាក់ដឹកនាំបរទេស ចំនួន១១ មកពីប្រទេសចិន ជប៉ុន វៀតណាម ម៉ាឡេស៉ី សិង្ហបុរី ទីម័រខាងកើត ព្រុយណេ ឥណ្ឌូណេស៉ី អារ៉ាប៊ីសាអូឌីត បង់ក្លាដែស និងគុយបា។
* ទំនាក់ទំនងកម្ពុជានិងប្រទេសជិតខាងបានបន្តល្អប្រសើរ ជាមួយនឹងការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបសន្ទនារវាងថ្នាក់ដឹកនាំជាញឹកញាប់។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិកជាទូទៅ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបទ្វេភាគីជាច្រើនលើកក្នុងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ ជាពិសេសសន្ទុះកំណើនការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាតសកល។ ក្នុងនោះទំនាក់ទំនងទ្វេភាគីគួរឱ្យកត់សម្គាល់៖ (១) ជាមួយចិន នៅបន្តរក្សាបាននូវ «សហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងមិត្តភាពដែកថែប និងកសាងសហគមន៍វាសនារួមជាមួយគ្នា» ជាមួយនឹងទំនុកចិត្តនយោបាយខ្ពស់ និងឈរលើកិច្ចសហប្រតិបត្តិការជិតរឹងមាំលើគ្រប់វិស័យ (២) ជាមួយជប៉ុន បានបន្តក្នុងភាពជិតស្និទ្ធ ដោយក្នុងឆ្នាំ២០២២ នាយករដ្ឋមន្ត្រីទាំងពីរបានជួបសន្ទនាគ្នាដោយផ្ទាល់រហូតដល់ទៅ ៤លើក។ ក្នុងជំនួបចុងក្រោយរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រី Kishida Fumio ភាគីទាំងពីរបានសម្រេចដំឡើងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំ២០២៣នេះ ជាឆ្នាំដែលប្រទេសទាំងពីរអបអរសាទរខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតជាមួយគ្នា (៣) ជាមួយវៀតណាម និងឡាវ ទំនាក់ទំនងត្រូវបានបន្តពង្រឹង និងពង្រីកថែមទៀតជាលំដាប់ ពិសេសតាមរយៈជំនួបអាហារពេលព្រឹកការងាររវាងនាយករដ្ឋមន្ត្រីទាំងបី កម្ពុជា វៀតណាម និងឡាវ នៅទីក្រុងព្រុចសែល កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។
* ការប្រកាន់ជំហរយ៉ាងត្រឹមត្រូវ និងម៉ឺងម៉ាត់របស់កម្ពុជា គាំទ្រគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ (អ.ស.ប.) ក្នុងសង្គ្រាមនៅអ៊ុយក្រែន បានកែសម្រួលយ៉ាងខ្លាំងនូវទំនាក់ទំនងរវាងកម្ពុជាជាមួយបណ្តាប្រទេសបស្ចិមលោក រួមទាំងសហរដ្ឋអាមេរិក (ស.រ.អា.) ផងដែរ ដោយបង្ហាញឱ្យឃើញច្បាស់នូវការប្រកាន់នយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ។ ការកែសម្រួលនេះ បានស្តែងឡើងតាមរយៈការអញ្ជើញមកចូលរួម របស់លោកប្រធានាធិបតីអាមេរិក Joe Biden និងលោករដ្ឋមន្ត្រីការបរទេស Antony Bliken ក្នុងកិច្ចប្រជុំកំពូល និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពាក់ព័ន្ធនឹងអាស៊ាន និងគណៈប្រតិភូចម្រុះព្រឹទ្ធសភានិងសភាអាមរិក និងឥស្សរជននានា ដែលបានមកបំពេញទស្សនកិច្ចជាបន្តបន្ទាប់នៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ច និងពិសាអាហារពេលល្ងាច ជាលើកដំបូង នៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីចុងឆ្នាំ២០២២ កន្លងទៅ ចាប់តាំងពីប្រទេសទាំងពីរភ្ជាប់ទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៥០មក។
សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានលោកប្រធានាធិបតីបារាំង Emmanuel Macron អញ្ជើញបំពេញទស្សនកិច្ចការងារ ដោយរៀបចំបាយការងារនៅវិមាន Élysée កាលពីថ្ងៃទី១៣ ខែធ្នូ។ ក្នុងឱកាសនោះ លោកប្រធានាធិបតី បានផ្តល់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ហើយកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំកំពូលទាំងពីរបានប្រព្រឹត្តទៅប្រកបដោយភាពជិតស្និទ្ធ ស្មោះត្រង់ និងការទុកចិត្តគ្នាទៅវិញទៅមក។
ក្រៅពីនេះ ក្នុងឱកាសអញ្ជើញជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល កាលពីថ្ងៃទី១៤ ខែធ្នូ កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបទ្វេភាគីជាមួយឥស្សរជនបរទេសមួយចំនួនទៀតរួមមាន អធិការបតីអាល្លឺម៉ង់ Olaf Scholz នាយករដ្ឋមន្ត្រីហូឡង់ Mark Rutte និងនាយករដ្ឋមន្ត្រីហ្វាំងឡង់ Sanna Marin។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបជាមួយធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel ចំនួន ២ដងនៅជប៉ុន និងនៅកម្ពុជា។
* ជាមួយគ្នានេះ កបទ.សអ. ក៏បានខិតខំប្រឹងប្រែងក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយប្រទេសជាមិត្ត តាមរយៈយន្តការកិច្ច ពិគ្រោះយោបល់ទ្វេភាគី ទាំង១១ និងកំពុងបន្តរិះរកមធ្យោបាយ និងលទ្ធភាពធ្វើពិពិធកម្មដៃគូទំនាក់ទំនងអន្តរជាតិ តាមរយៈយន្តការនេះជាមួយបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាស៉ី អូសេអានី អឺរ៉ុបកណ្តាល និងខាងកើត អាមេរិកឡាទីន និងអាមេរិកកណ្តាល។
២៖ ទំនាក់ទំនងពហុភាគី
* ក្នុងក្របខ័ណ្ឌអាស៊ាន កម្ពុជាទទួលជោគជ័យយ៉ាងត្រចះត្រចង់ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ ចំពោះភាពប៉ិនប្រសប់ បត់បែន និងវាងវៃ នៅក្នុងការដឹកនាំកិច្ចប្រជុំពេញមួយឆ្នាំក្នុងតួនាទីជាប្រធានប្តូវេនអាស៊ាន រួមទាំងតួនាទីដ៏សកម្មរបស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានក្នុងដំណើរការស្វែងរកដំណោះស្រាយ ដើម្បីជួយមីយ៉ាន់ម៉ា ត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ ជាក់ស្តែង កម្ពុជាទទួលបានលទ្ធផលគួរជាទីមោទនៈ នៅក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីពាក់ព័ន្ធ ដោយបានចេញទាន់ពេលវេលានូវសេចក្តីប្រកាសរួម របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន (Joint Communiqué) ដែលជាឯកសារយោងដ៏សំខាន់បំផុតមួយសម្រាប់ព្រាងឯកសារសមិទ្ធផលដទៃផ្សេងទៀត។ សរុបមក កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ សម្រេចលទ្ធផលលើសពីការរំពឹងមួយចំនួន រួមមាន៖ (១) ការសម្រេចបានឯកសារ១០១ ក្នុងចំណោមឯកសារសមិទ្ធផលដទៃទៀត ដែលត្រូវបានអនុម័ត និងកត់សម្គាល់ដោយថ្នាក់ដឹកនាំកំពូលអាស៊ាន (២) ការបន្ថែមសមាជិកថ្មីក្នុងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ (TAC) ចំនួន៧ ក្នុងមួយឆ្នាំ ដែលនេះ ច្រើនជាងឆ្នាំណាៗទាំងអស់ (៣) ការពង្រីកដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេស ចំនួន២ និង (៤) ការសម្រេចទទួលជាគោលការណ៍ឱ្យទីម័រខាងកើតចូលជាសមាជិកអាស៊ានទី១១។ បន្ថែមលើកិច្ចប្រជុំអាស៊ានដែលមានជាទៀងទាត់ កម្ពុជាក៏បានធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៉ីនតោន និងកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រកបដោយភាពជោគជ័យគាប់ប្រសើរ។
* ក្រៅពីនេះ កម្ពុជាក៏បានបន្តចូលរួមយ៉ាងសកម្មក្នុងយន្តការពហុភាគីដទៃទៀត ដើម្បីចូលរួមជាផ្នែកមួយក្នុងការកសាងសហគមន៍ នៅក្នុងតំបន់ និងសកលលោក ប្រកបដោយសន្តិភាព សន្តិសុខ និងវិបុលភាព ដូចជាយន្តការកិច្ចសហប្រតិបត្តិការមេគង្គ, Francophonie, NAM, CICA, SCO, ADM, BOAO, CLV, CLMV ជាដើម។
ការងារទី៣៖ ការចូលរួមក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព និងដំណោះស្រាយបញ្ហាប្រឈមនានានៅក្នុងពិភពលោក
* ពីឆ្នាំ២០០៦ រហូតដល់ពេលបច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកម្លាំងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ (អ.ស.ប.) សរុបចំនួន ៨ ៩៥១នាក់ (ស្រ្តី៖ ៦៩២នាក់) ទៅកាន់ប្រទេសចំនួន ៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីបង់ ស៉ីប ស៉ីរីម៉ាលី និងយេម៉ែន។ តាមការវាយតម្លៃរបស់អ.ស.ប. កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ២៨ ក្នុងចំណាមប្រទេសចំនួន ១២២ និងចំណាត់ថ្នាក់លេខ ៣ ក្នុងតំបន់អាស៊ាន (បន្ទាប់ពីឥណ្ឌូណេស៉ី និងម៉ាឡេស៉ី)ក្នុងការចូលរួមបំពេញបេសកកម្មដ៍ឧត្តុង្គឧត្តមនេះ។ ដោយឡែក ក្នុងការបញ្ជូនកងកម្លាំងជានារី កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១៣ ទូទាំងពិភពលោក និងចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមប្រទេសអាស៊ានបន្ទាប់ពីឥណ្ឌូណេស៉ី។
* ស្ថិតក្នុងបរិការណ៍ដ៏គ្រោះថ្នាក់បែបនេះ កម្ពុជានឹងពង្រឹងការអនុវត្តនយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់អន្តរជាតិ ដោយបន្តការងារការទូតបុរេសកម្ម វាងវៃ និងបត់បែនក្នុងការពង្រឹងទំនាក់ទំនងជាមួយមិត្តចាស់ បង្កើនទំនាក់ទំនងជាមួយមិត្តថ្មី ស្របតាមការវិវឌ្ឍសភាពការណ៍ភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោក។ យើងនឹងបន្តប្តេជ្ញាការពារនូវផលប្រយោជន៍ស្នូលរបស់ជាតិ ពោលគឺការពារ អធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យភាពកម្ពុជា ការពារសន្តិភាព ស្ថិរភាពក្នុងប្រទេសដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមផែនការយុទ្ធសាស្ត្រជាតិ។ កបទ.សអ.នឹងបន្តខិតខំចូលរួមក្នុងការកៀរគរទុនវិនិយោគបរទេស ភ្ញៀវទេសចរណ៍ និងផ្សព្វផ្សាយពង្រីកទីផ្សារថ្មីដើម្បីជំរុញផលិតកម្មក្នុងស្រុក។ បន្ថែមពីនេះ កបទ.សអ. នឹងបន្តអនុវត្តការទូតវប្បធម៌ រួមមានការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ សិល្បៈ និងម្ហូបអាហារ ក្នុងស្មារតីបង្កើត និងបង្កើនអំណាចស្រទន់ និងការស្គាល់កម្ពុជាលើឆាកអន្តរជាតិ៕