(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល សូមប្រកាស បានគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផល នៃអង្គសវនាការលើសំណុំរឿងក្បត់ជាតិរបស់ លោក កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ក្នុងគោលបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។

យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានចាត់ទុកថា សវនាការលើសំណុំរឿង ក្បត់ជាតិរបស់លោក កឹម សុខា ត្រូវបាន អ្នកច្បាប់ និងអ្នកសង្កេតការណ៍នានាចាត់ទុកថា ជាសវនាការដែលបានប្រព្រឹត្តទៅប្រកបដោយភាពត្រឹមត្រូវ ស្របតាមនីតិវិធីច្បាប់កម្ពុជា និងប្រកបដោយតម្លាភាព ដោយសារសវនាការបានប្រព្រឹត្តទៅជាសាធារណៈ ហើយ អ្នកសារព័ត៌មាន តំណាងអង្គការសង្គមស៊ីវិលមួយចំនួន និងតំណាងស្ថានទូតបរទេសមួយចំនួន ក៏ត្រូវបានអនុញ្ញាត ឱ្យចូលរួមសង្កេតការណ៍ជាប់ជាប្រចាំនៅក្នុងអង្គសវនាការ។

យុវជនគណបក្សប្រជាជនកម្ពុជា សូមថ្កោលទោសយ៉ាងដាច់ អហង្ការចំពោះគំនិតក្បត់ជាតិ ក្បត់ប្រជាជន និងទឹកដី ដែលបុគ្គលរូបនេះ និងបក្សពួកតែងតែចិញ្ចឹមចិត្ត រិះរក គ្រប់វិធីសាស្ត្រក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាល ដោយប្រើប្រាស់កម្លាំងមហាជន ឬធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំ គឺជាអំពើខុសច្បាប់ ដែលអំពើនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋទាំងមូល។

យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានបន្តថា ក្នុងន័យនេះ ជនជាប់ចោទ បានប្រើប្រាស់ការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមកធ្វើជាលេស ឬជាឈ្នាន់ក្នុងការប្រមូលកម្លាំងមហាជន តាមគ្រប់មធ្យោបាយដោយ ស្របច្បាប់ និងមិនស្របច្បាប់ សំដៅធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា។ សកម្មភាពរបស់ជនក្បត់ជាតិខាងលើ ក៏ជាមូលដ្ឋានមួយ អនុញ្ញាតឱ្យបរទេសលូកដៃ ចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ឈានដល់ការបំផ្លាញនូវអធិបតេយ្យភាព និងឯករាជ្យភាពជាតិ ព្រមទាំង ផ្ទុយទៅនឹងច្បាប់ដែលកំពុងមានជាធរមានរបស់កម្ពុជា។

យុវជនគណបក្សប្រជាជនកម្ពុជា ក៏ដូចជាពលរដ្ឋកម្ពុជា សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះការសម្រេចចិត្តរបស់តុលាការក្នុងការផ្តន្ទាទោសជនក្បត់ជាតិ កឹម សុខា ដាក់ពន្ធនាគាររយៈពេល២៧ឆ្នាំ គឺពិតជាត្រឹមត្រូវបំផុត ស្របតាមនីតិវីធី នៃច្បាប់កម្ពុជា និងប្រកបដោយតម្លាភាព ក្នុងពេលនេះ៕