(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិស្សិតជយលាភីអាហារូបករណ៍ រដ្ឋាភិបាលអូស្ត្រាលី ឆ្នាំ២០២៣ ចំនួន ១១នាក់ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។

លោកស្រីអគ្គលេខាធិការ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់និស្សិតចូលរួមទាំងអស់។

ជាការឆ្លើយតប លោកស្រី ហេង វង្សដាលីស តំណាងបេក្ខជនជយលាភីអាហារូកណ៍រដ្ឋាភិបាលអូស្ត្រាលី ឆ្នាំ២០២៣ បានសម្តែងនូវសេចក្តីសោមន្សរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្លែងអំណរគុណលោកស្រីអគ្គលេខាធិការ ដែលបានអនុញ្ញាតឱ្យក្រុមនិសិ្សតបានជួបសម្តែងការគួរសមនាពេលនេះ។

លោកស្រី ហេង វង្សដាលីស បានបន្តទៀតថា រាជរដ្ឋាភិបាលអូស្ត្រាលី បានផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា អស់រយៈពេល ២៨ឆ្នាំមកហើយ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣នេះ បេក្ខជនជយលាភីសរុបត្រូវបានជ្រើសរើសមានចំនួនសរុបចំនួន៤៥នាក់ និងត្រូវបែងចែកជាពីរក្រុម ដោយក្រុមទី១មានចំនួន៣០នាក់ បានចេញដំណើរទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី នាដើមខែមករា ឆ្នាំ២០២៣នេះ និងក្រុមទី២មានចំនួន ១៥នាក់ និងគ្រោងចេញដំណើរទៅបន្តការសិក្សានៅក្នុងខែមិថុនា ឆ្នាំ២០២៣នេះផងដែរ។

ក្រុមនិស្សិតក៏បានថ្លែងអំណរគុណចំពោះលោកស្រីអគ្គលេខាធិការ ដែលបានផ្តល់បទពិសោធន៍ និងបង្ហាញសកម្មភាពមនុស្សធម៌ល្អៗ ដែលធ្វើឱ្យក្រុមនិស្សិតទទួលបានចំណេះដឹងជាច្រើន និងយល់កាន់តែច្បាស់អំពីសកម្មភាពមនុស្សធម៌ ដែលមានលក្ខន្តិកៈវិធាននៃនីតិក្រមបទបញ្ញត្តិហិរញ្ញវត្ថុត្រឹមត្រូវ និងមានយុទ្ធសាស្ត្រដែលមានរយៈពេល១០ឆ្នាំ សម្រាប់អនុវត្តការងារជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។

ជាពិសេសក្រោមការដឹនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺអភិវឌ្ឍស្ថាប័ន ក្នុងការធ្វើវិមជ្ឈការ និងវិសហមជ្ឈការផ្នែកហិរញ្ញវត្ថុ ដើម្បីឲ្យសាខាកាកបាទក្រហមទាំង២៥ មានភាពរឹងមាំ និងមានលទ្ធភាពក្នុងសម្រាលការលំបាកប្រជាពលរដ្ឋបានទាន់ពេលវេលា៕