(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ​នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា មានជនខិលខូចមួយចំនួន បានបង្កើតទំព័រហ្វេសប៊ុក (Facebook Page) ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងនិម្មិតសញ្ញា (Logo) របស់រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាបង្កចលាចលក្នុងសង្គម។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញ Fresh News ទទួលបាន។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យបញ្ឈប់ការចែកចាយបន្តនូវព័ត៌មានចេញពីទំព័រហ្វេសប៊ុកក្លែងក្លាយខាងលើ។ ដោយឡែក ម្ចាស់ទំព័រហ្វេសប៊ុកក្លែងក្លាយ ត្រូវបញ្ឈប់សកម្មភាព និងលុបចោល នូវទំព័រហ្វេសប៊ុកក្លែងក្លាយនេះជាបន្ទាន់។

បើតាមសេចក្តីជូនដំណឹងដដែល ករណីមិនអនុវត្តតាមការណែនាំនោះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការស្រាវជ្រាវ ស្វែងរកជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕