(កំពង់ចាម)៖ លោក ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម និងត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួម ពិធីប្រគល់រង្វាន់ជ័យលាភីយុវជនឆ្នើម ជាវាគ្មិនគណបក្សប្រជាជនកម្ពុជា ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានថ្លែងថា យុវជនដែលជាវាគ្មិនរបស់បក្ស ដែលបានមកពីការស្ម័គ្រចិត្តនាពេលនេះ គឺបានបង្ហាញពី ភាពក្លាហាន សមត្ថិភាព និងភាពជឿជាក់ក្នុងការបង្ហាញមតិ ឆន្ទៈនិងការប្តេជ្ញាគាំទ្ររបស់ខ្លួន ចំពោះគណបក្ស។ វាគ្មិនគឺជាឃោសនិករបស់បក្សដូច្នេះយុវជន ត្រូវក្តាប់ឱ្យបាននូវព័ត៌មាន ការវិវត្តរបស់សង្គម គោលការណ៍ គោលយោបាយដើម្បីផ្សព្វផ្សាយដល់ប្រជាជន ឱ្យគាំទ្រដល់អំពើល្អរបស់បក្ស ដែលមានរចនាសម្ព័ន្ធដឹកនាំ និងរបៀបរបបការងារច្បាស់លាល់។
លោកបានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា មិនមែនល្អឥតខ្ចោះនោះទេ ប៉ុន្តែបើប្រៀបធៀប ជាមួយគណបក្សដទៃគណបក្សប្រជាជន មានស្នាដៃ និងគុណសម្បត្តិច្រើនណាស់ គ្មានគណបក្សណាធ្វើច្រើនជាងគណបក្សប្រជាជនទេ។ សុខសន្តិភាព ការរីកចម្រើននិងវាសនារបស់ប្រទេសជាតិ គឺអាស្រ័យលើការទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំដែលកន្លងមក មិនដែលរត់ចោលប្រជាជន គឺនៅជាមួយប្រជានជានិច្ច»។
ជាមួយគ្នានេះកូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តីរូបនេះ បានថ្លែងអំណរគុណក្រុមការងារ ដែលបានយកចិត្តទុកដាក់រៀបចំការងារជ្រើសរើសយុវជនឆ្នើម ជាវាគ្មិនគណបក្សប្រជាជនកម្ពុជា ក្រុងកំពង់ចាម ដើម្បីបណ្តុះស្មារតី និងពង្រឹងសមត្ថភាពរបស់យុវជន ដែលជាកម្លាំងស្នូលរបស់បក្ស។
សូមបញ្ជាក់ថា នៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៦ ក្រុមការងារយុវជនថ្នាក់កណ្ដាលចុះជួយក្រុង បានរៀបចំ បើកការប្រគួតប្រជែងជ្រើសរើសយុវជនឆ្នើម ជាវាគ្មិនគណបក្សប្រជាជនកម្ពុជា ក្រុងបានរួចរាល់ ហើយ ទទួលបានលទ្ធផល អ្នកជាប់ចំណាប់ថ្នាក់លេខ ១ ចំនួន ២រូប ជាប់ចំណាត់ថ្នាក់លេខ២ ចំនួន២រូប ជាប់ចំណាត់ ថ្នាក់លេខ៣ ចំនួន២រូប ជាប់ចំណាត់ថ្នាក់លេខ៤ ចំនួន ១រូប និងចំណាត់ថ្នាក់លេខ ៥ ចំនួន ១ រូប សរុបវាគ្មិនទាំងអស់មានចំនួន២៨រូប។ ដំណើរនៃការប្រគួតប្រជែងជ្រើសរើស យុវជនឆ្នើមជាវាគ្មិន ដឹកនាំដោយលោក អឹុង គឹមលាង អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុង និងជាប្រធាន ទទួលបន្ទុកយុវជន៕