(ភ្នំពេញ)៖ លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិក នៃបេឡាជាតិសន្តិសុខសង្គម បានបង្ហាញថា សម្រាប់កម្មករ បុគ្គលិកទាំងអស់ ដែលបានបម្រើការងារ ក្នុងប្រទេសកម្ពុជា ត្រូវបានការការពារហានិភ័យការងារ ក្នុងនោះកត្តាសុខភាពក៏ត្រូវបានការការពារ ពីបេឡាជាតិសន្ដិសុខសង្គម(ប.ស.ស)ផងដែរ។
ការលើកឡើងរបស់លោក សុខ បូរ៉ា ធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី របបសន្ដិសុខសង្គមជូនដល់សមជិកអ្នកសារព័ត៌មាន ដោយរៀបចំឡើងដោយអង្គការអុកស្វាម និងក្លឹបអ្នកការសែតកម្ពុជា ក្រោមគម្រោងស្ដីពី «គាំពារសង្គមប្រកបដោយបរិយាបន្ន ដែលឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។
លោកបានថ្លែងថា នេះជាលើកទី១ដែលបេឡាជាតិសន្ដិសុខសង្គម បានផ្សព្វផ្សាយពី អត្ថប្រយោជន៍លើសន្ដិសុខសង្គម ផ្នែកការងារ ការថែទាំងសុខភាព ពិសេសគឺប្រាក់សោធនជូនដល់សមាជិកសមាជិការ។
លោក សុខ បូរ៉ា បានថ្លែងថា «សម្រាប់ថ្ងៃនេះបេឡាជាតិសន្ដិសុខសង្គម បានផ្ដោតសំខាន់លើការ ការពារគ្រោះថ្នាក់នៃការងារ ដែលជួយដល់បុគ្គលិកកម្មករទាំងអស់ ដែលបម្រើការងារនៅកម្ពុជា បានជួបបញ្ហាអាចទទួលបានអត្ថប្រយោជន៍ពី ប.ស.ស។ កត្តាសុខភាពបូករួមទាំងជំងឺមហារីក ត្រូវបានការការពារដោយឥតគិតថ្លៃពី ប.ស.ស»។
លោកបានបញ្ជាក់ថា ក្នុងនោះផ្នែកប្រាក់សោធន ដែលត្រូវបានរាជរដ្ឋាភិបាលបាន ដាក់ឲ្យអនុវត្តន៍បានចំនួន៤ខែហើយ ដោយចាប់ផ្ដើមពីចុងឆ្នាំ២០២២ ដែលជាប្រវត្តិសាស្រ្ដរបស់កម្មករ និយោគជិក ក្នុងវិស័យឯកជន គឺមានរបរចូលនិវត្តន៍ ដែលរបបសន្ដិសុខសង្គមបានជួយបងប្អូនកម្មករ និយោជិត ដែលឈានដល់វ័យចំណាស់។ ក្រៅពីការបើកប្រាក់សោធននេះហើយ កម្មករ និយោជិតក៏ទទួលបានសេវាថែទាំសុខភាពក្នុងមន្ទីរពេទ្យ ដូច្នេះបងប្អូនមិនចាំបាច់បារម្ភថា នៅពេលដែលចាស់ទៅត្រូវសម្រាកព្យាបាល ពុំចាំបាច់ចំណាយថវិកាពីអ្នកផ្ទះទៀតឡើយ ដោយគ្រប់ការចំណាយទាំងអស់ របបសន្ដិសុខសង្គមជាអ្នករ៉ាប់រង ដូច្នេះបងប្អូនទទួលបានទាំងប្រាក់សោធន និងការរ៉ាប់រងពេលឈឺថ្កាត់ ព្រោះ ប.ស.ស អ្នករ៉ាបរងជំនួស។
លោកស្រី កេក ណារ៉ាទេវី អ្នកសម្របសម្រួលផ្នែកទំនាក់ទំនងនៃអង្គការ Oxfam បានថ្លែងថា អង្គការ Oxfam បានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយស្ថាប័ន្ធពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក្នុងការលើកកម្ពស់ ការអនុវត្តន៍គោលនយោបាយគាំពារសង្គម។
លោកស្រីបន្ដថា ថ្ងៃនេះអង្គការ Oxfam បានចូលរួមពង្រឹងការផ្សព្វផ្សាយពីកិច្ចគាំពារសង្គម ដល់ក្រុមគោលដៅ ដែលពុំទាន់ទទួលបានកិច្ចគាំពារសង្គម រួមទាំងជនជាតិភាគតិចផងដែរ ក្នុងនោះអង្គការ Oxfam បានធ្វើការជាមួយសង្គមស៊ីវិល និងរាជដ្ឋាភិបាលផ្សព្វផ្សាយលើកិច្ចគាំពារសង្គម ជួយសម្របសម្រួលធ្វើយ៉ាងណាឲ្យពលរដ្ឋ មានស្ថានភាពក្រីក្រ ទទួលបានព័ត៌មាននានា ចំពោះ ប.ស.ស នេះគឺបានផ្សព្វផ្សាយយ៉ាងខ្លាំង ដល់កម្មករក្នុងវិស័យកាត់ដេរជាដើម។
សូមបញ្ជាក់ថា ដើម្បីជួយជ្រោមជ្រែងរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈម អង្គការអុកស្វាមនៅកម្ពុជា ក្រោមការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីមូលនិធិ Laudes Foundation បានសហការជាមួយអង្គការក្រៅរដ្ឋាភិបាល និងសហជីពចំនួន៤ ដើម្បីអនុវត្តគម្រោងមួយដែលមានឈ្មោះថា «គាំពារសង្គមប្រកបដោយដោយបរិយាបន្ន ដែលឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ ឬហៅកាត់ថា INSPIRE»។
គម្រោងនេះនឹងត្រូវអនុវត្តរួមគ្នាពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ គំនិតផ្តួចផ្តើមនេះនឹងអនុញ្ញាតឲ្យកម្មករនិយោជិត ក្នុងវិស័យកាត់ដេរអាចទទួលបានសេវាគាំពារសង្គម និងព័ត៌មាននានាស្តីពី កិច្ចគាំពារសង្គមកាន់តែប្រសើរឡើង។
សូមជម្រាបថា គោលបំណងរបស់សិក្ខាសាលានេះរៀបចំឡើងដើម្បី៖
១៖ ពង្រឹងសមត្ថភាពជូនអ្នកសារព័ត៌មាន តាមរយ:បទបង្ហាញពី ប.ស.ស ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយពី របបសន្តិសុខសង្គម តាមប្រព័ន្ធផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ដល់សាធារណជន ជាពិសេសកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ។
២៖ ចែករំលែក និងពង្រឹងការយល់ដឹងបន្ថែមទៀត ដល់សមាជិកសាព័ត៌មានស្តីពីគោលនយោបាយគាំពារសង្គម និងបញ្ហាប្រឈមរបស់កម្មករនិយោជិត (ភាគច្រើនជាស្ត្រី) ក្នុងការទទួលបាន និងការប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស។
៣៖ ចែករំលែកនូវចំណេះដឹង និងលទ្ធផលអំពីការអនុវត្តគម្រោង INSPIRE ជូនដល់អ្នកចូលរួម។
៤៖ បង្កើនប្រសិទ្ធភាពនៃការងារទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមកម្ពុជា, និងបង្កើនកិច្ចសហការ
ពាក់ព័ន្ធនានាលើការងារទំនាក់ទំនង និងផ្សព្វផ្សាយជាមួយស្ថាប័នផ្សព្វផ្សាយព័ត៌មាន៕