(បន្ទាយមានជ័យ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ បានសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីប្រកាសស្តីពីវិធានក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្ដទៅរបស់បរធនបាលកិច្ច នៅដឺវ៉ាយផាលេសរីសត ខេត្ដបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច និងលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ដបន្ទាយមានជ័យ។

សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ច្រាបការយល់ដឹងបន្ថែមឱ្យបានកាន់តែទូលំទូលាយដល់សាធារណជន ក៏ដូចជាភាគីពាក់ព័ន្ធដទៃទៀត ថាអ្វីជាបរធនបាលកិច្ច? បរធនបាលកិច្ចមានយន្ដការ និងប្រតិបត្ដិការដូចម្ដេច? ធ្វើដូចម្ដេចទើបការបង្កើត និងចុះបញ្ជីបរធនបាលកិច្ចមានភាពត្រឹមត្រូវ និងមានអនុលោមភាពតាមច្បាប់? សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏បានរំលេចផងដែរអំពីតួនាទី និងសារសំខាន់របស់យន្ដការបរធនបាលកិច្ចក្នុងការបង្កើត និងចុះបញ្ជី និងបង្កើតទំនុកចិត្ត ក៏ដូចជាទាក់ទាញការវិនិយោគបន្ថែម ជាពិសេសចូលរួមចំណែកជំរុញដំណើរការអភិវឌ្ឍគម្រោងធុរកិច្ចនានាក្នុងខេត្ដបន្ទាយមានជ័យផងដែរ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្ដិជាធរមាន។

សិក្ខាសាលាផ្សព្វផ្សាយនេះក៏មានអ្នកចូលរួមសរុបប្រហែល១០០នាក់ផងដែរ ដែលជាថ្នាក់ដឹកនាំ និងតំណាងអញ្ជើញមកពីស្ថាប័ន មន្ទីរ និងអង្គភាពនានានៃរដ្ឋបាលខេត្តបន្ទាយមានជ័យ សមាជិក-សមាជិកានៃសភាពាណិជ្ជកម្ម សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្លឹបស៊ីអ៉ីអូម៉ាស្ទ័រ និងសមាគមធុរកិច្ចពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុនបរធនបាល ធនាគារពាណិជ្ជដែលជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក បរធនបាលក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងរូបវន្ដបុគ្គលឯករាជ្យដែលទទួលបានអាជ្ញាបណ្ណ ការអនុញ្ញាត និងការទទួលស្គាល់ពីនិយ័តករបរធនបាលកិច្ច៕