(ភ្នំពេញ)៖ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដែលបានសម្រេចផ្តន្ទាទោស លោក កឹម សុខា ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យព្រឹទ្ធសភា បានចាត់ទុកថា ការផ្តន្ទាទោសជនជាប់ចោទឈ្មោះ កឹម សុខា ជាការធានាបាននូវភាពម៉ឹងម៉ាត់ប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ និងភាពយុត្តិធម៌ ស្របតាមច្បាប់ និងនិតិវិធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការផ្តន្ទាទោសចំពោះករណីខាងលើនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាថែរក្សាសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា។

ព្រឹទ្ធសភា បានគាំទ្រដល់កិច្ចដំណើរការនៃការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា។

ព្រឹទ្ធសភា ក៏សូមប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងប្រើប្រាស់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្វើជាលេស ដើម្បីអនុវត្តនូវផែនការសម្ងាត់ដោយឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈ បដិវត្តពណ៌ ឬមធ្យោបាយខុសច្បាប់ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតនាំទៅដល់ការបំផ្លិចបំផ្លាញ សន្តិភាពប្រទេស សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា។

ជាថ្មីម្តងទៀត ដើម្បីភាពរុងរឿងរបស់ប្រទេសជាតិ ព្រឹទ្ធសភាសូមប្តេជ្ញានិងចូលរួមការពារដាច់ខាតនូវសុខសន្តិភាពរបស់ប្រទេសជាតិជានិច្ចនិរន្ត៍តរៀងទៅ៕