(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរស័ព្ទ «ទស្សនាទីក្រុង» (CityTales App) នាឱកាសវេទិកាទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។

កម្មវិធីទូរស័ព្ទនេះ ផ្តល់ជូនដោយឥតគិតថ្លៃ ដែលមានដំណើរការនៅលើទូរស័ព្ទដៃ និងឧបករណ៍វៃឆ្លាតនានា ទាំងប្រព័ន្ធ Android និង iOS និងជាផ្នែកមួយនៃការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ ដើម្បីផ្តល់បទពិសោធន៍កាន់តែប្រសើរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងមកទស្សនាកម្ពុជា ព្រមទាំងបង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍ទីក្រុង ចូលរួមគាំទ្រដល់ យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងយុទ្ធនាការ «យើងជាម្ចាស់ផ្ទះ» ស្របតាមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ»