(សាន់ដេនីស)៖ ក្រុមបាល់ទាត់ម្ចាស់ផ្ទះបារាំង បានឡើងទៅជួបក្រុមខ្លាំងឥន្រ្ទីដែកអាល្លឺម៉ង់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុង Euro 2016 បន្ទាប់លុតអ៊ីស្លង់ ៥-២ យប់មិញនេះក្នុងវគ្គ ៨ក្រុម។
នេះជាការឡើងទៅវគ្គ៤ក្រុមចុងក្រោយជាថ្មីទៀតលើកទី៣ ក្រោយពីក្រុមមាន់គកបារាំងធ្លាប់ឈ្នះពានជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro បាន២ដងដែរក្នុងឆ្នាំ១៩៨៤ និងឆ្នាំ២០០០ ដោយត្រូវប្រឈមជាមួយក្រុមដែលទើបតែទម្លាក់អ៊ិតាលី ៦-៥ ដោយបាល់ប៉េណាល់ទីក្នុងវគ្គ៨ក្រុមដូចគ្នា។
បារាំង រកបាន៤គ្រាប់ ក្នុងរយៈពេល៤៥នាទី ក្នុងវគ្គទី១ មុនបន្ថែម១គ្រាប់ទៀតក្នុងវគ្គទី២ ដោយកីឡាករខ្សែប្រយុទ្ធ Olivier Giroud រកបាន២គ្រាប់នៅនាទីទី១៣ និង៥៩ ជាមួយមិត្តរួមក្រុម Paul Pogba រកបាន១គ្រាប់ដែរនៅនាទីទី២០ ហើយ Antoine Griezmann រកបាន១គ្រាប់នៅនាទីទី៤៥ និង Dimitri Payet រកបានគ្រាប់ទី៣ នៅនាទីទី៤៣។
តែយ៉ាងណាមិញ សម្រាប់ក្រុមដែលបានទម្លាក់អង់គ្លេស ២-១ នៅវគ្គ១៦ក្រុម អ៊ីស្លង់ ក៏បានធ្វើការវាយបកបាន២គ្រាប់វិញដែរនៅនាទីទី៥៦ និងនាទីទី៨៤ ដោយកីឡាករ Sigthorsson និងមិត្តរួមក្រុម Birkir Bjarnason ក្នុងពហុកីឡដ្ឋាន Stade de France ស្ថិតក្នុងទីក្រុង Saint-Denis ដែលមានអ្នកទស្សនាផ្ទាល់ចំនួន ៧៦៨៣៣នាក់។
សូមបញ្ជាក់ផងដែរថា ម្ចាស់ផ្ទះបារាំង ប៉ះអាល្លឺម៉ង់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី០៧ ឈានចូលថ្ងៃទី០៨ ខែកក្កដា ក្រោយពេលវ៉េល ប៉ះព័រទុយហ្គាល់ នៅរាត្រីថ្ងៃទី០៦ ឈានចូលថ្ងៃទី០៧ កក្កដា ឆ្នាំ២០១៦ ម៉ោង២រំលងអាធ្រាត្រដូចគ្នា ដើម្បីប្រជែងយកកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយពុំមានប្រកួតយកចំណាត់ថ្នាក់លេខ៣ ឡើយ៕