(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានគាំទ្រសំណើរបស់ចិនទាំង១២ចំណុច ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ សម្តេចតេជោ អះអាងថា សំណើ ១២ចំណុចនោះ គឺស្របតាមជំហររបស់កម្ពុជា លើបញ្ហាសង្គ្រាមនៅអ៊ុយក្រែននេះ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងគាំទ្របែបនេះពេលអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងការបរទេសចិន បានប្រកាសពីគោលជំហររបស់ចិន អំពីការដោះស្រាយវិបត្តិអ៊ុយក្រែនតាមនយោបាយ ដែលមាន ១២ចំណុច រួមមាន៖ ទី១៖ គោរពអធិបតេយ្យភាពរបស់ប្រទេសនានា ទី២៖ បោះចោលគំនិតសង្គ្រាមត្រជាក់ ទី៣៖ ឈប់បាញ់គ្នា ទី៤៖ ចាប់ដំណើរការចរចាសន្តិភាព ទី៥៖ ដោះស្រាយវិបត្តិមនុស្សធម៌ ទី៦៖ ការពារជនស៊ីវិលនិងអ្នកទោសសង្រ្គាម ទី៧៖ គាំពារសុវត្ថិភាពនៃរោងចក្រផលិតអគ្គិសនីដោយថាមពលនុយក្លេអ៊ែរ ទី៨៖ កាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ ទី៩៖ ធានាការនាំចេញស្បៀងអាហារ ទី១០៖ បញ្ឈប់ការដាក់ទណ្ឌកម្មដោយឯកតោភាគី ទី១១៖ ធានាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ និងទី១២៖ ជំរុញការកសាងឡើងវិញក្រោយពីសង្គ្រាម។
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងឱកាសខួប ១ឆ្នាំ នៃសង្គ្រាមនៅអ៊ុយក្រែន ប្រទេសចិនដើរតួនាទីឈានមុខមួយ ក្នុងការស្វែងរកសន្តិភាព បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយលើកឡើងសំណើ ដែលមាន ១២ចំណុច។ កម្ពុជា គាំទ្រសំណើ ១២ចំណុចរបស់ចិន ដោយសារសំណើរបស់ចិនចែងអំពីការគោរពច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាវិធានសម្រាប់ទំនាក់ទំនង រវាងរដ្ឋអធិបតេយ្យ ដូចជាអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជភាពនយោបាយ»។
បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន សំណើទាំង ១២ចំណុចរបស់ចិន ក៏អំពាវនាវឱ្យបញ្ឈប់ភាពប្រទូស្តរាយផ្នែកយោធា។ តាមបទពិសោធន៍ សង្គ្រាម គឺជាមធ្យោបាយអាក្រក់បំផុតសម្រាប់ការបញ្ចប់សង្គ្រាម ហើយបទឈប់បាញ់ជាមធ្យោបាយល្អបំផុត ដើម្បីឈានទៅបញ្ចប់សង្គ្រាម។ សំណើនេះ ក៏បានអំពាវនាវឱ្យមានកិច្ចសន្ទនាសន្តិភាព និងបញ្ឈប់ទណ្ឌកម្មជាឯកតោភាគីផងដែរ។ គោលការណ៍ខាងលើ ស្របគ្នាជាមួយនឹងជំហររបស់កម្ពុជា។ បន្ថែមលើនេះ សំណើរបស់ចិនក៏បានផ្តោតលើមនុស្សធម៌ សន្តិសុខស្បៀង ការស្ថាបនាឡើងវិញក្រោយជម្លោះ។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិចារណាដោយយកចិត្តទុកដាក់ចំពោះសំណើរបស់ចិន ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា បញ្ចប់ការឈឺចាប់របស់ប្រជាជន និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងហេដ្ឋរចនាសម្ព័ន្ធ ព្រមទាំងនាំត្រលប់ទៅវិញនូវសន្តិភាព។
សូមបញ្ជាក់ថា ជាការបញ្ជូនសារច្បាស់ទៅកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត លោក ស៉ី ជិនពីង ប្រធានាធិបតីចិន បាននិយាយថា បណ្ដាប្រទេសពាក់ព័ន្ធ គួរតែបញ្ឈប់ការប្រើជម្លោះសព្វថ្ងៃជាឧបករណ៍នយោបាយ និងបញ្ឈប់ការប្រើសេដ្ឋកិច្ចពិភពលោកជាឧបករណ៍របស់ខ្លួន ហើយចាត់វិធានការនាំទៅរកបទឈប់បាញ់យ៉ាងពិតប្រាកដ ដើម្បីបញ្ចប់សង្រ្គាម និងដោះស្រាយវិបត្តិដោយសន្តិវិធី។
ចិនបានបញ្ចេញផែនការសន្តិភាព ១២ចំណុចរបស់ខ្លួន ដោយអំពាវនាវឱ្យមានបទឈប់បាញ់យ៉ាងពេញលេញមួយ នៅអ៊ុយក្រែន ស្របពេលសហរដ្ឋអាមេរិក បានចោទប្រកាន់ថា ចិនកំពុងពិចារណាបញ្ជូនអាវុធឲ្យរុស្ស៉ី៕