(ភ្នំពេញ)៖ សហព័ន្ធសហជីពសំឡេងយុវជនខ្មែរ និងសហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា បានចេញសេចក្តីថ្លែងការណ៍គាំទ្រទាំងស្រុងចំពោះសាលក្រមកាត់ក្តី ផ្ទន្តាទោស លោក កឹម សុខា ដែលផ្តល់យុត្តិធម៌ពេញលេញសម្រាប់ប្រជាជនកម្ពុជា។

សមាគមសហជីពទាំងពីរ បានចាត់ទុកថា ការផ្តន្ទាទោសជនជាប់ចោទឈ្មោះ កឹម សុខា ខាងលើនេះ ជាការធានាបាននូវភាពម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព, ភាពត្រឹមត្រូវ និង ភាពយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវីធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ អំពើឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ក្នុងការរៀបចំ និងអនុវត្តផែនការសម្ងាត់ ដើម្បផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា តាមទម្រង់នៃបដិវត្តពណ៌ គឺជាអំពើគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់ឯករាជ្យជាតិ, សន្តិភាពប្រទេស, សន្តិសុខជាតិ, ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។

សូមបញ្ជាក់ថា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមកាត់ទោស ជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងដកជាស្ថាពរនូវ សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញាត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទឲ្យស្ថិតក្រោម វិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ៕