(ភ្នំពេញ)៖ ជនជាតិចិនម្នាក់ ផឹកស្រាស្រវឹងដកកាំភ្លើងបាញ់ឡើងលើ១៧គ្រាប់ ចេញពីបន្ទប់ខុនដូរទាំងកណ្ដាលអាធ្រាត្រ បង្កឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។ ហេតុការណ៍បាញ់បោះសេរីនេះ បានកើតឡើងនៅយប់ឈានចូលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ប្រព្រឹត្តនៅចំណុចខុនដូ R&F បន្ទប់លេខ១០៧ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

របាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា បន្ទាប់ពីកើតហេតុបានប៉ុន្មានម៉ោង កម្លាំងការិយាល័យជំនាញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះទៅឃាត់ខ្លួនជនជាតិចិននោះភ្លាមៗ ព្រមទាំងដកហូតបានអាវុធខ្លី២ដើម ជាមួយគ្រាប់កាំភ្លើងជាង១០០គ្រាប់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ GUAN JIANNAN មុខរបរពាណិជ្ជករ ស្នាក់នៅខុនដូរកើតហេតុ។ ក្នុងនោះសមត្ថកិច្ចដកហូតបាន អាវុធខ្លីម៉ាកអាវុធខ្លីម៉ាក Sig Sauer P៣២០SP បង់ចំនួន២, អាវុធខ្លីម៉ាក Blow Mini បង់ចំនួន១, គ្រាប់ប្រភេទ៩mm ចំនួន៧៨គ្រាប់, គ្រាប់ប្រភេទ ៣៨០ ចំនួន៤៦គ្រាប់ ព្រមទាំងសំបកគ្រាប់ និងសម្ភារមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕