(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលព័ត៌មានប្រឌិតថា សមត្ថកិច្ចសម្រេចបិទការធ្វើចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) មិនឲ្យធ្វើចរាចរណ៍ ហើយបង្វែរឲ្យប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរការកាត់នេះ ត្រូវឆ្លងទូកដរនៅតាមមាត់ច្រាំងទន្លេវិញ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ព័ត៌មានដែលបានចែកចាយ ពាក់ព័ន្ធករណីបិទការធ្វើចរាចរណ៍លើស្ពានច្បារអំពៅនេះ គឺជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយជនអគតិ ក្នុងចេទនាបំពុលសង្គមប៉ុណ្ណោះ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះថា «រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានផ្សាយប្រឌិតថា អាជ្ញាធរសម្រេចបិទស្ពានព្រះមុនីវង្ស ឬស្ពានច្បារអំពៅ មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ដោយសារស្ទះចរាចរណ៍ខ្លាំងពេក។ នេះជារឿងមិនពិតនោះឡើយ ស្ពានច្បារអំពៅនៅតែបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរធ​ម្មតា»

ជាមួយគ្នានេះ លោក ម៉េត មាសភក្ដី ក៏បានអះអាងដែរថា ទំព័រ Facebook ដែលបានបង្ហោះខ្លឹមសារប្រឌិតឈ្មោះ «រដ្ឋបាលរាជធានីភ្នំពេញ» ដែលមានអ្នកចុច Like មិនដល់១០០នាក់នោះទេ ខណៈទំព័រផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ ឈ្មោះ «រដ្ឋបាលរាជធានីភ្នំពេញ» ដូចគ្នា ប៉ុន្ដែមានអ្នកចុច Like ជាង៤៦ម៉ឺននាក់ និងអ្នក Follow ជាង៤៧ម៉ឺននាក់។

នៅពេលនេះ សមត្ថច្ចជំនាញ កំពុងធ្វេីការស្រាវជ្រាវស្វែងរកម្ចាស់ផេកហ្វេសប៊ុកដែលបានបង្ហោះចែកចាយព័ត៌មានប្រឌិតនេះ ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺចំពោះការចុះផ្សាយផ្សាយព័ត៌មានមិនពិត៕