(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធ ផលការងារឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ.) នៅទីស្តីការក្រសួងការបរទេស ក្រោយសន្និបាតបានដំណើរការអស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍របស់លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស បានរាយការណ៍ពីលទ្ធផល សរុបការងារឆ្នាំ២០២២ ដែលផ្តោតលើការដ្ឋានធំៗទាំង៥ របស់ក្រសួងការបរទេស ហើយដែលបានទទួលការគាំទ្រនិងលើកទឹកចិត្តពីសម្តេចតេជោនាយករដ្ឋមន្ត្រី៖

ការងារទី១៖ ការការពារផលប្រយោជន៍ជាតិ ជាពិសេសការការពារឯករាជ្យ អធិបតយ្យ បូរណភាពទឹកដី

១.១៖ ការការពារឯករាជ្យ អធិបតេយ្យ កិត្តិយស និងសេចក្តីថ្លៃថ្នូរជាតិ

កម្ពុជាត្រូវបានបន្តយាយីដោយការចោទប្រកាន់ក្នុងចេតនានយោបាយ គ្មានមូលដ្ឋាន និងខ្វះភាពសត្យានុម័ត លើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ បញ្ហាមូលដ្ឋាន យោធាបរទេសនៅតំបន់ឆ្នេរ និងបញ្ហាផ្សេងៗទៀតដែលប៉ះពាល់ដល់អធិបតេយ្យ ឯករាជ្យ អព្យាក្រឹតភាព សន្តិភាព ស្ថិរភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ។ តបតនឹងការចោទប្រកាន់ទាំងនេះ ថ្នាក់ដឹកនាំជាច្រើន ជាពិសេស សម្តេចតេជោ នាយករដ្ឋមន្រ្តី លោកឧបនាយករដ្ឋមន្រ្តី កបទ.សអ. និងស្ថានបេសកកម្ម អចិន្ត្រៃយ៍​កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) និងអង្គការអន្តរជាតិនានា​នៅទីក្រុងហ្សឺណែវបាន៖

* លើកជាប្រធានបទពិភាក្សា បកស្រាយពន្យល់ ក្នុងឱកាសជំនួបជាមួយមិត្ត​បរទេស​ជាច្រើនលើក
* ចេញសេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍អ្នកនាំពាក្យ ប្រតិកម្មឆ្លើយតប ចំនួន ៥១លើក
* ថ្លែងបទអន្តរាគមន៍សរុប ចំនួន ៧១ លើក ក្នុងវេទិកាក្រុមប្រឹក្សាសិទ្ធិមនុស្ស និងធ្វើ​ចលនាស្វែងរកការគាំទ្រជាមួយមិត្តបរទេស ចំនួន ៦០ប្រទេស ក្នុងគោល​បំណង​បង្កើន​​សម្លេងវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរាជាតិ។ ជាលទ្ធផលនៅក្នុង «កិច្ច​សន្ទ​នា​អន្តរកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា» កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅ ប្រទេសចំនួន ៣០ ក្នុងចំណោមប្រទេសចំនួន ៣៩ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលកម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សលើទិដ្ឋភាពជាច្រើន។

១.២៖ ការការពារបូរណភាពទឹកដីកម្ពុជា

នៅក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេស​ជិតខាងឱ្យក្លាយទៅជាព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ កបទ.សអ. បានសហការជាមួយស្ថាប័នពាក់ព័ន្ធ៖

* ធ្វើការតវ៉ាលើសកម្មភាពបំពាន នៅចំណុចព្រំដែន ឬតំបន់មិនទាន់បានឯកភាពគ្នា ជាមួយប្រទេសជិតខាង ចំនួន ៤លើក
* សម្របសម្រួលកិច្ចចរចាលើសន្ធិសញ្ញាកំណត់ព្រំដែន កិច្ចព្រមព្រៀងស្តីពីការ​គ្រប់​គ្រងច្រកទា្វរព្រំដែនគោក និងរៀបចំដំឡើងកម្រិតច្រកទ្វារអន្តរជាតិជាដើម។ ក្នុងនោះ ជាមួយឡាវ បានសម្រេចនូវសន្ធិសញ្ញា​ព្រំដែន ៨៦ភាគរយ ដែលសម្តេច​តេជោ​នាយ​ក​​រដ្ឋមន្ត្រី បានចុះហត្ថលេខា នៅថ្ងៃទី១៣ ខែកុម្ភៈ។ ក្រៅពីនេះ កបទ.សអ. បាន និង​កំពុងខិតខំសម្របសម្រួលការចរចាព្រំដែនជាមួយ​ភាគីថៃ និងវៀតណាមបន្តទៀត។

១.៣៖ ការការពារផលប្រយោជន៍ពលរដ្ឋខ្មែរនៅបរទេស

កបទ.សអ. បានផ្តល់ការគាំទ្រ គាំពារ ជួយសង្គ្រោះ និងសម្របសម្រួលមាតុភូមិ​និវត្តន៍​ដល់​ពលរដ្ឋខ្មែរដែលរងគ្រោះដោយការរំលោភសិទ្ធិសេរីភាពនៅបរទេស និង អំពើជួញដូរមនុស្ស ចំនួន ៧ ៩៥៣ នាក់ ពីប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៉ី ចិន ឥណ្ឌូនេស៉ី មីយ៉ាន់ម៉ា សិង្ហបុរី។ លើសពីនេះ ស្ថានតំណាងកម្ពុជា​ប្រចាំនៅ​បរទេស បានយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រាស្រ័យ​ទាក់ទងជាមួយពលរដ្ឋកម្ពុជា​រស់នៅបរទេសមានជាអាទិ៍ អាមេរិក បារាំង អឺរ៉ុប និងអូស្ត្រាលី ក៏ដូចជាសម្រប​សម្រួល​ដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ សិស្ស/និស្សិត ពលករ ដែលកំពុងរស់​នៅ ធ្វើការ និងសិក្សានៅបរទេស រួមមានការផ្តល់សេវារដ្ឋបាល សេវាកុងស៊ុល និង​ការ​ឧបត្ថម្ភគាំពារផ្សេងៗ។

ការងារទី២៖ ការអនុវត្តគោលនយោបាយការបរទេសឯករាជ្យ​ផ្អែកលើច្បាប់​អន្តរជាតិ​ប្រកបដោយភាពបត់បែន វាងវៃ តបតទៅនឹងសម្ពាធភូមិសាស្ត្រនយោបាយ ឆ្នាំ ២០២២ ជាឆ្នាំដែលកម្ពុជាបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងវិស័យការទូត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៖

២.១៖ ទំនាក់ទំនងទ្វេភាគី

* កម្ពុជាបានបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈ​សកម្ម​ភាពរបស់ស្ថានទូត/ស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជានៅបរទេសចំនួន ៣១ស្ថានអគ្គ​កុង​ស៊ុលកម្ពុជានៅបរទេស ចំនួន១២ កុងស៊ុលកិត្តិយសកម្ពុជានៅបរទេស ចំនួន២៦ និងមន្ត្រីការទូតដែលកំពុងបំពេញបេសកកម្មនៅបរទេសសរុបចំនួន ២០២នាក់។

* នៅក្នុងទិសដៅរួមចំណែកជួយស្វែងរកដំណោះស្រាយសន្តិភាព សន្តិសុខ និង​ស្ថិរភាព​ក្នុងតំបន់ ក៏ដូចជាដើម្បីពង្រឹងបន្ថែមចំណងមិត្តភាព និងកិច្ចសហប្រតិ​បត្តិ​ការ​ល្អប្រសើរទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី បានបំពេញទស្សនកិច្ចការងារ និង​ទស្សនកិច្ចផ្លូវការ នៅប្រទេសមីយ៉ាន់ម៉ា បារាំង គុយបា ជប៉ុន សាធារណរដ្ឋកូរ៉េ និង វៀតណាម។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបំពេញទស្សនកិច្ចផ្លូវការ និងការ​ងារ នៅប្រទេសបារាំង អាល្លឺម៉ង់ និងតួកគី និងបានអញ្ជើញចូល​រួមកិច្ចប្រជុំសំខាន់ៗ​ផ្សេងទៀត ដូចជាជាមួយគណៈកម្មការអឺរ៉ុប នៅទីក្រុងព្រុចសែល កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់បើកចំហស្តីពីបញ្ហាមីយ៉ាន់ម៉ា នៅទីក្រុងបាងកក កិច្ចប្រជុំរដ្ឋមន្ត្រីការ​បរទេស​នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ នៅទីក្រុងបាហ្គាន ប្រទេស​មីយ៉ាន់ម៉ា ចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីស្តីពីកិច្ចសហ​ប្រតិបត្តិការ​ក្នុងតំបន់​ឥណ្ឌូ​ប៉ាស៉ីហ្វិក នៅទីក្រុងប៉ារីស កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ឥណ្ឌា នៅទីក្រុង​ញូវ​ដេលី ធ្វើជាសហប្រធានកិច្ចប្រជុំ​ ពិសេសរដ្ឋមន្ត្រីការបរទេស​អាស៊ាន​អំពីបញ្ហា​មី​យ៉ាន់ម៉ា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៉ី។ល។ ទន្ទឹមនេះ កម្ពុជាក៏បាន​ស្វាគមន៍​ទស្សនកិច្ចផ្លូវរដ្ឋ និងផ្លូវការរបស់ថ្នាក់ដឹកនាំបរទេស ចំនួន១១ មកពី​ប្រទេស​​ចិន ជប៉ុន វៀតណាម ម៉ាឡេស៉ី សិង្ហបុរី ទីម័រខាងកើត ព្រុយណេ ឥណ្ឌូ​ណេស៉ី អារ៉ាប៊ីសាអូឌីត បង់ក្លាដែស និងគុយបា។

* ទំនាក់ទំនងកម្ពុជានិងប្រទេសជិតខាងបានបន្តល្អប្រសើរ ជាមួយនឹងការផ្លាស់ប្តូរ​ទស្សនកិច្ច និងជំនួបសន្ទនារវាងថ្នាក់ដឹកនាំជាញឹកញាប់។ ទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការទ្វេភាគី ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិកជាទូទៅ មានការ​រីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបទ្វេភាគី​ជាច្រើន​លើកក្នុងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ ជាពិសេសសន្ទុះកំណើនការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាតសកល។ ក្នុងនោះទំនាក់​ទំនង​ទ្វេភាគីគួរឱ្យកត់សម្គាល់៖ (១) ជាមួយចិន នៅបន្តរក្សាបាននូវ​ «សហប្រតិបត្តិការ​ក្នុង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងមិត្តភាពដែកថែប និងកសាង​សហ​គមន៍វាសនារួមជាមួយគ្នា»ជាមួយនឹងទំនុកចិត្តនយោបាយខ្ពស់ និងឈរលើកិច្ច​សហ​ប្រតិបត្តិការជិតរឹងមាំលើគ្រប់វិស័យ (២) ជាមួយជប៉ុន បានបន្តក្នុងភាពជិតស្និទ្ធ ដោយ​ក្នុងឆ្នាំ២០២២ នាយករដ្ឋមន្ត្រីទាំងពីរបានជួប​សន្ទនាគ្នាដោយ​ផ្ទាល់រហូត​ដល់​ទៅ ៤លើក។ ក្នុងជំនួបចុងក្រោយរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងនាយក​រដ្ឋ​មន្ត្រី Kishida Fumio ភាគីទាំងពីរបានសម្រេចដំឡើងទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិ​ការទ្វេភាគីដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំ​២០២៣នេះ ជាឆ្នាំដែលប្រទេសទាំងពីរអបអរសាទរខួប ៧០ឆ្នាំ នៃការបង្កើត​ទំនាក់​ទំនងការទូតជាមួយគ្នា (៣) ជាមួយវៀតណាម និងឡាវ ទំនាក់ទំនង​ត្រូវ​បានបន្ត​ពង្រឹង​ និងពង្រីកថែមទៀតជាលំដាប់ ពិសេសតាមរយៈជំនួប​អាហារពេល​ព្រឹកការ​ងារ​រវាងនាយករដ្ឋមន្ត្រីទាំងបី កម្ពុជា វៀតណាម និងឡាវ នៅទីក្រុងព្រុចសែល កាលពី​ថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ២០២២។

* ការប្រកាន់ជំហរយ៉ាងត្រឹមត្រូវ និងម៉ឺងម៉ាត់របស់កម្ពុជា គាំទ្រគោលបំណង និ​ង​គោល​ការណ៍នៃធម្មនុញ្ញអ.ស.ប. ក្នុងសង្គ្រាមនៅអ៊ុយក្រែន បានកែសម្រួល​យ៉ាង​ខ្លាំងនូវទំនាក់ទំនងរវាងកម្ពុជាជាមួយបណ្តាប្រទេសបស្ចិមលោក រួមទាំងសហ​រដ្ឋ​អាមេរិក (ស.រ.អា.) ផងដែរ ដោយបង្ហាញឱ្យឃើញច្បាស់​នូវការប្រកាន់​នយោ​បាយ​ការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ។ ការកែសម្រួលនេះ បានស្តែងឡើងតាម​រយៈ​ការ​អញ្ជើញមកចូលរួម របស់លោកប្រធានាធិបតីអាមេរិក Joe Biden និង លោក​រដ្ឋមន្ត្រីការបរទេស Antony Bliken ក្នុងកិច្ចប្រជុំកំពូល និងកិច្ចប្រជុំរដ្ឋ​មន្ត្រី​ការបរទេសពាក់ព័ន្ធនឹងអាស៊ាន និងគណៈប្រតិភូចម្រុះព្រឹទ្ធសភានិងសភាអាមរិក និងឥស្សរជននានា ដែលបានមកបំពេញទស្សនកិច្ចជាបន្តបន្ទាប់នៅកម្ពុជា។ ជាមួយ​គ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ច និងពិសា​អាហារពេលល្ងាច ជាលើកដំបូង នៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីចុងឆ្នាំ​២០២២ កន្លងទៅ ចាប់តាំងពីប្រទេសទាំងពីរភ្ជាប់ទំនាក់​ទំនងការទូតកាល​ពីឆ្នាំ​១៩៥០មក។

ដោយឡែកសម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានលោកប្រធានាធិបតីបារាំង Emmanuel Macron អញ្ជើញបំពេញទស្សនកិច្ចការងារ ដោយរៀបចំបាយការងារ​នៅវិមាន Élysée កាលពីថ្ងៃទី១៣ ខែធ្នូ។ ក្នុងឱកាសនោះ លោកប្រធានាធិបតី​ បាន​ផ្តល់​ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ហើយកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំ​កំពូល​ទាំងពីរបានប្រព្រឹត្តទៅប្រកបដោយភាពជិតស្និទ្ធ ស្មោះត្រង់ និងការទុកចិត្តគ្នាទៅ​វិញ​ទៅមក។ ក្រៅពីនេះ ក្នុងឱកាសអញ្ជើញជាសហប្រធាន​កិច្ចប្រជុំកំពូល​រំលឹកខួប​អនុ​ស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល កាលពីថ្ងៃទី១៤ ខែធ្នូ កន្លង​ទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបទ្វេភាគីជាមួយឥស្សរជន​បរទេស​មួយ​ចំនួនទៀតរួមមាន អធិការបតីអាល្លឺម៉ង់ Olaf Scholz នាយករដ្ឋមន្ត្រីហូឡង់ Mark Rutte និងនាយករដ្ឋមន្ត្រីហ្វាំងឡង់ Sanna Marin។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបជាមួយធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel ចំនួន ២ដងនៅជប៉ុន និង​នៅកម្ពុជា។

* ជាមួយគ្នានេះ កបទ.សអ. ក៏បានខិតខំប្រឹងប្រែងក្នុងការពង្រឹងពង្រីក​ចំណង​មិត្ត​ភាព​ និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយប្រទេសជាមិត្ត តាមរយៈយន្តការ​កិច្ច ពិគ្រោះយោបល់ទ្វេភាគី ទាំង១១ និងកំពុងបន្តរិះរកមធ្យោបាយ និងលទ្ធភាព​ធ្វើពិពិធ​កម្មដៃគូទំនាក់ទំនងអន្តរជាតិ តាមរយៈយន្តការនេះជាមួយ​បណ្តាប្រទេស​ផ្សេងទៀត​នៅតំបន់អាស៉ី អូសេអានី អឺរ៉ុបកណ្តាល និងខាងកើត អាមេរិកឡាទីន និងអាមេរិក​កណ្តាល។

២.២៖ ទំនាក់ទំនងពហុភាគី

* ក្នុងក្របខ័ណ្ឌអាស៊ាន កម្ពុជាទទួលជោគជ័យយ៉ាងត្រចះត្រចង់ និងទទួលបានការ​កោត​សរសើរយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ ចំពោះភាពប៉ិនប្រសប់ បត់​បែន និងវាងវៃ នៅក្នុងការដឹកនាំកិច្ចប្រជុំពេញ​​មួយ​ឆ្នាំ​ក្នុងតួនាទី​ជាប្រធាន​ប្តូវេន​អា​ស៊ាន រួមទាំងតួនាទីដ៏សកម្មរបស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងតួនាទីជា​ប្រេ​សិតពិសេសរបស់ប្រធានអាស៊ានក្នុងដំណើរការស្វែងរកដំណោះស្រាយដើម្បីជួយមីយ៉ាន់ម៉ា ត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ ជាក់ស្តែង កម្ពុជាទទួល​បានលទ្ធផល​គួរជាទីមោទនៈ នៅក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំ​រដ្ឋមន្រ្តីពាក់ព័ន្ធ ដោយបានចេញទាន់ពេលវេលានូវសេចក្តីប្រកាសរួម របស់រដ្ឋ​មន្ត្រី​ការបរទេសអាស៊ាន (Joint Communiqué) ដែលជាឯកសារយោង​ដ៏សំខាន់​បំផុត​មួយសម្រាប់ព្រាងឯកសារសមិទ្ធផលដទៃផ្សេងទៀត។ សរុបមក កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៤០ និង៤១ សម្រេចលទ្ធផលលើសពីការរំពឹងមួយចំនួន រួមមាន៖ (១) ការសម្រេចបានឯកសារ១០១ ក្នុងចំណោមឯកសារសមិទ្ធផលដទៃទៀត ដែលត្រូវបានអនុម័ត និងកត់សម្គាល់ដោយថ្នាក់ដឹកនាំកំពូលអាស៊ាន (២) ការបន្ថែមសមាជិកថ្មីក្នុងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ (TAC) ចំនួន៧ ក្នុងមួយឆ្នាំ ដែលនេះ ច្រើនជាងឆ្នាំណាៗទាំងអស់ (៣) ការពង្រីកដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេស ចំនួន២ និង (៤) ការសម្រេចទទួលជាគោលការណ៍ឱ្យទីម័រខាងកើតចូលជាសមាជិកអាស៊ានទី១១។ បន្ថែមលើកិច្ចប្រជុំអាស៊ានដែលមានជាទៀងទាត់ កម្ពុជាក៏បានធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៉ីនតោន និងកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រកបដោយភាពជោគជ័យគាប់ប្រសើរ។

* ក្រៅពីនេះ កម្ពុជាក៏បានបន្តចូលរួមយ៉ាងសកម្មក្នុងយន្តការពហុភាគីដទៃទៀត ដើម្បីចូលរួមជាផ្នែកមួយក្នុងការកសាងសហគមន៍ នៅក្នុងតំបន់ និងសកលលោក ប្រកបដោយសន្តិភាព សន្តិសុខ និងវិបុលភាព ដូចជាយន្តការកិច្ចសហប្រតិបត្តិការមេគង្គ, Francophonie, NAM, CICA, SCO, ADM, BOAO, CLV, CLMV ជាដើម។

ការងារទី៣៖ ការចូលរួមក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព និងដំណោះស្រាយបញ្ហា​ប្រឈម​នានានៅក្នុងពិភពលោក

* ពីឆ្នាំ២០០៦ រហូតដល់ពេលបច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកម្លាំងបំពេញបេសក​កម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ (អ.ស.ប.) សរុបចំនួន ៨ ៩៥១នាក់ (ស្រ្តី៖ ៦៩២នាក់) ទៅកាន់ប្រទេសចំនួន ៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីបង់ ស៉ីប ស៉ីរីម៉ាលី និងយេម៉ែន។ តាមការវាយតម្លៃរបស់អ.ស.ប. កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ២៨ ក្នុងចំណាមប្រទេសចំនួន ១២២ និងចំណាត់ថ្នាក់លេខ ៣ ក្នុងតំបន់អាស៊ាន (បន្ទាប់ពីឥណ្ឌូណេស៉ី និងម៉ាឡេស៉ី)ក្នុងការចូលរួមបំពេញបេសកកម្មដ៍ឧត្តុង្គឧត្តមនេះ។ ដោយឡែក ក្នុងការបញ្ជូនកងកម្លាំងជានារី កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១៣ ទូទាំងពិភពលោក និងចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមប្រទេសអាស៊ានបន្ទាប់ពីឥណ្ឌូណេស៉ី។

* ស្ថិតក្នុងបរិការណ៍ដ៏គ្រោះថ្នាក់បែបនេះ កម្ពុជានឹងពង្រឹងការអនុវត្តនយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់អន្តរជាតិ ដោយបន្តការងារការទូតបុរេសកម្ម វាងវៃ និងបត់បែនក្នុងការពង្រឹង
ទំនាក់ទំនងជាមួយមិត្តចាស់ បង្កើនទំនាក់ទំនងជាមួយមិត្តថ្មី ស្របតាមការវិវឌ្ឍសភាពការណ៍ភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោក។ យើងនឹងបន្តប្តេជ្ញាការពារនូវផលប្រយោជន៍ស្នូលរបស់ជាតិ ពោលគឺការពារ អធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យភាពកម្ពុជា ការពារសន្តិភាព ស្ថិរភាពក្នុងប្រទេសដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមផែនការយុទ្ធសាស្ត្រជាតិ។ កបទ.សអ.នឹងបន្តខិតខំចូលរួមក្នុងការកៀរគរទុនវិនិយោគបរទេស ភ្ញៀវទេសចរណ៍ និងផ្សព្វផ្សាយពង្រីកទីផ្សារថ្មីដើម្បីជំរុញផលិតកម្មក្នុងស្រុក។ បន្ថែមពីនេះ កបទ.សអ.នឹងបន្តអនុវត្តការទូតវប្បធម៌ រួមមានការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ សិល្បៈ និងម្ហូបអាហារ ក្នុងស្មារតីបង្កើត និងបង្កើនអំណាចស្រទន់ និងការស្គាល់កម្ពុជាលើឆាកអន្តរជាតិ៕