(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារចូលរួមអបអរសាទរ ដល់ប្រជាពលរដ្ឋខ្មែរ-ឥស្លាម ក្នុងឱកាសបុណ្យបញ្ចប់បួសក្នុងខែរ៉ាម៉ាឌន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ។

តាមរយៈបណ្តាញសង្គម Facebook នៅព្រលប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «សូមបងប្អួនប្រជាពលរដ្ឋខ្មែរឥស្លាមទាំងក្នុង និងក្រៅប្រទេសបានសេចក្តីសុខ និងសប្បាយរីករាយក្នុងថ្ងៃដ៏ល្អត្រកាលនេះ បន្ទាប់ពីទទួលបានជោគជ័យក្នុងការបំពេញកាតព្វកិច្ចបួសពេញមួយខែ ដែលប្រកបដោយសីលធម៌ដ៏ថ្លៃថ្នូរ និងទទួលបានការអប់រំល្អបំផុតក្នុងសាលារ៉ាម៉ាឌនលើផ្នែកគោលជំហរ ស្មារតី អារម្មណ៍ ពាក្យសំដី អាកប្បកិរិយា ដើម្បីក្លាយជាពលរដ្ឋដ៏ល្អក្នុងសង្គម និងក្នុងកិច្ចទំនាក់ទំនងល្អជាមួយសមាជិកក្នុងសង្គម បន្ទាប់ពីបានទំនាក់ទំនងល្អជាមួយព្រះអល់ឡោះ»

សម្តេចបានបន្ថែមទៀតថា «សូមអល់ឡោះមេត្តាទទួលយកអំពើល្អទាំងឡាយរបស់បងប្អូន និង សូមមេត្តាប្រែក្លាយអំពើល្អទាំងនេះទៅជាសកម្មភាពជាក់ស្តែង បន្ទាប់ពីខែរ៉ាម៉ាឌននេះទៅ។ សូមជូនពរ សិរីមង្គល វិបុលសុខ និង សូមទទួលបាននូវពលានុភាពខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងសុខភាពល្អបរិបូរណ៍គ្រប់ៗគ្នា»

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ សម្តេចតេជោ បានបង្ហាញអំពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋខ្មែរ-ឥស្លាម តាមរយៈការចូលរួមពិសារអាហារស្រាយបួស ជាមួយសាសនិកឥស្លាមប្រមាណ ៤,៥០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ សម្តេចថែមទាំងប្រកាសថា ពិធីនេះនឹងរៀបចំរៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដរាបណាសម្តេចនៅតែជានាយករដ្ឋមន្រ្តី៕