(ភ្នំពេញ)៖ សមត្ថកិច្ច នឹងមិនមានការផ្សព្វផ្សាយចំពោះការស៊ើបអង្កេត ឬមិនសើបអង្កេត លើរណីមានមុខសញ្ញាសង្ស័យជាភ្នាក់ងារ CIA មានវត្តមាននៅរាជធានីភ្នំពេញឡើយ ដោយសារតែជាកិច្ចការសន្តិសុខជាតិ។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃដល់បណ្តាញព័ត៌មាន Fresh News។

ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងក្រោយពីការទម្លាយព័ត៌មានថា មានមុខសញ្ញាភ្នាក់ងារសម្ងាត់ CIA ពីររូប គឺលោក មាជ សុវណ្ណារ៉ា និងលោក Mark Gibbel កំពុងមានវត្តមាននៅរាជធានីភ្នំពេញ ដើម្បីបង្កចលាចល នៅពេលប្រកាសសាលក្រម កឹម សុខា។

សូមជំរាបថា កាលពីយប់មិញថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ហ្វេសប៊ុកឈ្មោះ «ខ្ញុំជា សម រង្ស៉ី» បានទម្លាយឲ្យដឹងថា មុខសញ្ញាភ្នាក់ងារសម្ងាត់ CIA ពីររូបគឺលោក មាជ សុវណ្ណារ៉ា និងលោក Mark Gibbel ដែលជ្រកក្រោមផ្លាកវិទ្យាស្ថាន ស្រាវជ្រាវនយោបាយ (POLICY RESEARCH INSTITUTE) ស្ថិតនៅទីក្រុង ឡងបិច (Long Beach) កំពុងមានវត្តមាននៅរាជធានីភ្នំពេញ ដើម្បីបង្កចលាចល នៅពេលប្រកាសសាលក្រម កឹម សុខា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ខាងមុខ។

Facebook ដដែលនោះ បានរៀបរាប់ទម្លាយព័ត៌មានយ៉ាងដូច្នេះថា៖ «ដំណឹងពីបរទេស ! ក្នុងពេលនេះជនមុខសញ្ញាភ្នាក់ងារសម្ងាត់ CIA ពីររូប គឺលោក មាជ សុវណ្ណារ៉ា និងលោក Mark Gibbel ដែលជ្រកក្រោមផ្លាកវិទ្យាស្ថាន ស្រាវជ្រាវនយោបាយ (POLICY RESEARCH INSTITUTE) ស្ថិតនៅទីក្រុង ឡងបិច (Long Beach) ដែលកន្លងមកបានធ្វើកិច្ចការសំងាត់ជាមួយគ្នាតាំងពីឆ្នាំ២០១៣ ដើម្បីជួយគណបក្សសង្គ្រោះជាតិ ក្នុងការផ្តួលរំលំរដ្ឋាភិបាល បានកំពុងមានវត្តមាននៅទីក្រុងភ្នំពេញ គ្រោងនឹងរៀបផែនការបង្កចលាចល នៅពេលប្រកាសសាលក្រមលោក កឹម សុខា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។

Facebook «ខ្ញុំជា សម រង្ស៉ី» បានសរសេរបន្ថែមថា «មុនពេលចេញដំណើរទៅកម្ពុជា លោក សុវណ្ណារ៉ា មាជ បានអួតប្រាប់មិត្តភក្តិឲ្យដឹងថា គឺត្រូវតែមកដឹកនាំកម្លាំងប្រឆាំងសាលក្រមរបស់តុលាការភ្នំពេញ ដែលប្រកាសកាត់ទោសលោក កឹម សុខា ព្រោះគេមមានបណ្តាញច្រើននៅប្រទេសកម្ពុជា។ គួរតែអាជ្ញាធរក្រុងភ្នំពេញ មានការប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះជនដែលជាភ្នាក់ងារសម្ងាត់ពីរនាក់ខាងលើនេះមានឧបាយកលពិសពុលខ្លាំងណាស់»