(ភ្នំពេញ)៖ ផែនការមេផ្គត់ផ្គង់ទឹកស្អាត ដំណាក់កាលទី៣ នៅរាជធានីភ្នំពេញ ដែលជាឧបករណ៍ដ៏សំខាន់ ក្នុងការកំណត់ពីផែនការផលិតទឹកស្អាត សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ត្រូវបានធ្វើបច្ចុប្បន្នភាពជាថ្មី ដោយព្យាករណ៍ថា នៅឆ្នាំ២០៣០ តម្រូវការទឹកស្អាតនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ បច្ចុប្បន្នភាពផែនការមេផ្គត់ផ្គង់ទឹកស្អាតដំណាក់កាលទី៣ នៅរាជធានីភ្នំពេញ ពីឆ្នាំ២០២១ ដល់ ឆ្នាំ២០៣០ កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ការធ្វើបច្ចុប្បន្នភាពផែនការមេផ្គត់ផ្គង់ទឹកស្អាតនេះ ដោយសាររីកនៃទីក្រុងឆាប់រហ័សពេក លើលពីការប្រមើលមើល ហេតុនេះទើបតម្រូវការទឹកស្អាតកើនឡើងខ្លាំង។

លោកបន្តថា ផែនការមេនេះ គឺជាឧបករណ៍មួយដ៏សំខាន់ ក្នុងកំណត់នូវគោលដៅដែលត្រូវធ្វើបន្ត ដើម្បីឱ្យការផលិតទឹកស្អាតឱ្យគ្រប់ ឬលើសតម្រូវការប្រើប្រាស់ទឹកប្រចាំថ្ងៃ ដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងទុនបន្ថែមសម្រាប់ពង្រីកការសាងសង់ រោងចក្រផ្សេងៗទៀត។

លោកថា «យើងបានប្លង់មេនេះជារឿងសំខាន់ណាស់ ដើម្បីទាំង Jica , AFD, World Bank, ADB, EU, EIB, ចាប់ផ្តើមពិចារណាថា អ្នកណាអាចជួយកន្លែងណាបាន មកចរចាជាមួយរដ្ឋាករទឹក ដើម្បីធ្វើយ៉ាងម៉េចឱ្យយើងចាប់ផ្តើមគម្រោងទាំងអស់នេះបាន»។

លោកបន្ថែមថា ផែនការមេផ្គត់ផ្គង់ទឹកស្អាតនេះ បានបន្ស៊ីជាមួយនឹងគោលដៅរួមនៃផែនការអភិវឌ្ឍជាតិ និងគោលនយោបាយវិស័យទឹកស្អាត តាមរយៈការកំណត់ច្បាស់លាស់ នូវគោលបំណង, គោលដៅ, លទ្ធផលតាមបណ្ដាឆ្នាំ និងលទ្ធផលចុងក្រោយ ជាមួយនឹងកាលវេលានៃបង្គោលចរច្បាស់លាស់ ពោលគឺឆ្នាំ២០៣០ ដែលជាឆ្នាំដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រេចឱ្យបាននូវគោលដៅទី៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ដែល «ធានាឱ្យមានទឹក និងអនាម័យ និងការគ្រប់គ្រងទឹក និងអនាម័យប្រកបដោយចីរភាព សម្រាប់ប្រជាជនគ្រប់រូប១០០% ព្រមទាំងជាឆ្នាំដែលកម្ពុជា ឈានទៅសម្រេចបាន នូវចក្ខុវិស័យ នៃការអភិវឌ្ឍវែងឆ្ងាយរបស់ខ្លួន ពោល គឺការសម្រេចបាននូវ ឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។

លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងថា នៅក្នុងពេលអនុវត្តផែនការមេ ដំណាក់កាលទី៣(ផែនមេដំណាក់កាលទី៣ចាស់) រយៈពេល៤ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ក្រុមប្រឹក្សា និងថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានវាយតម្លៃថា តម្រូវការទឹកស្អាតមានការកើនឡើងខុស ពីការប្រមើលមើល ដោយសារសន្ទុះនៃកំណើនសកម្មភាពសេដ្ឋកិច្ច នៅតែបន្តកើនឡើងយ៉ាងឆាប់រហ័ស និងដោយសារមាននិនា្នការ នៃការពង្រីកខ្លួនរបស់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ព្រមទាំងតំបន់រណបជុំវិញរាជធានីភ្នំពេញ។

លោកបន្តថា តាមការព្យាករណ៍ តម្រូវការទឹកស្អាតប្រើប្រាស់នឹងកើនឡើងដល់ ១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ និងចំនួនអតិថិជននឹងកើនឡើងដល់ ៦៦ម៉ឺនអតិថិជន នៅឆ្នាំ២០៣០ ដែលលទ្ធផលនេះ បានមកពីការបូកបញ្ចូលគ្នារបស់ផ្នែកធំៗចំនួន៤ នៅរាជធានីភ្នំពេញ នៅក្រុងតាខ្មៅ តំបន់អាកាសយានដ្ឋានអន្តរជាតិថ្មី និងផ្នែកខ្លះរបស់ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម។

ជាមួយគ្នាតម្រូវការថវិកាសម្រាប់វិនិយោគ ត្រូវបានព្យាករណ៍ថានឹងមានប្រមាណ ១២០០លានដុល្លារអាមេរិកទៅ ១៤០០លានដុល្លារ នៅចន្លោះឆ្នាំ២០២៦ ដល់ឆ្នាំ២០៣១ ក្នុងនោះថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រមាណ ១៤លានដុល្លារ សម្រាប់ការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំនួន១០ ដែលមានសមត្ថភាពផលិត ៨៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ, សម្រាប់ការផ្គត់ផ្គង់ និងដំឡើងបំពង់ចែកចាយទឹក និងសេវាកម្មទីប្រឹក្សាបច្ចេកទេស។

ផែនការមេផ្គត់ផ្គង់ទឹកស្អាតដំណាក់កាលទី៣ (ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០) ត្រូវបានរៀបចំ និងសិក្សាដោយទីប្រឹក្សាបច្ចេកទេសជប៉ុន។ ការធ្វើបច្ចុប្បន្នភាពផែនការមេ ដំណាក់កាលទី៣នេះ បានប្រើប្រាស់ថវិកាប្រមាណ ១លានដុល្លារអាមេរិក ដែលការសិក្សាបានចាប់ផ្តើមនាខែធ្នូ២០១៨ និងបានបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២២។

សូមជម្រាបថា នៅឆ្នាំ២០២៣នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាត ប្រមាណ ៦៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ទៅដល់អតិថិជនចំនួន៤៥ម៉ឺនគ្រួសារ។ នៅខែឧសភា ឆ្នាំ២០២៣ រោងចក្រផលិតទឹកស្អាតបាក់ខែងជំហ៊ាន១ នឹងដាក់ឱ្យដំណើរការ ដើម្បីពង្រីកការផ្គត់ផ្គង់ទឹកនៅប៉ែកខាងលិច និងខាងត្បូងរាជធានីភ្នំពេញ។ ដោយឡែកគម្រោងរោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី២ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ខណៈរដ្ឋាភិបាលក៏កំពុងគិតគូរ ក្នុងការពង្រីករោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ បន្ថែមទៀតផងដែរ៕