(ភ្នំពេញ)៖ ការសិក្សាបង្ហាញថា លទ្ធភាពសាងសង់ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ គ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់ ខណៈការសិក្សាលើគម្រោងមួយនេះស្ទើរតែរួចរាល់ និងគ្រប់ជ្រុងជ្រោយទាំងស្រុង ទៅតាមបទដ្ឋានបច្ចេកទេស និងអនុសញ្ញាអន្តរជាតិ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក។ គម្រោងនេះត្រូវបានព្យាករណ៍ថា នឹងក្លាយជាកម្លាំងចលករ កែប្រែមុខមាត់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា លើឆាកអន្តរជាតិ និងផ្តល់ផលចំណេញខ្ពស់ដល់សេដ្ឋកិច្ចជាតិ។

នេះជាការបញ្ជាក់ឱ្យដឹងនៅក្នុងកិច្ចប្រជុំពិភាក្សា រវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និង ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) អំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd ដែលបានធ្វើឡើងនាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតិភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង។

សូមបញ្ជាក់ដែរថា នៅក្នងការសិក្សានេះគ្រប់ភាគីពាក់ព័ន្ធបានធ្វើការជាក់ស្តែងនៅនឹងទីតាំងមូលដ្ឋាន ដោយបានសហការគ្នាពិនិត្យពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗ រួមទាំងបានពិនិត្យយ៉ាងល្អិតល្អន់ ចំពោះលទ្ធផលនៃការវិភាគ និងការវាយតម្លៃផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោង។ ជាមួយគ្នានេះលទ្ធផលនៃការសិក្សាផ្នែកជលសាស្រ្ត ក៏ដូចជាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបញ្ចប់សព្វគ្រប់ និងលើកយកមកបង្ហាញជូនអង្គប្រជុំនាឱកាសនេះផងដែរ។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មនេះ មានប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត បើតាមលទ្ធផលសិក្សាសមិទ្ធិលទ្ធភាពទាំងដំណាក់កាលទី១ និងទី២ បានបង្ហាញឱ្យឃើញថា មិនមានចោទជាបញ្ហាឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់។ ទន្ទឹមនឹងនេះដែរគម្រោងត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់សេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកហិរញ្ញវត្ថុ (Financial Internal Rate of Return – FIRR) និងអត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ឃើញថាមានកម្រិតខ្ពស់ជាងគម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូនផ្សេងៗ តាមរយៈផ្លូវគោក និងផ្លូវដែក។

នៅក្នុងកិច្ចប្រជុំនេះដែរភាគីក្រុមហ៊ុន និងអគ្គនាយកដ្ឋានជំនាញ នឹងរៀបចំចងក្រងរបាយការណ៍ការសមិទ្ធិលទ្ធភាពនេះ ដោយមានរួមបញ្ចូលនូវផែនការមេ ផែនការសកម្មភាព និងផែនការអាទិភាព ដើម្បីដាក់ពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ថែមទៀត មុននឹងរៀបចំដាក់ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ។

សូមជម្រាបជូនថា គម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានសិក្សាឡើងក្នុងគោលបំណងដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ឱ្យមានសន្ទុះកើនឡើង មានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត។ គម្រោងនេះត្រូវបានរំពឹងទុកថា នឹងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន។

លើសពីនេះទៅទៀតប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងជួយកាត់បន្ថយសម្ពាធជាអតិបរមានៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំងផ្តល់ភាពងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស ជួយពង្រឹងនិងពង្រីកការតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែឱ្យកាន់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពជាងមុនផងដែរ៕