(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលព័ត៌មានប្រឌិតថា នគរបាលចរាចរណ៍ នឹងឲ្យអ្នកដែលត្រូវផាកពិន័យចាប់ឆ្នោតផ្សងសំណាង ដើម្បីកំណត់ចំនួនលុយដែលត្រូវផាកពិន័យ សំដៅទប់ស្កាត់ និងប្រឆាំងអំពើពុករលួយដែលកើតចេញពីការផាកពិន័យមិនប្រក្រតី។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ព័ត៌មានដែលបានចែកចាយថា នគរបាលនឹងឲ្យអ្នកដែលត្រូវផាកពិន័យ ផ្សងសំណាងតាមរយៈការចាប់គ្រាប់បាល់នោះ គឺជារឿងមិនពិតនោះឡើយ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់ផេកខាងលើ ដែលមានគោលបំណងអាក្រក់ បំពុលបរិយាកាសសង្គម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ តាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ ចំពោះព័ត៌មានខាងលើ គឺជាព័ត៌មានមិនពិត ដែលចរិតបំភ្លៃ បំពុលបរិយាកាសសង្គមដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ»

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានអះអាងទៀតថា ពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វេីការស្រាវជ្រាវស្វែងរកម្ចាស់ផេកហ្វេសប៊ុកដែលបានបង្ហោះចែកចាយព័ត៌មានប្រឌិតនេះ ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺចំពោះការចុះផ្សាយផ្សាយព័ត៌មានមិនពិត៕