(កោះកុង)៖ នាយកដ្ឋានសវកម្មសហគ្រាស និងសាខាពន្ធដារខេត្តកោះកុង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាស្ដីពីពន្ធលើប្រាក់ចំណូល ក្រោមអធិបតីភាពរបស់លោក ខៀន សង្ហា អនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាស និង លោក ចំរើន ទូច ប្រធានសាខាពន្ធដារខេត្តកោះកុង ដោយមានការចូលរួមពីអ្នកជាប់ពន្ធ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីសាខាពន្ធដារខេត្តកោះកុង ក្នុងគោលបំណងផ្សព្វផ្សាយជូនដល់អ្នកជាប់ពន្ធនូវបទបញ្ញត្តិ ស្ដីពីពន្ធលើប្រាក់ចំណូល ក៏ដូចជាការគណនា ការដាក់លិខិតប្រកាស និងបទបញ្ញាត្តិពាក់ព័ន្ធផ្សេងៗជាធរមាន។

លោក ចំរើន ទូច បញ្ជាក់ថា សិក្ខាសាលានេះនឹងជួយឲ្យម្ចាស់ និងតំណាងសហគ្រាសបានយល់ដឹងបន្ថែមពីកាតព្វកិច្ច និងបទបញ្ញាត្តិពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ លោកក៏បានថ្លែងអំណរគុណ ដល់បណ្ណាធិការដែលបានចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ នាឆ្នាំ២០២២កន្លងមក ដោយក្នុងនោះខេត្តកោះកុង ប្រមូលចំណូលបាន១៩,៧៣២លានរៀល ស្មើនឹង១៨២% នៃផែនការប្រចាំឆ្នាំ។

លោក ខៀន សង្ហារ បានលើកឡើងថា សិក្ខាសាលាស្ដីពន្ធលើប្រាក់ចំណូលនេះ នឹងរួមចំណែកខ្ពស់ក្នុងការពង្រឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធ ក្នុងចំណោមធុរជន ដែលបាននិងកំពុង ប្រកបធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកក៏បានជំរុញនិងលើកទឹកចិត្តឲ្យសិក្ខាកាម ចូលរួមលើកជាមតិយោបល់ និងសំណួរពាក់ព័ន្ធផ្សេងៗដើម្បីផ្ដល់ជាប្រយោជន៍ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ឆ្លើយតបនឹងការអភិវឌ្ឍនៃច្បាប់និងបទបញ្ញាត្តស្ដីពីពន្ធដារ។

លោកក៏បានថ្លែងបន្ថែមទៀតថា លទ្ធផលដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបានកន្លងមកនេះ ពិតជាមិនអាចខ្វះបានពីការចូលរួមពីសំណាក់ ម្ចាស់សហគ្រាសក្នុងការបង់ពន្ធជូនរដ្ឋ និងកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការពន្ធដារ ក្នុងការដឹកនាំកែទម្រង់ដោយប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ចល្អ និងពោរពេញដោយគំនិតឆ្នៃប្រឌិតខ្ពស់ ក្នុងការគ្រប់គ្រងការងារប្រមូលចំណូលពន្ធ។

តំណាងម្ចាស់សហគ្រាស បានថ្លែងថា សិក្ខាសាលាស្តីពីលើប្រាក់ចំណូលថ្ងៃនេះ ធ្វើឲ្យពួកគាត់បានយល់កាន់តែច្បាស់ពីការបង់ពន្ធ និងអ្នកជាប់ពន្ធ ហើយចំណុចណាមួយសិក្ខាកាម ដែលទៅចូលរួមថ្ងៃនេះមិនយល់ មានវាគ្មិនចាំបកស្រាយ ឬពន្យល់ដល់សិក្ខាកាមងាយយល់កាន់ច្បាស់៕