(ប៉ារីស)៖ ក្រុមម្ចាស់ផ្ទះ មាន់គកបារាំង ត្រូវតតាំងជាមួយក្រុមជម្រើសជាតិអ៊ីស្លង់ ក្នុងវគ្គ៨ក្រុមនៃ Euro 2016 ម៉ោង ២រំលងអាធា្រត្រយប់នេះ ដើម្បីប្រជែងយកកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើការប្រកួតក្នុងពហុកីឡ ដ្ឋាន Stade de France ក្នុងទីក្រុង Saint-Denis បិទបញ្ចប់វគ្គ ១/៤។
សារព័ត៌មាន Sky Sports បានឲ្យដឹងថា បារាំង ជាក្រុមលេខ១ ចេញពីពូល A ឆ្លងកាត់៣ប្រកួតសន្សំពិន្ទុក្នុងពូល ឈ្នះ២ និងស្មើ១ ហើយក៏ជាក្រុមដែលកំពុងឈរនៅលេខ១៧ ក្នុងចំណាត់ថ្នាក់ពិភពលោកផងដែរ ដោយទើបតែ ទម្លាក់ជម្រើសជាតិសាធារណរដ្ឋអៀរឡង់ ២-១ ក្នុងវគ្គ១៦ក្រុមផងដែរ ដើម្បីមានសិទ្ធិឡើងមកវគ្គចាញ់ធ្លាក់ជាបន្ត ទៀតប៉ះក្រុមអ៊ីស្លង់ ដែលបានទម្លាក់អង់គ្លេស ២-១ ក្នុងវគ្គ១៦ក្រុមដូចគ្នា។
ឆ្លងកាត់ ៤ប្រកួតមកក្នុង Euro 2016 លើកទី១៥នេះ បារាំង របូតគ្រាប់បាល់ ២គ្រាប់ ក្រៅពីឈ្នះ៣ និងស្មើ ០-០ ទល់នឹងជម្រើសជាតិស្វីស នៅថ្ងៃបិទបញ្ចប់ជម្រុះក្នុងពូល A ក្រៅពីស៊ុតបញ្ចូលទីគេបាន ៦គ្រាប់ ជាកំសោយខាង ប្រព័ន្ធការពារ មុនមកប៉ះក្រុមអ៊ីស្លង់ កំពុងឈរនៅលេខរៀងទី៣៤ ក្នុងចំណាត់ថ្នាក់ពិភពលោកនាពេលបច្ចុប្បន្ននេះ ក្នុងនាមជាក្រុមចេញពីលេខ២ ពូល F ចុងក្រោយគេ ដោយលេង៤ប្រកួត មិនទាន់ចាញ់នៅឡើយទេ អស់ណាស់ត្រឹមស្មើ២ដង និងឈ្នះ២ដងដូចគ្នា។
បារាំង ពុំដែលមានប្រវត្តិលេងចាញ់អ៊ីស្លង់ ម្តងណាទេក្នុងប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយនេះ អស់ណាស់ត្រឹមស្មើ ១-១ ម្តង និងឈ្នះ៤ដង ដោយលទ្ធផលបច្ចេកទេស ៣-២ ចំនួន២លើក និងឈ្នះ ៣-១ និង ២-១ ដោយក្រុមមាន់គកនេះ ធ្លាប់ឈ្នះជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro បាន២ដងដែរ ក្នុងឆ្នាំ១៩៨៤ និងឆ្នាំ២០០០ មិនដែលរងជើងឯក ក្នុងនាមជាក្រុមធ្លាប់ធ្វើម្ចាស់ផ្ទះនៃពានដែលមានរយៈពេល៤ឆ្នាំម្តងនេះ ៣ដងដែរ ស្របពេលដែលអ៊ីស្លង់ មិនធ្លាប់ឈ្នះ និងធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នៅឡើយទេ៕