(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានអញ្ជើញក្រុមគ្រូពេទ្យស្ម័គ្រចិត្ត The CPR Hero Training Center ១០នាក់ មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត SORMA Sahai និងលោកវេជ្ជបណ្ឌិត Michael Pham ជំនាញសង្គ្រោះបឋម កាលពីម្សិលមិញនេះ បានចុះមកពិនិត្យសុខភាពជូនប្រជាជននៅភូមិត្នោតនិងភូមិលលៃ ស្រុកសៀមរាប ក្នុងតំបន់អង្គរចំនួន២០០នាក់ ដោយឥតគិតថ្លៃ ។
លោកស្រី ម៉ម វណ្ណរតន៍ ឧបការីអាជ្ញាធរជាតិអប្សរា បានប្រាប់ថា ដោយមានការយកចិត្តទុកដាក់និងព្រួយបារម្ភចំពោះសុខភាពប្រជាជនក្រីក្រក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរា បានរៀបចំកម្មវិធីពិនិត្យសុខភាពឥតគិតថ្លៃនេះឡើង។ ការពិនិត្យសុខភាពនេះមានដូចជា ការពិនិត្យសម្ពាធឈាម ជាតិស្ករក្នុងឈាម ថ្លឹងទម្ងន់ វាស់កម្ពស់ និងប្រព័ន្ធប្រសាទ ដើម្បីឱ្យពួកគាត់បានដឹងថា ក្នុងខ្លួនគាត់មានបញ្ហាអ្វីមួយ ហើយធ្វើការណែនាំឱ្យគាត់ទៅជួបគ្រូពេទ្យជំនាញក្នុងស្រុកដើម្បីធ្វើការព្យាបាលបានទាន់ពេលវេលា។ លោកស្រីបន្តទៀតថា ក្រៅពីពិនិត្យសុខភាពនិងផ្តល់យោបល់ហើយ ក្រុមគ្រូពេទ្យក៏បាននាំប្រជាជនធ្វើចលនារាងកាយ ដើម្បីសម្រួលដល់សន្លាក់ឆ្អឹងផងដែរ។
លោកតា កយ អាយុ៧៧ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិត្នោត សង្កាត់អំពិល ស្រុកសៀមរាប បានសម្តែងនូវសេចក្តីរីករាយដែលបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកពិនិត្យសុខភាព ដោយឥតគិតថ្លៃ។ បន្ទាប់ពីពិនិត្យសុខភាពហើយលោកគ្រូពេទ្យបានប្រាប់ថា លោកតាមានជំងឺលើសឈាម មិនត្រូវធ្វើការធ្ងន់ៗទេ ពិសេសគឺត្រូវទៅជួបគ្រូពេទ្យក្នុងស្រុកដើម្បីធ្វើការព្យាបាលជំងឺឱ្យទាន់ពេល។
លោកយាយ ម៉ោញ វ៉ាន អាយុ៧០ឆ្នាំ មកពីភូមិលលៃ បាននិយាយថា ក្រោយពិនិត្យ សុខភាពរួច គ្រូពេទ្យប្រាប់ថាសម្ពាធឈាម និងប្រព័ន្ធប្រសាទល្អជាទេ ខ្វះតែជាតិស្ករប៉ុណ្ណោះ ទើបធ្វើឱ្យលោកយាយហត់និងខ្សោយ វិលមុខជាដើម។ គ្រូពេទ្យណែនាំឱ្យញ៉ាំបាយ ៦ដងក្នុងមួយថ្ងៃ តែញ៉ាំតិចៗ និងកាត់បន្ថយការហូបផ្អែម។ លោកយាយក៏សម្តែងនូវការអរគុណដល់ក្រុមគ្រូពេទ្យដែលបានជួយពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់។
លោកមេភូមិត្នោត បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរា ដែលបានអញ្ជើញក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្រីក្រនៅភូមិត្នោត និងភូមិលលៃដោយឥតគិតថ្លៃ ធ្វើឲ្យអ្នកភូមិខ្លះដែលគាត់ឈឺតែគ្មានលទ្ធភាពទៅពេទ្យនោះ បានដឹងពីជំងឺរបស់គាត់។ មិនតែប៉ុណ្ណោះកន្លងមក អាជ្ញាធរជាតិអប្សរាក៏បានចែកកញ្ចប់ទ្រទ្រង់សុខុមាលភាពមាតា និងទារកដល់ស្ត្រីទើបសម្រាលកូនហើយដល់អ្នកភូមិ និងជំនួយបឋមពេលភ្លើងឆេះផ្ទះ ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ជាច្រើនទៀតផង៕