(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា មកទល់នឹងបច្ចុប្បន្ននេះ ស្ដ្រីជាង៥០% ដែលបានបំពេញការងារក្នុងវិស័យសុខាភិបាល ដែលបង្ហាញឱ្យឃើញពីសមត្ថភាព ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យសុខាភិបាល ពិសេសលើការងារសុខភាពមាតា ទារក និងកុមារ។
ការថ្លែងបែបនេះរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងពិធីអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ។
លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ការប្រារព្ធអបអរសាទរខួបលើកទី១១២ ទិវាអន្ដរជាតិនារី ៨មីនា នៅថ្ងៃនេះ គឺជាការលើកទឹកដល់នារីក្នុងអង្គភាពផង និងនារីក្នុងវិស័យសុខាភិបាលផង។
«យើងសង្គេតឃើញថា ស្ដ្រីគឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ។បើយើងគិតតែមួយផ្នែកលើវិស័យសុខាភិបាល គឺស្រ្ដីបានចូលរួមជាច្រើន ដើម្បីលើកកម្ពស់សុខាភិបាល រួមទាំងការមើលថែសុខភាពអ្នកជំងឺ ពិសេសការផ្ដល់ប្រឹក្សា ព្យាបាល ដល់ស្រ្ដីមុនពេលមានស្ដ្រីផ្ទៃពោះ កំពុងពរពោះ និងក្រោយសម្រាលកូន ដោយការពិនិត្យផ្ទៃពោះផង និងពេលសម្រាលកូនផង។ ដូចនេះខ្ញុំមានមោទនភាពណាស់ ដែលមានស្ដ្រីដ៏រឹងមាំមានសមត្ថភាព សម្រាប់វិស័យសុខាភិបាល»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ដ្រីសុខាភិបាល។
លើសពីនោះ សុខភាពរបស់ស្ដ្រី គឺជាការងាររបស់គ្រួសារ ដែលទាមទារត្រូវមានការយកចិត្ដទុកដាក់ពីគ្រួសារ ព្រោះបើស្ដ្រីមានសុខភាពល្អ សុខភាពបន្ដពូជល្អ ខណៈដែលប្ដីមានសុខភាពផងដែរនោះ គឺបុត្រធីតា នឹងមានសុខភាពល្អ ដែលជាទំពាំងស្នងឬស្សីដ៏រឹងមាំ សម្រាប់ប្រទេសជាតិ។
លោករដ្ឋមន្ដ្រីថ្លែងបន្ដថា ម្យ៉ាងវិញទៀតក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រ ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងាររបស់ស្ត្រី ដោយបានផ្ដល់អាទិភាពដល់ស្ត្រី ដែលមានសមត្ថភាពឲ្យទទួលបាននូវមុខតំណែងសមស្របមួយក្នុងការងាររបស់ខ្លួន និងបានផ្ដល់ឱកាសឲ្យទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាលបន្តជំនាញផ្សេងៗក្នុង និងក្រៅប្រទេសទៀតផង។
ចំពោះការផ្តល់សេវាសុខភាព ក្រសួងបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការថែរក្សាសុខភាពដល់ស្រ្តីក្នុងវ័យបន្តពូជ និងជាពិសេសស្ត្រីជាមាតា ដើម្បីឈានទៅកាត់បន្ថយអត្រាមរណភាពមាតា និងទារក។ ជាក់ស្ដែងតាមរយៈតួលេខដែលបានមកពី ការអង្កេតសុខភាព និងប្រជាសាស្ត្របឋមនៅកម្ពុជា អត្រាពិនិត្យ និងថែទាំស្រ្តីនៅពេលមានគភ៌ និងពេលសម្រាលមានចំនួនកើនឡើង រីឯអត្រាមរណភាពមាតា ទារក និងកុមារ មានការថយចុះគួរឲ្យកត់សម្គាល់។
លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេងបន្ដថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីអង្គការមិនមែនរដ្ឋាភិបាលផងនោះ បាននឹងកំពុងផ្សព្វផ្សាយពីការងារ យេនឌ័រយ៉ាងទូលំទូលាយលើគ្រប់វិស័យនៅទូទាំងប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសគឺស្ត្រីខ្លួនឯងយល់ពីតួនាទី និងសិទ្ធិរបស់ខ្លួន និងរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍជាតិ ព្រមទាំងការប្រើប្រាស់សិទ្ធិនេះឲ្យបានសមស្របផងដែរ។ ដូច្នេះប្រធានបទឆ្នាំនេះ គឺចង់បង្ហាញឲ្យយើងទាំងអស់គ្នាបានដឹងពីសមត្ថភាពពិតប្រាកដរបស់ស្ត្រី និងទទួលស្គាល់ថា ស្ត្រីជាភ្នាក់ងារដ៏សំខាន់ ដែលមានតួនាទីចម្បងចូលរួមធ្វើឱ្យសង្គមមានស្ថេរភាព និងការអភិវឌ្ឍក្នុងយុគសម័យឌីជីថលនេះ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ ជាពិសេសទៅលើសុខភាពរបស់មាតា ទារក និង កុមារដោយបានចេញអនុក្រឹត្យកំណត់យកថ្ងៃទី២១ ខែកុម្ភៈ ជាទិវាជាតិសុខភាពមាតា ទារក និងកុមារ ផងដែរ។
លើការងាររបស់ស្ត្រី ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិនោះ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ឱកាស និងលើកទឹកចិត្តឱ្យស្ត្រីមានតួនាទី និងមុខតំណែងជាអ្នកគ្រប់គ្រង និងដឹកនាំ ចាប់តាំងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ដឹកនាំកំពូល ជាក់ស្តែងសមាសភាពជានារីនៅក្នុងជួរថ្នាក់ដឹកនាំឃុំ-សង្កាត់ ស្រុក-ខណ្ឌ រាជធានី-ខេត្ត ក្រសួង-ស្ថាប័ន ជាងនេះទៅទៀតក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា។ ប្រសិនបើស្ត្រីជាមាតាមានសុខភាពល្អ កូន ប្តី និងគ្រួសារទាំងមូល ក៏មានសុខភាពល្អ មានសុភមង្គល និងមានឱកាសចូលរួមសង្គមយ៉ាងពេញលេញក្នុងកិច្ចអភិវឌ្ឍសង្គមជាតិដែរ៕