(សៀមរាប)៖ ក្រសួងទេសចរណ៍ បានបើកវគ្គបណ្ដុះបណ្ដាល មគ្គុទ្ទេសក៍ទេសចរណ៍ ថ្នាក់ជាតិជំនាន់ទី២ ចំនួន៥២រូប នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប ប្រកបដោយតម្លាភាព ដោយមានកិច្ចសហការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងរដ្ឋមន្រ្តី្កក្រសួងទេសចរណ៏ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងលោកឧកញ៉ា សៀង ណាំ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអង្គរ ។
កន្លងទៅនេះ ដោយគិតពីនិរន្តរភាពនៃវិស័យទេសចរណ៍ ក្រសួងបានបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍បានចំនួន៥៨៣៩នាក់។ពិសេសដោយក្រសួងទេសចរណ៍បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា(MoU)រវាងក្រសួងទេសចរណ៍នៃកម្ពុជា ជាមួយក្រសួងសង្គមកិច្ច និងវប្បធម៌ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន ដែល ការចុះអនុស្សារណៈនេះ ក៏បានផ្ដោតលើការធានាឲ្យបាននូវគុណភាពទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ដែលជាគន្លឹៈ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព។
ជាក់ស្ដែងក្នុងខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ ក្រោយពីបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ ក្រសួងទេសចរណ៍កម្ពុជា បានបញ្ជូនមគ្គុទ្ទេសក៍ទេសចរណ៍ ចំនួន២០រូប ដែលមាន៤ភាសា គឺភាសាចិន ភាសាអង់គ្លេស ភាសាអេស្ប៉ាញ និងរុស្ស៊ី ឲ្យទៅទទួលការបណ្ដុះបណ្ដាលបន្ថែម លើជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ ក្នុងរយៈពេល៩ថ្ងៃ នៅតំបន់រដ្ឋបាលពិសេស នៃទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន ផងដែរ៕