(ពោធិ៍សាត់)៖ លោកស្រី ជុក សុផានី អភិបាលរងខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានសំណូមពរដល់អាជ្ញាធរថៃ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្សារដែក និង តបណ្តាញអគ្គិសនីរួច សូមឲ្យមានបើកវគ្គជំនាញជួសជុលម៉ាស៊ីនត្រជាក់ ទូរទឹកកក និង សម្ភារៈអេឡិចត្រូវនិចបន្តទៀត ព្រោះថាបច្ចុប្បន្ន យើងមានបណ្តាញភ្លើងអគ្គិសនីដែលមានតម្លៃសមរម្យ អាចឲ្យប្រជាពលរដ្ឋយើងខ្ញុំ ប្រើប្រាស់ទៅតាមតម្រូវការរៀងៗខ្លួន ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសលោកស្រីអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស ផ្សារដែក និងតបណ្តាញអគ្គិសនី ដល់យុវជនមកពីសហគមន៍នានាក្នុងខេត្ត សរុបចំនួន ៥០នាក់ នាល្ងាចថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៦ នៅសាលប្រជុំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ ។
ពិធីក៏មានការអញ្ជើញចូលរួមពី លោក Chansak Tawin អភិបាលរងខេត្តត្រាត លោក Satien Potposrtsee អគ្គនាយកមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្រាត លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ។
លោក ពុំ ចាន់ថា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តពោធិ៍សាត់ បានថ្លែងថា ដោយមានកិច្ចសហប្រតិបត្តការល្អ រវាងមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តពោធិ៍សាត់ ជាមួយ មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តត្រាត (ប្រទេសថៃ) ទើបឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ។
លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះ បានឧប្បត្ថម្ភថវិកា ដោយអាជ្ញាធរខេត្តត្រាត មានរយៈពេល ៥ថ្ងៃ មានសិក្ខាកាមចូលមកសិក្សា ចំនួន៥០នាក់ បង្រៀនដោយវិស្វករជំនាញមកពីប្រទេសថៃ លើជំនាញបច្ចេកទេស ផ្សារដែក និង តបណ្តាញអគ្គិសនី ។
លោកបានឲ្យដឹងថា នេះគឺជាលើកទី២ហើយ ដែលមជ្ឈមណ្ឌលរបស់លោក ទទួលបានការឧបត្ថម្ភការបណ្តុះបណ្តាល ពីសំណាក់អាជ្ញាធរខេត្តត្រាត (ប្រទេសថៃ) ក្នុងការជួយបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស ផ្សារដែក និង តបណ្តាញអគ្គិសនី ដល់យុវជនមកពីសហគមន៍នានាក្នុងខេត្ត ឲ្យមានចំណេះដឹង ចំណេះធ្វើ និង ភាពប៉ិនប្រសព្វជាក់លាក់ អាចយកទៅប្រកបមុខរបរ រកស៊ីចិញ្ចឹមជីវិតបាន ។
លោកស្រី ជុក សុផានី អភិបាលរងខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលថៃ ថ្នាក់ដឹកនាំខេត្តត្រាត និង មជ្ឈមណ្ឌលអភិវឌ្ឍន៍មុខជំនាញត្រាត ដែលបានរៀបចំឲ្យមានគម្រោងនេះឡើង ដើម្បីផ្តល់ឱកាសឲ្យយុវជនកម្ពុជា បានសិក្សាជំនាញបច្ចេកទេស ផ្សារដែក និង តបណ្តាញអគ្គិសនី ព្រោះថាសុទ្ធសឹងតែជាមុខជំនាញល្អៗ ដែលជាតម្រូវការលើទីផ្សារផងដែរ ។
លោកស្រីបានបន្ថែមថា នេះដោយសារការខិតខំប្រឹងប្រែង លើកិច្ចសហប្រតិបត្តិការល្អ រវាងថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និង ថ្នាក់ដឹកនាំខេត្តត្រាត លោកស្រីក៏សង្ឃឹមថានឹងទទួលបានវគ្គបណ្តុះបណ្តាលជួសជុលម៉ាស៊ីនត្រជាក់ ទូរទឹកកក និង សម្ភារៈអេឡិចត្រូវនិចបន្តទៀតទៅថ្ងៃខាងមុខ ។ ជាមួយគ្នានេះ លោកស្រីក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង ចំណេះធ្វើ ទៅប្រើប្រាស់ឲ្យចំគោលដៅ អាចរកការងារទៅតាមជំនាញ ឬអាចប្រកបការងារដោយខ្លួនឯងបាន ៕