(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ បានរៀបចំពីធីសណេះសំណាល ជាមួយនារីដែលបម្រើការងារនៅបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល ក្រោមអធិបតីភាពលោក ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍, ប្រធានគណៈកម្មាធិការត្រួតពិនិត្យ និងជាប្រធានគណៈកម្មាធិការគណបក្សស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល ដើម្បីប្រារព្ធខួបទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»។
អង្គពិធីទាំងមូលបានស្តាប់នូវព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរដែលបង្ហាញពីព្រះទ័យយកចិត្តទុកដាក់ ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ចំពោះស្រ្តីជាកូនចៅចៅទួតរបស់ព្រះអង្គ និងតួនាទីដ៏សំខាន់របស់ស្រ្តីក្នុងការចូលរួមកសាងនិងអភិវឌ្ឍប្រទេសជាតិ ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកក្បាតក្រហមកម្ពុជា ជាគម្រូដ៏ឆ្នើមក្នុងសកម្មភាពមនុស្សធម៌ការគោរពគុណតម្លៃស្រ្តី និងការចូលរួមរបស់ស្រ្តីគឺជាវិភាគទានដ៏ថ្លានិងចាំបាច់ សម្រាប់ការបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍនាពេលខាងមុខ ។
ក្នុងពិធីសំណេះសំណាលនោះ លោក ឯក សំអុល បានបង្ហាញមនោសញ្ចេតនាស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅចំពោះនារី និងបានរំលេចអំពីគុណតម្លៃតស្រ្តីក្នុងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ផូផងរបស់ខ្មែរ ដែលប្រកាន់យករបបមាតាធិបតេយ្យ លើកតម្កើងស្រ្តីជាធំទាំងនៅក្នុងគ្រួសារ និងសង្គមជាតិ។
លោកបានជម្រាបជូនផងដែរអំពី គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការលើកកម្ពស់គុណតម្លៃនិងផលប្រយោជនស្រ្តី ព្រមទាំងបានអំពាវស្រ្តីទាំងអស់ចូលរួមថែករក្សាសុខសន្តិភាពជាមួយរាជរដ្ឋាភិបាល តាមរយៈការបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេសលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍ៕