(ប៉ារីស)៖ ក្រុមបាល់ទាត់ឥន្រ្ទីដែក អាល្លឺម៉ង់ បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយជោគជ័យហើយ បន្ទាប់ពីទម្លាក់គូប្រជែងអាសូរី អ៊ីតាលី ដោយបាល់ប៉េណាល់ទី ៦-៥ ក្នុងវគ្គ៨ក្រុមយប់មិញនេះ។
នេះជាការធ្វើបានល្អលើកទី៥ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំង សម្រាប់ក្រុមដែលកាន់ពាន World Cup 2014 ក្នុងដៃអាល្លឺម៉ង់ ដើម្បីឡើងទៅចាំម្ចាស់ផ្ទះបារាំង ឬក៏អ៊ីស្លង់ ក្រោយបញ្ចប់វគ្គ៨ក្រុមម៉ោង២រំលងអាធ្រាត្រនេះ។
កីឡាករខ្សែបម្រើឆ្នើម Mesut Oezil មកពីក្លឹបកាំភ្លើងធំ Arsenal បានស៊ុតគ្រាប់នាំមុខឲ្យអាល្លឺម៉ង់ នៅនាទីទី៦៥ មុនពេលកីឡាករខ្សែការពារ Leonado Bonucci ទាត់បាល់ពិន័យ ១១ម៉ែត្រជួយឲ្យអ៊ីតាលី តាមបានស្មើវិញនៅនាទីទី៧៨ ដោយសារតែបាល់ប៉ះដៃខ្សែការពារ Jerome Boateng របស់អាល្លឺម៉ង់។
តែយ៉ាងណាក៏ដោយ ការប្រកួតដែលបានធ្វើឡើងនៅក្នុងពហុកីឡដ្ឋាន Stade de Bordeaux ស្ថិតក្នុងទីក្រុង Bordeaux នោះមិនទាន់បញ្ចប់ទេ បន្ទាប់ពីប្រកួតពេញម៉ោង៩០នាទី និងបន្ថែម១៥នាទី២ដងស្មើគ្នាដដែល ១-១ ដែលធ្វើឲ្យការទាត់ប៉េណាល់ទីកើតមានឡើង។
ការទាត់បាល់ប៉េណាល់ នៅពីមុខអ្នកគាំទ្រផ្ទាល់ក្នុងពហុកីឡដ្ឋានចំនួន ៤០០០០នាក់ បានធ្វើឡើងរហូតដល់ទៅ៥វគ្គ ដោយសម្រេចលទ្ធផល កីឡាករអ៊ីតាលីទាត់ចូល ៥គ្រាប់ក្នុងនាមទាត់មុន ជ្រុះចេញពីព្រឹត្តិការណ៍៤ឆ្នាំម្តង លើកទី១៥នេះ ត្រឹមវគ្គ៨ក្រុម ខណះដែលកីឡាករអាល្លឺម៉ង់ ទាត់ចូល ៦គ្រាប់។
អាល្លឺម៉ង់ ត្រូវរង់ចាំអ៊ុតលទ្ធផលម្ចាស់ផ្ទះបារាំង ប៉ះជម្រើសជាតិអ៊ីស្លង់ បញ្ចប់វគ្គ៨ក្រុមរាត្រីម៉ោង២រំលងអាធ្រាត្រនេះ នៅពហុកីឡដ្ឋាន Stade de France ស្ថិតក្នុងទីក្រុង Saint-Denis មុនប៉ះគ្នានៅវគ្គ៤ក្រុមចុងក្រោយជាបន្តទៀត ដើម្បីប្រជែងយកកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្នុងការដណ្តើមពាន Euro 2016៕