(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហកម្ពុជា ខេត្តឧត្តរមានជ័យ តំណាងលោក ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះផ្ដល់រទេះរុញដល់កុមារីពិកាចំនួន០៣នាក់ នៅក្រុងសំរោង និងស្រុកបន្ទាយអំពិល និងបានចែកអំណោយដល់ប្រជាពលរដ្ឋទីទ័លក្រចំនួន ៣គ្រួសារផងដែរ។
នៅក្នុងឱកាសនេះដែរ លោក ឃិន ញ៉ាណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់គិតគូរសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ក្មេងកំព្រា ពិការ ក៏ដូចជាប្រជាពលរដ្ឋដែលជួបប្រទះនូវគ្រោះថ្នាក់ធម្មជាតិផ្សេងៗ
លោកបានបញ្ជាក់ទៀតថា ជាក់ស្តែងថ្ងៃនេះសាខាកាកបាទកម្ពុជាខេត្តឧត្តរមានជ័យ បាននាំយកនូវរទេះរុញចំនួនគ្រឿង ជូនកុមាររីពិកាចំនួន៣នាក់ដែលម្នាក់រស់នៅភូមិភ្លង់ចាស់ សង្កាត់បុស្បូវ ក្រុងសំរោង និង០២នាក់ទៀតរស់នៅភូមិល្បើករិទ្ធ ភូមិយ៉ក ឃុំអំពិល ស្រុកបន្តាយអំពិល និងបានផ្ដល់អំណោយមនុស្សធម៌ដល់គ្រួសារទីទ័លក្រចំនួន០៣ គ្រួសារ នៅភូមិល្បើករិទ្ធ ស្រុកបន្ទាយអំពិល ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស, ត្រីខ ១០កំប៉ុង, មុង១, សារុង១, ភួយ ១, ក្រមា១ និងទឹកស៊ីអ៉ីវ ១យួរ។
លោក ឃិន ញ៉ាណ បានលើកទឹកចិត្តដល់ក្រុមគ្រួសារកុមារីពិកាទាំង៣នាក់ សូមបន្តជួយយកចិត្តទុកដាក់ចិញ្ចឹម បីបាច់ថែរក្សាកូៗដែលពិកានេះឱ្យបានល្អ ពិសេសត្រូវបញ្ជូនកូនឱ្យទៀរៀនសូត្រដូចកុមារដទៃ ដើម្បីអនាគតរបស់ពួកគេ ព្រោះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជនពិកាទាំងអស់សុទ្ធតែត្រូវបានលើកទឹកចិត្តផ្តល់ឱកាសការងារគ្រប់ទីកន្លែង ដោយគ្មានការរើសអើងឡើយ៕