(សៀមរាប)៖ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ និងអាងស្តុកទឹករបស់រាជរដ្ឋាភិបាល និងជួបសំណេះសំណាលជាមួយប្រជាកសិករ នៅក្នុងឃុំតាអាន ដែលបានដាំដំណាំរួមផ្សំតាមរដូវកាល ក្នុងនោះដែរ មានដំណាំឪឡឹកដែលគាត់ដាំបន្ទាប់ពីការប្រមូលទិន្នផលស្រូវរដូវវស្សារួចរាល់។
លោក ស្គន់ សាគិន ប្រធានក្រុមប្រឹក្សាឃុំតាអាន បានលើកឡើងថា ភូមិសាស្ត្រឃុំតាអាន ដែលកៀកនឹងអាងស្តុកទឹកស្ពានស្រែង និងមានប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង ជារៀងរាល់ឆ្នាំ បន្ទាប់ពីប្រមូលទិន្នផលស្រូវវស្សារួចរាល់ ប្រជាកសិករក្នុងឃុំបាននាំគ្នាដាំដំណាំផ្សេងៗ មានឪឡឹកជាដើមសរុបចំនួន ២១០ហិកតា។
ចំណែកលោក ភន់ ខន កសិកររស់នៅភូមិក្តុល បានលើកឡើងថា ចម្ការឪឡឹករបស់គាត់ឆ្នាំនេះ មានផ្ទៃដីសរុបចំនួន ០៦ហិកតា ហើយដំណាំនេះ មានអាយុ ៦០ថ្ងៃ ទៅ៦៥ថ្ងៃហើយ ចាប់ផ្តើមដាំពីចុងខែ១២ ឆ្នាំ២០២២ អាចប្រមូលផលបានសប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៣ ហើយក្នុង១ហិកតា អាចទទួលចំណូល ១៥លានរៀល។
ជាមួយនេះដែរ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាឃនកម្ពុជា ដែលសម្តេចតែងតែគិតគូរដល់សុខទុក្ខ និងជីវភាពបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងនោះដែរ ស្រុកក្រឡាញ់ ក៏បានទទួលសមិទ្ធផលជាច្រើន មានហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ អគ្គីសនី សាលារៀន មន្ទីរពេទ្យជាដើម៕