(ភ្នំពេញ)៖ តាមរយៈអនុស្សារណៈនៃការយោគយល់គ្នា (MoU) ថ្មីមួយ ក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារ (CPU) នៃអង្គការមូលនិធិកុមារកម្ពុជា បានប្រកាសបន្តរួមដៃគ្នា ដើម្បីបង្ក្រាបបទល្មើសប្រឆាំងនឹងកុមារ។
ជាក់ស្តែង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ភាគីទាំងពីរបានចុះ MoU ដោយលោកស្រី ជូ ប៊ុន អេង រដ្ឋលេខាធិការ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក James Mc Cabe នាយកទទួលបន្ទុកប្រតិបត្តិការ នៃអង្គភាពការពារកុមារ។
នេះជាលើកទី៤ នៃកិច្ចសហការរវាង ក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារ ខណៈពេលកន្លងមកភាគីទាំងពីរ បានរួមដៃគ្នាធ្វើការងារជាច្រើនបានយ៉ាងជោគជ័យ។ នេះបើតាមលោកស្រី ជូ ប៊ុនអេង។
លោកស្រី បានបញ្ជាក់ថា «យើងបានធ្វើការងារជាច្រើន និងទទួលបានផលល្អជាច្រើនផងដែរ។ មានការងារជាច្រើន ត្រូវអនុវត្តន៍ជាមួយគ្នា លើកិច្ចការពារកុមារ។ យើងសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារ នឹងជួយកុមារកាន់តែល្អប្រសើរ»។
តំណាងសម្តេចក្រឡាហោម ស ខេង ក៏បានសម្តែងនូវក្តីរីករាយ ចំពោះកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារផងដែរ។ លោកស្រីបន្តថា ការបង្ការ និងទប់ស្កាត់ ពិតជាមានសារៈសំខាន់ ហើយការកាត់ផ្តាច់ឫសគល់នៃបទល្មើស ប្រសើរជាងធ្វើឲ្យវាកើតឡើង ទើបដោះស្រាយ។
អង្គភាពការពារកុមារ ត្រូវបានបង្កើតឡើង ១០ឆ្នាំមកហើយ ក្រោមរចនាសម្ព័ន្ធនៃអង្គការមូលនិធិកុមារកម្ពុជា។ នេះបើតាមលោក James Mc Cabe ។
លោកបានថ្លែងបន្ថែមថា «នេះជាការចុះអនុស្សារណៈយោគយល់លើកទី៤ រវាងអង្គភាពការពារកុមារ និងនគរបាលជាតិកម្ពុជា។ ១០ឆ្នាំនេះ យើងមានឧបសគ្គជាច្រើន។ យើងបានឃើញបទល្មើសកាន់តែវិវត្តន៍។ សូមអរគុណ ដល់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ចំពោះកិច្ចសហការ»។
ទោះជាយ៉ាងនេះក្តី លោក James Mc Cabe ក៏បានលើកឡើងថា អង្គភាពការពារកុមារ បានប្តេជ្ញាសហការបង្ក្រាបបទល្មើសប្រឆាំងនឹងកុមារនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរថែមទៀត។
សូមជម្រាបថា នេះជា MoU ស្តីពីការរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌ និងយុត្តិធម៌ព្រហ្មទណ្ឌ សម្រាប់អនីតិជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២-២០២៤៕