(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកសិក្ខាសិលាអប់រំ ផ្សព្វផ្សាយការថែទាំសុខភាព ស្តីពីការយល់ដឹងពីអត្ថប្រយោជន៍ នៃការចាក់វ៉ាក់សាំងការពារជំងឺ១១មុខដល់កុមារ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ ក្រោមមូលបទ ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសមយ័ឌីជីថល។
សិក្ខាសាលា ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររាជធានីភ្នំពេញ សហការជាមួយមន្ទីរសុខាភិបាល និងមន្ទីរកិច្ចការនារី នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា ប្រធានបទនេះ មានសារសំខាន់ឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន ក្នុងគោលបំណងបន្តរំលេចតំលៃនៃការចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបាន ក្នុងការរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិសយ័។
លោកបន្តថា ក្នុងភាពជាដៃគូប្រជាពលរដ្ឋកម្ពុជា ទាំងស្ត្រី និងបុរស នឹងចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយប្រជាពលរដ្ឋ នៃបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងសកលលោក ជាពិសេសនៅក្នុងយុគសមយ័ឌីជីថល និងក្នុងរបៀបវារៈស្តារសេដ្ឋកិច្ចសង្គមក្រោយវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាការកសាងភាពធន រឹងមាំនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ពាក់ពន្ធ័នឹងទិវាអន្តរជាតិនារី ៨ មិនា លោក ម៉ប់ សារិន បន្តថា ស្ត្រីបានតស៊ូរហូតសម្រេចបានជោគជយ័ក្នុងការទាមទាការទទួលស្គាល់សិទ្ធិរបស់ស្ត្រី និងកំណត់ចេញនូវអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់រើសអើង ប្រឆាំងនឹងស្ត្រី (CEDAW) ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិស្តីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោកកាលពីថ្ងៃទី ១៨ ធ្នូ ឆ្នាំ១៩៧៩។
ចំណែកកម្ពុជា បានក្លាយជាហត្ថលេខីអនុសញ្ញានេះចាប់ពីថ្ងៃទី១៤ វិច្ឆិកាឆ្នាំ១៩៩២មក។ ចាប់តាំងពីពេលនេះមក ស្ត្រីកម្ពុជាត្រូវបានទទួលស្គាល់ពីសង្គម ស្ត្រីមានសិទ្ធិគ្រប់គ្រាន់ចំពោះមុខច្បាប់ និងត្រូវបានការពារដោយច្បាប់ ស្ត្រីមានសិទ្ធិទទួលបានការអប់រំ មានសិទ្ធិទទួលបានការងារ និងទទួលបានប្រាក់កម្រៃការងារស្មើបុរសផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពខ្ពស់ ក្នុងការជំរុញកិច្ចការពារស្ត្រី និងលើកកម្ពស់សមភាពយេនឌ័រ ដោយបានកំណត់ថា ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ៕