(ភ្នំពេញ)៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានជំរុញឲ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បង្កើនការអប់រំសិស្សានុសិស្ស នៅតាមបណ្ដាសាលារៀននានា សំដៅចូលរួមលុបបំបាត់នៅក្មេងទំនើង និងជំរុញឲ្យលោកគ្រូ អ្នកគ្រូ ប្រកាន់ភ្ជាប់ក្រមសីលធម៌ជាគ្រូបង្រៀន ឲ្យសាកសមជាមាតាទី២ របស់សិក្សានុសិស្ស។
ការលើកឡើងរបស់លោក នួន ផារ័ត្ន ធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ខណៈលោកអញ្ជើញជាអធិបតីភាព តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបិទសន្និបាទបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ឆ្នាំសិក្សា២០២១-២០២២ និងលើកទិសដៅការងារឆ្នាំសិក្សា២០២២-២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។
លោក នួន ផារ័ត្ន បានបញ្ជាក់ថា អង្គសន្និបាតនេះធ្វើឡើង ដើម្បីបន្តការកែទម្រង់វិស័យអប់រំឲ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។ វិស័យអប់រំ បើទោះបីជាក្នុងដំណាក់ការ រីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏វិស័យនេះនៅតែដំណើរការណ៍។ មន្ទីរអប់រំបានបំពេញការងារលើវិស័យអប់រំនេះ បានយ៉ាងល្អប្រសើរ ឆ្លើយតបទៅនឹងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាផែនការអប់រំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើឡើងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ឈានទៅលុបបំបាត់ភាពអក្ខរកម្មឲ្យអស់នៅរាជធានីភ្នំពេញ។
លោកបន្តទៀតថា នៅសល់តែ៦៣ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ឆ្នាំ២០២៣។ ដូច្នេះសម្រាប់សិស្សានុសិស្ស ត្រូវខិតខំហ្វឹកហាត់ ដើម្បីឈានទៅដណ្ដើមយកជ័យជំនះ ក្នុងការប្រកួតកីឡាស៊ីហ្គាមនេះ ព្រោះជាមុខមាត់របស់ប្រទេសជាតិយើង។ មន្ទីរអប់រំត្រូវលុបបំបាត់ក្មេងទំនើងនៅក្នុងសាលារៀន ពង្រឹងវិស័យអប់រំ ដោយរកវិធីសាស្រ្តកុំឲ្យសិស្សបោះបង់ការសិក្សា និងយុទ្ធនាការប្រឡងប្រណាំង។
លោក ហែម ស៊ីណារ៉ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេលមួយថ្ងៃកន្លះនេះ អង្គសន្និបាត បានដំណើរការពិភាក្សារួមគ្នាលើសេចក្តីព្រាង របាយការណ៍ ទិសដៅ និងពិភាក្សាប្រធានបទសំខាន់ៗ ចំនួន៨ ទៅតាមអនុវិស័យទាំង៦ រួមមាន៖
*ទី១៖ អនុវិស័យ ការអប់រំកុមារតូច
*ទី២៖ អនុវិស័យ ការអប់រំបឋមសិក្សា
*ទី៣៖ អនុវិស័យ ការអប់រំ មធ្យមសិក្សា និងបច្ចេកទេស
*ទី៤៖ អនុវិស័យ ការអប់រំក្រៅប្រព័ន្ធ
*ទី៥៖ អនុវិស័យ ការអភិវឌ្ឍយុវជន
*ទី៦៖ អនុវិស័យ ការអប់រំកាយ និងកីឡា គឺជាវេទិកាដ៏សំខាន់បំផុត សម្រាប់ឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចសេសសល់ ដែលយើងបានអនុវត្តកន្លងមក ដើម្បីជាមូលដ្ឋានលើកទិសដៅអនុវត្តបន្ត ដោយបើកទូលាយជូនមន្ត្រីគ្រប់គ្រង អប់រំគ្រប់លំដាប់ថ្នាក់ដៃគូអភិវឌ្ឍន៍ បានចូលរួមផ្តល់យោបល់ផងដែរ៕