(ស្វាយរៀង)៖ អគ្គិភ័យឆេះអគារមណ្ឌលកម្សាន្ដខារ៉ាអូខេ ជាន់ទី៦ ក្នុងបរិវេណកាស៉ីណូប៉ារីសបូព៌ា ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ដែលបានកើតឡើងនៅយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានរលត់ទៅវិញប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីមានកិច្ចអន្ដរាគមន៍យ៉ាងយកចិត្ដទុកដាក់ពីកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។

លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្នុងប្រតិបត្តិការជួយអន្តរាគមន៍សង្គ្រោះ និងពន្លត់អគ្គិភ័យខាងលើប្រើប្រាស់កម្លាំងសរុប ចំនួន១៩២នាក់ ក្នុងនោះកម្លាំងនគរបាល ១៣២នាក់, កម្លាំងកងរាជអាវុធហត្ថ ៥២នាក់, កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ៨នាក់ និងប្រើប្រាស់រថយន្តស្ទូច២គ្រឿង រថយន្តពន្លត់អគ្គីភ័យ១៨ គ្រឿង និងរថយន្តដឹកទឹកជំនួយ១គ្រឿង ប្រើប្រាស់ទឹកសរុប៦១រថយន្ត ទើបរលត់ទាំងស្រុង។

លោកបានបន្ថែមថា ក្នុងនោះរថយន្តពន្លត់អគ្គិភ័យ របស់នគរបាលខេត្ត ក្រុង ស្រុក ចំនួន៩គ្រឿង, កងរាជអាវុធហត្ថខេត្ត ក្រុង ចំនួន២គ្រឿង, តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ២គ្រឿង, តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ២គ្រឿង, ក្រុមហ៊ុនកាស៊ីណូម៉ុកបាយ ១គ្រឿង, រថយន្តរបស់នគរបាលស្រុកបេនកូវ ខេត្តតៃនិញ វៀតណាម ២គ្រឿង និងរថយន្តដឹកទឹកជំនួយ ១គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ គឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ព្រោះក្នុងអគារកំពុងមានការជួសជុល។ ទោះបីយ៉ាងណា សមត្ថកិច្ចមិនទាន់មានការបញ្ជាក់ពីទំហំនៃការខូចខាតសម្ភារៈនៅក្នុងបន្ទប់អគារជាន់ទី៦ នៃកាស៊ីណូប៉ារីសបូព៌ានៅឡើយទេ៕